Deulofeu៖ “Messi មិនមែន​ជា​កីឡាករ​ល្អ​បំផុត​នោះ​ទេ តែ​គឺ​ជា​កីឡាករ Barca រូប​នេះ”

នៅ​ពេល​ដែល​និយាយ​ដល់​ឈ្មោះ​តារា​បាល់ទាត់​ឆ្នើម​ដាច់គេ​ក្នុង​លោក ​ក្នុង​ចំណោម​នោះ​ប្រាកដ​ជា​មាន​ឈ្មោះ​របស់ Lionel Messi ​ប៉ុន្តែ​តាម​រយៈ​ការ​យល់​ឃើញ​របស់​អតីត​មិត្ត​រួម​ទ្រនំ​ចាស់ Barcelona គឺ​កីឡាករ Gerard Deulofeu ​បាន​បង្ហាញ​ការ​គិត​ខុស​ពី​នេះ។

ត្បិត​បើ​ធ្លាប់​រួម​ជើង​ជាមួយ M10 នៅ​តំបន់​ប្រយុទ្ធ​កាល​ពី​អតីតកាល ប៉ុន្តែ​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Marca កីឡាករ Deulofeu បែរ​ជា​និយាយ​ថា៖ “សម្រាប់​ខ្ញុំ Ronaldinho គឺ​ជា​កីឡាករ​ដែល​ល្អ​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ខ្ញុំ​ធ្លាប់​បាន​ជួប​គាត់ ខ្ញុំ​ធ្លាប់​បាន​ទស្សនា​ការ​ប្រកួត​នៅ​ឯ​ Camp Nou ហើយ​គាត់​អង្គុយ​បន្ទាប់​ខ្ញុំ វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ”។

និយាយ​ដល់ Messi កីឡាករ​ដែល​លេង​ឲ្យ Udinese បច្ចុប្បន្ន​ក៏​បន្ត​ថា៖ “Messi ក៏​អស្ចារ្យ​ដែរ ខ្ញុំ​ចូលចិត្ត​គាត់​ខ្លាំង​ដូច​គ្នា ដោយ​ខ្ញុំ​បាន​ឆ្លង​កាត់​ការ​លេង​រួម​ជើង​ជាមួយ​គាត់​រយៈ​ពេល ៦ ខែ​គាត់​ជា​មនុស្ស​ល្អ និង​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់”។

បញ្ជាក់​ថា​នៅ​អាជីព​បាល់ទាត់​រយៈ​ពេល ១៧ ឆ្នាំ Ronaldinho ដែល​ជា​កីឡាករ​ជំនាញ​លេង​នៅ​តំណែង​បម្រើ​ប្រយុទ្ធ និង​ស្លាប​ឆ្វេង រក​បាន ១៩៧ គ្រាប់​និង Assist ១៦២ លើក​នៅ ៥៤៣ ប្រកួត៕

ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT