Chiellini និយាយ​ពី​ស្ថានភាព Ronaldo ក្រោយ​ពេល​បាន​តេ​ទាក់ទង​គ្នា​មុន​នេះ

Giorgio Chiellini មិត្ត​រួម​ទ្រនំ​នៅ​ក្លឹប Juventus ជាមួយ Cristiano Ronaldo បាន​បង្ហើប​ពី​ស្ថានភាព​របស់ CR7 ក្រោយ​ពី​ខ្លួន​បាន​តេ​ទាក់ទង​គ្នា​តាម​រយៈ​ទូរសព្ទ ពេល CR7 តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19។

បុរស​វ័យ ៣៥ ឆ្នាំ បាន​ខកខាន​ចូលរួម​ការ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ហើយ​ទំនង​ជា​នឹង​ត្រូវ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១០ ទៅ ២១ ​ថ្ងៃ។ ក្រឡេក​ទៅ​មើល​ការ​លើក​ឡើង​របស់ Chiellini ​និយាយ​ថា៖ “Ronaldo? ខ្ញុំ​បាន​ខល​ទៅ​គាត់ គាត់​មិន​អី​ទេ ពេល​ខល​នោះ​គាត់​កំពុង​តែ​ដេក​ហាល​ខ្លួន​ក្រោម​កម្តៅ​ថ្ងៃ ​ដោយ​តាម​ពិត​ទៅ​យើង​ជា​កីឡាករ​បាល់ទាត់ យើង​ដឹង​ពី​ហានិភ័យ​នោះ​ហើយ ណាមួយ​យើង​ក៏​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី​បញ្ចៀស​វា​តាម​ដែល​អាច​ទៅ​រួច”។

លោក​បន្ថែម​ថា៖ “យើង​មិន​ភ្ញាក់ផ្អើល​នឹង​ករណី​នេះ​ទេ យើង​នឹង​បន្ត​ឆ្ពោះ​ទៅ​មុខ ព្រោះ​អ្នក​ដឹង​ស្រាប់​ហើយ​បាល់ទាត់​គឺ​ពិត​ជា​សំខាន់​សម្រាប់​មនុស្ស​រាល់​គ្នា”។

បញ្ជាក់​ថា ក្រុម​ព័រទុយហ្គាល់​នៅ​ប្រកួត​ពេល​អវត្តមាន CR7 នៅ​ការ​ប៉ះ​ស៊ុយអែត​ពួក​គេ​នៅ​បន្ត​ធ្វើ​បាន​ល្អ តាម​រយៈ​ការ​យក​ឈ្នះ ៣-០ ឯ​ណោះ៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT