Murphy៖ “បើ Man Utd យក Van de Beek អ៊ីចឹង​មាន​តែ Pogba ត្រូវ​ដើរ​ចេញ”

អតីត​កីឡាករ​ជើង​ចាស់​លោក Danny Murphy បាន​បង្ហាញ​ការ​ជឿជាក់​ថា Paul Pogba នឹង​ត្រូវ​ចាកចេញ ប្រសិន​ណា​ក្លឹប Manchester United ពិត​ជា​សម្រេច​ការ​នាំ​យក Donny van de Beek ពី​ក្លឹប Ajax ពិត​មែន​នោះ។

Van de Beek បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​មួយ នៅ​ក្លឹប Ajax ហើយ​ពីរ​រដូវ​កាល​មុន គេ​ក៏​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UCL ផង​ដែរ។

ប្រាប់​សារព័ត៌មាន talkSPORT លោក Murphy និយាយ៖ “ខ្ញុំ​កំពុង​គិត​ថា​តើ Van de Beek គេ​នឹង​ទៅ​លេង​នៅ​តំណែង​មួយ​ណា តើ​អាច​ទេ​លេង​ព្រម​គ្នា​ជាមួយ Fernandes និង​ Pogba? តើ​អ្នក​ពិត​ជា​គិត​បែប​ហ្នឹង​មែនទេ”។

លោក​សង្កត់​ធ្ងន់៖ “ខ្ញុំ​គិត​ថា Pogba នឹង​ត្រូវ​ចាកចេញ ការ​ចុះ​ហត្ថលេខា​នោះ​មាន​ន័យ​ថា Pogba ត្រូវ​ចេញ ​ខ្ញុំ​មិន​ដឹង​ថា​បែប​ណា​ទេ តែ​ដូច​មាន​អ្វី​ម្យ៉ាង​ប្រាប់​ខ្ញុំ​ថា​គាត់​នឹង​ដើរ​ចេញ ត្បិត​បើ​គាត់​អាច​លេង​ជា​លេខ ៦ តំណែង​រាង​ក្រោម​បន្តិច ​ក៏​ខ្ញុំ​ថា​គាត់​មិន​មែន​ជា​ប្រភេទ​ខ្សែ​បម្រើ​ការពារ​បែប​ហ្នឹង​ពេក​នោះ​ដែរ ​ព្រោះ​គាត់​ចូលចិត្ត​ផ្លាស់​មក​ប្រអប់​គ្រោះថ្នាក់ ដើម្បី​សម្រេច​ទី”៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT