សម្ដី​ចាក់​ទឹក​មិន​លិច! Zlatan ឆ្លើយតប​យ៉ាង​ឡូយ​ទៅ Lukaku ក្រោយ AC ឈ្នះ Inter ​ថ្ងៃ​មុន

នៅ​ជំនួប Milan Derby ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ក្លឹប Inter Milan និង AC Milan កាល​ពី​ថ្ងៃ​មុន​បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ១-២ ដោយ​គ្រាប់​បាល់​ជ័យជម្នះ​ទាំង​ពីរ​នោះ​គឺ​សម្រេច​បាន​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់ Zlatan Ibrahimovic។

ក្រោយ​ចប់​ការ​ប្រកួត​ក៏​មាន​ពាក្យ​ឌឺដង​ផ្លែផ្កា​ដែល​ចេញ​ពី​មាត់​របស់ Zlatan បាន​ផ្ញើ​ទៅ​កាន់ Romelu Lukaku ហើយ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​អ្នក​គាំទ្រ។

បុរស​វ័យ ៣៩ ឆ្នាំ​ដែល​ធ្លាប់​ចូលរួម​លេង​ឲ្យ AC Milan ចន្លោះ​ឆ្នាំ ២០១០ ដល់ ២០១២ កាល​នោះ​ធ្លាប់​ប្រកាស​ក្តែងៗ​ថា ខ្លួន​គឺ​ជា​ “ស្តេច​បាល់ទាត់​ប្រចាំ​ទីក្រុង Milan”។ លុះ​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ ២០២០ នៅ​ជំនួប​ដែល Inter ​បំបាក់ AC ក្នុង​លទ្ធផល ៤-២ ពេល​នោះ Lukaku ក៏​បង្ហោះ​រូបភាព​អម​សារ Caption មួយ​ថា៖ “ទី​បំផុត​មាន​ស្តេច​បាល់ទាត់​ថ្មី​ក្នុង​ទីក្រុង​នេះ​ហើយ” ដែល​ន័យ​នេះ​ចង់​ថា​ខ្លួន​អាច​ជំនួស​តំណែង​ស្តេច​បាល់ទាត់​របស់ Zlatan បាន។

គ្រប់​យ៉ាង​មិន​ទាន់​បញ្ចប់​ទេ ដោយ​សម្រាប់​ការ​ប្រកួត​កាល​ពី​ចុង​សប្តាហ៍​ដែល AC Milan ​យក​ឈ្នះ​ក្នុង​ទឹកដី​របស់ Inter វិញ​នោះ ក៏​ស្រាប់​តែ​កីឡាករ​ស៊ុយអែត​និយាយ​យ៉ាង​ឡូយ​លើ Twitter ថា៖ “ទីក្រុង Milan ​គ្មាន​ស្តេច​បាល់ទាត់​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​មាន​តែ​លោកព្រះ GOD” (បញ្ជាក់៖ GOD តំណាង​ឲ្យ​សាមី​ខ្លួន​ផ្ទាល់​គឺ Zlatan Ibrahimovic)៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT