ឈឺ​ដូច​ថ្ម​ធ្លាក់​សង្កត់! បរាជ័យ​ធំៗ ៤ ដែល Barcelona ជួប​នៅ​បួន​ឆ្នាំ​ចុងក្រោយ

ក្រោយ​រង​ភាព​អាម៉ាស់​នៅ​លទ្ធផល ៨-២ ទល់ Bayern Munich ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចេញ​របស់ Barcelona ទំនង​នឹង​ក្លាយ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មួយ​ប្រចាំ UEFA Champions League រដូវ​កាល​នេះ។

Barcelona បាន​ខកខាន​ជា​ច្រើន​លើក​ច្រើន​សារ នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ខណៈ​ដែល​ពាន​អឺរ៉ុប​លើក​ចុង​ក្រោយ​ដែល​ក្រុម​បាន​ឈ្នះ ខកខាន​តាំង​ពី​ ៥ ឆ្នាំ​មុន​មក​ម្ល៉េះ។ តាម Sportskeeda បាន​បង្ហាញ​ភាព​ឈឺចាប់​ធំៗ ៤ លើក នៅ​រយៈ​ពេល​បួន​ឆ្នាំ​ចុង​ក្រោយ ដែល​អ្នក​មាន​បុណ្យ​ធ្លាប់​ជួប​ប្រទះ៖

៤) Juventus ៣-០ Barcelona រដូវ​កាល ២០១៦/១៧


នៅ​រដូវ​កាល ២០១៦/១៧ គ្រា​នោះ​បើ​និយាយ​ពី​វគ្គ ១៦ ក្រុម ក្លឹប Barcelona បាន​បង្កើត​អភិនិហា​ដ៏​អស្ចារ្យ ក្រោយ​យក​ឈ្នះ​លើ PSG នៅ​លទ្ធផល ៦-១ នា​ជើង​ទី ២ ពោល​គឺ​ផ្តួល​ក្រុម​បារាំង​ឲ្យ​ធ្លាក់​ចេញ​ទាល់​តែ​បាន ត្បិត​បើ​ជើង​ទី ១ PSG ស៊ី​មុន ៤-០ ក៏​ដោយ។

លុះ​ឆ្លង​ដល់​វគ្គ​បន្ទាប់​ជាមួយ Juventus អ្នក​មាន​បុណ្យ​បែរ​ជា​ទទួល​លទ្ធផល​មិន​ល្អ​វិញ ដោយ​ជើង​ទី ១ ត្រូវ​ម្ចាស់​ដី​លុត ៣-០ ស្វាគមន៍ ហើយ​ជើង​ទី ២ ធ្វើ​អ្វី​សេះ​បង្កង់​មិន​ចេញ បាន​ត្រឹម​ហាល​អាវ​ត្រលប់​ទៅ​ផ្ទះ។

៣) AS Roma ៣-០ Barcelona រដូវ​កាល ២០១៧/១៨


វា​ជា​រឿង​ដែល​មិន​នឹក​ស្មាន​មួយ ដែល​ក្រុម​ខ្លាំង​នៅ​អេស្ប៉ាញ​មក​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម AS Roma របស់​អ៊ីតាលី។ នៅ​ជើង​ទី ១ អ្នក​មាន​បុណ្យ​នាំ​មុខ ៤-១ លុះ​ដល់​ជើង​ទី ២ Roma លុត​វិញ ៣-០ ត្បិត​សរុប​លទ្ធផល​គ្រាប់​បាល់​ស្មើ ប៉ុន្តែ Roma មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​មួយ​គ្រាប់។

២) Liverpool ៤-០ Barcelona រដូវ​កាល ២០១៨/១៩


ជាមួយ​ Liverpool ឆ្នាំ​ទៅ ក៏​កាន់​តែ​ឈឺ​ចាប់ នោះ​ការ​វាយបក​មិន​នឹក​ស្មាន​ដល់ ខណៈ​ដែល​ជើង​ទី ១ Barcelona យក​ឈ្នះ ៣-០ យ៉ាង​ផុយ​ទៅ​ហើយ តែ​បែរ​ជា​ជើង​ទី ២ នៅ​ឯ​ទឹកដី​មរណៈ Anfield ​ក្រុម​អង់គ្លេស​បង្ហាញ​ទម្រង់​លេង​ល្អ​ហួស យក​ឈ្នះ​ក្រុម​អេស្ប៉ាញ ៤-០ វិញ ហើយ​វា​ក៏​ជា​ឆ្នាំ ដែល Barca ជួយ​បើក​ផ្លូវ​ឲ្យ​ហង្ស​ស្គាល់​រសជាតិ​ពាន UCL ក្រោយ​ខកខាន​ ១៤ ​ឆ្នាំ​ផង​ដែរ។

១) Barcelona ២-៨ Bayern Munich រដូវ​កាល ២០១៩/២០


ទើប​កើត​ឡើង​ថ្មីថ្មោង ដែល​ឆ្នាំ​នេះ​គឺ​ប្រកួត​តែ​មួយ​ជើង​ប៉ុណ្ណោះ ធ្វើ​ឡើង​នៅ​ទឹកដី​ប្រទេស​ព័រទុយហ្គាល់ ហើយ​វា​ក៏​ជា​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​បន្ថែម​ទៀត កប់​ឈ្មោះ Barcelona ឲ្យ​កាន់​តែ​ធ្លាក់​ក្នុង​ស្ថិតិ​អាក្រក់។

៨-២ ក្លាយ​ជា​ប្រធានបទ​គ្រាប់​បាល់​ផ្ទុះ​ការ​ជជែក​វែកញែក​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​អ្វី​ដែល​កាន់​តែ​អាម៉ាស់​គឺ Pihlippe Coutinho ដែល​ជា​អ្នក​រក​បាន​ ២ គ្រាប់ ជា​អតីត​កីឡាករ​ដែល​ក្រុម​បោះបង់​នោះ មក​ក្លាយ​ជា​ចំណែក​សំខាន់​ផ្តួល Barca នៅ​យប់​នោះ​ផ្ទាល់​តែ​ម្តង៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT