គ្រូ Sevlla ​ថា​ដល់ពេល​គិត​រឿង​ឈ្នះ​ពាន​រង្វាន់ Europa League ​ហើយ​

​លោក ​ Julen Lopetegui ​បាន​បញ្ជាក់​ថា​នៅ​ពេល​នេះ​ដល់​ពេល​ដែល​ត្រូវ​គិត​ពី​រឿង​ឈ្នះ​ពាន​រង្វាន់​ហើយ ​ក្រោយ​ពី​អាច​យក​ឈ្នះ​លើ​ក្រុម Man Utd ​បាន​នៅ​យប់មិញ​នេះ​។​ក្រុម​អេស្ប៉ាញ​ខាង​លើ​បាន​ទម្លាក់​ក្រុម Man Utd ​បាន​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ក្នុង​លទ្ធផល ២-១។ ​ក្រោយ​ពី​អាច​យក​ឈ្នះ​បាន​ហើយ ​លោក Julen ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បញ្ជាក់​ថា​នៅ​ពេល​នេះ​ជា​ពេល​ដែល​ត្រូវ​គិត​ដល់​ពាន​រង្វាន់​ហើយ ត្បិត​អី​ក្រុម​របស់​លោក​កំពុង​បង្ហាញ​សមត្ថភាព​គ្រប់គ្រាន់​ហើយ។ ក្រុម Sevilla ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​នឹង​ត្រូវ​ប៉ះ​ក្រុម Inter Milan ​ឬ​ Shakhtar Donetsk ​ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​យប់​នេះ​។

អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​៖ “ Man Utd កំពុង​មាន​ទម្រង់​លេង​មួយ​ដែល​ល្អ​បំផុត​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ។ ​តែ​យើង​អាច​គ្រប់គ្រង​ស្ថានភាព​បាន និង​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​យក​ជ័យជម្នះ។  ​ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​កូន​ក្រុម ​អ្នក​គាំទ្រ ហើយ​វា​ដល់​ពេល​ដែល​យើង​ត្រូវ​គិត​ពី​ពាន​រង្វាន់​ហើយ”៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT