រឿង ៤ យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង មុន Barcelona ជួប Bayern Munich ​នៅ​វគ្គ ៨ ក្រុម​ថ្ងៃ​សៅរ៍​នេះ

ក្នុង​ចំណោម​គូ​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ UEFA Champions League នឹង​មាន​ជំនួប​ដ៏​ក្ដៅ​គគុក​មួយ រវាង Barcelona និង Bayern Munichត្រូវ​តតាំង​គ្នា​នៅ​ថ្ងៃ​សោរ៍ ទី ១៥ ​សីហា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត CTS Sports ​បង្ហាញ​រឿង​សំខាន់ ៤ យ៉ាង​ដែល​អ្នក​គាំទ្រ​គួរ​ដឹង ​ដើម្បី​ញាំង​ឲ្យ​ការ​ទស្សនា​ ការ​ប្រកួត​ដ៏​ពិសេស​នោះ​កាន់​តែ​ជក់ចិត្ត​ដិតអារម្មណ៍។

៤) ជា​ក្រុម​ដែល​ឈ្នះ​ពាន UCL ៥ សម័យ​កាល​ដូច​គ្នា


ក្រុម​ទាំង​ពីរ​សុទ្ធ​សឹង​ជា​ក្រុម​ដែល​បាន​ឈ្នះ​ពាន​អឺរ៉ុប​ UEFA Champions League ឬ European Cup ចំនួន ៥ លើក​ដូច​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​លើក​ចុង​ក្រោយ​ដែល Bayern ឈ្នះ​នៅ​ឆ្នាំ ២០១៣ រី​ឯ​លើក​ចុង​ក្រោយ​របស់ Barcelona នៅ​ឆ្នាំ ២០១៥។

៣) ស្ថិតិ​និង​ការ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ


Barcelona ធ្លាប់​ជួប​ក្រុម Bayern Munich ចំនួន ១០ លើក ក្នុង​នោះ​ទទួល​បាន​ជ័យជម្នះ ២ លើក ស្មើ ២ លើក និង​បរាជ័យ ៦ លើក។ រាប់​តែ​នៅ UCL សុទ្ធ ​ក្រុម​អាល្លឺម៉ង់​មាន​ភាគរយ​ឈ្នះ​ទៅ​លើ​ក្រុម​អេស្ប៉ាញ​ច្រើន​ជាង ដោយ​ធ្លាប់​ប៉ះ​គ្នា ៤ ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ២ ប្រកួត​នៅ​វគ្គ ៨ ក្រុម និង ២ ប្រកួត​នៅ​វគ្គ​ចែក​ពូល។

ប៉ុន្តែ​នៅ​វគ្គ ៨ ក្រុម​នេះ​ផ្ទាល់​ក្លឹប​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ប្រកួត​ពីរ​ជើង​ម្តង នៅ​រដូវ​កាល ២០០៨/០៩ ហើយ​ជា​លទ្ធផល​គឺ Barcelona យក​ឈ្នះ​សរុប​គ្រាប់​បាល់ ៥-១។ លើក​ចុង​ក្រោយ​ក្រុម​ទាំង​ពីរ​ជួប​គ្នា​កើត​ឡើង​កាល​ពី​ ៥ ឆ្នាំ មុន​ពេល​ក្លឹប​កាតាឡាន់​យក​ឈ្នះ​ Bayern សរុប​ ៦-២ ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ UCL។

ដោយឡែក​មក​មើល​ស្ថិតិ​នៅ​រដូវ​កាល ២០១៩/២០ សម្រាប់​ក្របខ័ណ្ឌ UCL ផ្ទាល់ គឺ Bayern នាំ​មុខ​ដាច់​តែ​ម្តង​ទាំង​ការ​រក​គ្រាប់​បាល់​មាន​ដល់ ៣១ គ្រាប់ ហើយ​ការ​ស៊ុត​ចំ​គោលដៅ​សរុប​មាន ៧៧ លើក និង​ឈ្នះ​ទាំង ៨ ប្រកួត​ដែល​បាន​ឆ្លង​កាត់ ធៀប​នឹង Barcelona រក​បាន​តក់ៗ​ត្រឹម ១៣ គ្រាប់ និង​ឈ្នះ ៥ ស្មើ ៣។

២) ការ​ប្រៀបធៀប​សមាសភាព​កីឡាករ

នៅ​តំបន់​ការពារ សម្រាប់ Barcelona កីឡាករ​ដែល​ជា​ក្តី​សង្ឃឹម​ធំ​បំផុត​នោះ​គឺ Gerard Pique និង Sergio Busquets ស្រប​ពេល​ដែល Bayern Munich រយៈ​ពេល​ចុង​ក្រោយ​គូ​ប្រជែង​ភាគ​ច្រើន​បារម្ភ​ខ្លាំង​ជាមួយ​យុវជន​ឡើង​ជើង Alphonso Davies និង Joshua Kimmich។ តាម​ភាព​ជាក់ស្ដែង​គេ​មើល​ឃើញ​ថា​ប្រព័ន្ធ​ការពារ​របស់ Bayern មានប្រៀបជាង Barcelona។

រំកិល​ឡើង​ផុត​ទៅ​តំបន់​ប្រយុទ្ធ ក៏​ជា​រឿង​ដែល​ត្រូវ​ជជែក​គ្នា​ផង​ដែរ ជា​ពិសេស​គឺ Lionel Messi និង Robert Lewandowski សុទ្ធ​សឹង​តែ​ធ្វើ​បាន​ល្អ​ប្រហែល​គ្នា​នា​រដូវ​កាល ២០១៩/២០ នេះ។ ចាក់​ឲ្យ​ស៊ី​ជម្រៅ​បូក​បញ្ចូល​គ្រាប់​បាល់​នៃ​ខ្សែ​ប្រយុទ្ធ​ពីរ​រូប​របស់​ក្រុម​នីមួយៗ​គឺ Bayern មាន Lewandowski+Gnabry សរុប​រក​បាន ៧៣ គ្រាប់​ហើយ រី​ឯ​ Barca ​មាន​មិត្ត​យល់​ចិត្ត Messi+Suarez សរុប​ទើប​រក​បាន ៥១ គ្រាប់​ប៉ុណ្ណោះ (នេះ​ជា​គ្រាប់​បាល់​គ្រប់​ការ​ប្រកួត​ក្នុង​និង​ក្រៅ​លីគ)។ ជា​រួម​នៅ​តំបន់​ប្រយុទ្ធ​ក៏អាច​ថា Bayern មាន​ប្រៀប​ជាង Barcelona ផងដែរ។

១) កំណត់ត្រា​ដែល​អាច​នឹង​កើត​ឡើង


ប្រសិន​ណា Barcelona ទទួល​ជោគជ័យ​នោះ ពួក​គេ​នឹង​អាច​ឡើង​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ ​ពីរ​រដូវ​កាល​ជាប់​គ្នា ដែល​ខកខាន​កើត​មាន​តាំង​ពី​ចន្លោះ​ឆ្នាំ ២០០៨-២០១៣។

ផ្ទុយ​ទៅ​វិញ​ប្រសិន Barcelona រង​បរាជ័យ នោះ Bayern នឹង​បន្ត​ឈរ​កំណត់ត្រា​ជា​ក្រុម​តែ​មួយ​គត់​ដែល​ផ្តល់​បរាជ័យ​ច្រើន​បំផុត​ដល់​ក្រុម Barcelona ដោយ​ស្ថិតិ​កន្លង​មក​រុញ​ឲ្យ​ Barca ចាញ់ ៥ លើក​ទៅ​ហើយ​នោះ។

មួយ​ផ្សេង​ទៀត​សម្រាប់​កីឡាករ​ផ្ទាល់ គឺ Lewandowski ​គេ​មាន ៦៦ គ្រាប់​ទើប​យក​ឈ្នះ Benzema នាម​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ UCL ហើយ​ក៏​មាន​ឱកាស​បន្ត​ស្វែងរក​គ្រាប់​បាល់​នាំ​មុខ Raul ឈរ​ជា​កីឡាករ​លំដាប់​ទី ៣ ដោយ​អតីត​វីរបុរស​ Madrid ធ្វើ​បាន ៧១ គ្រាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT