ត្រឹម ១ ​ថ្ងៃ​មាន​សំឡេង​ជិត ១៥ មុឺន​នាក់​ដាក់​ញត្តិ​ទាមទារ​ឲ្យ Ballon d’Or ត្រលប់​មក​វិញ

B/R Football ដែល​ជា​ទំព័រ​ព័ត៌មាន​បាល់ទាត់​ដ៏​ល្បី​ឈ្មោះ​មួយ ​កាល​ពី​ថ្ងៃ​ទី ២៤ ​សីហា​កន្លង​ទៅ​នេះ បាន​ប្រកាស​ដាក់​សំណើ​ទៅ​កាន់​គេហទំព័រ Change.org (ជា​គេហទំព័រ​ដាក់​ញត្តិ​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​រឿង​អ្វី​មួយ) ពាក់ព័ន្ធ​នឹង​ការ​ចង់​បាន​ព្រឹត្តិការណ៍​ Ballon d’Or នៅ​ឆ្នាំ ២០២០ នេះ​ឡើង​វិញ។

សរសេរ​ត្រួសៗ​ក្នុង​ញត្តិ​ដែល​ប្រមូល​ផ្តុំ​ដោយ​អ្នក​គាំទ្រ បាន​ចូលរួម​ជិត ១៥ មុឺន​នាក់​ត្រឹម​រយៈ​ពេល ១ ​ថ្ងៃ​នោះ BR/Football បាន​បញ្ជាក់​ថា៖ “ត្បិត​ឆ្នាំ ២០២០ ជា​ឆ្នាំ​ដ៏​លំបាក​មួយ​សម្រាប់​អ្នក​រាល់​គ្នា ហើយ​ការ​រំសាយ​ចោល​របស់ France Football ក៏​ជា​បញ្ហា​ដែល​ពួក​យើង​យល់​ផង​ដែរ ប៉ុន្តែ​ចាប់​តាំង​ពី​បាល់ទាត់​ត្រលប់​មក​វិញ គឺ​កីឡាករ​កំពូល​ទាំង​អស់​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​រីករាយ​នឹង​ការ​លេង​របស់​ពួក​គេ​ជា​ខ្លាំង”។

ប្រភព​សរសេរ​បន្ថែម៖ “Immobile ក្លាយ​ជា​អ្នក​ឈ្នះ​ពាន​ស្បែក​ជើង​មាស ស្រប​ពេល​ដែល​ Liverpool លើក​ពាន PL ខកខាន​អស់ ៣០ ឆ្នាំ ហើយ Neymar ​នាំ​ PSG ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UCL ជា​លើក​ដំបូង រី​ឯ Ronaldo/Messi បន្ត​ការ​លេង​ដ៏​ល្អ​របស់​ពួក​គេ​នៅ​កម្រិត​លើស​អាយុ ៣០ ​ឆ្នាំ ហើយ Bayern Munich ទើប​ឈ្នះ​ពាន UCL ជាមួយ​ម៉ាស៊ីន​ស៊ុត Lewandowski និង​ជា​ពាន​ ៣ នៅ​មួយ​រដូវ​កាល​ទៀត​ផង”។

កីឡាករ​ទាំង​នេះ​សក្តិសម​នឹង​ទទួល​បាន​ការ​ឲ្យ​តម្លៃ អំពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ក្នុង​កំឡុង​ពេលវេលា​ដ៏​លំបាក​មួយ​នេះ៕

ប្រភព៖ Change.org

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT