ជំនួប​វិល​ឡើង​សង្វៀន​លើក​ដំបូង​របស់ Mike Tyson លើក​ពេល​មក​ខែ​វិច្ឆិកា​វិញ​

ការ​រង់ចាំ​អស់​រយៈ​ពេល​ជា​យូរ សម្រាប់​ជំនួប​នៃ​ការ​វិល​ឡើង​សង្វៀន​លើក​ដំបូង​របស់ Mike Tyson ទី​បំផុត​ត្រូវ​បាន​ប្រកាស​ថា​ពន្យារពេល​ដល់​ខែ​វិច្ឆិកា​វិញ​ហើយ ពោល​គឺ​បន្ថែម​ពី​ពេល​មុន​ដែល​ថា​នឹង​បើក​ការ​តតាំង​នៅ​ទឹកដី​អាមេរិក​នា​ខែ​កញ្ញា​ខាង​មុខ​នេះ។

Tyson ដាក់​កាលបរិច្ឆេទ​ដំបូង ត្រូវ​តតាំង​ Roy Jones Jr នៅ​ថ្ងៃ​ទី ១២ ​កញ្ញា ហើយ​បន្ទាប់​ពី​ដំណឹង​នេះ​លេចលឺ ​ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ហាក់​សប្បាយ​ចិត្ត​ជា​ខ្លាំង ព្រោះ​ខកខាន​មើល Tyson ឡើង​សង្វៀន​រយៈ​ពេល ១៥ ឆ្នាំ​មក​ហើយ។

ប្រភព​សារព័ត៌មាន​ក្រៅ​ស្រុក​បាន​ឲ្យ​ដឹង​ថា កាលបរិច្ឆេទ​ថ្មី​ទំនង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៨ ​វិច្ឆិកា។ ហេតុផល​នៃ​ការ​ពន្យារពេល​​នេះ គឺ​ផ្តួចផ្តើម​ឡើង​ពី​ក្រុម​ខាង​លើ Mike Tyson ដែល​មាន​គោលបំណង​ចង់​បង្កើន​ប្រាក់​ចំណូល ហើយ​ក្រោយ​ជជែក​ជាមួយ​ភាគី​ខាង​លោក Roy Jones ក៏​មាន​ការ​យល់ស្រប​ផង​ដែរ។

បញ្ជាក់​ថា​នេះ​ជា​ការ​ប្រកួត​ដែល​ប្រើប្រាស់​រយៈ​ពេល ៨ ទឹក ហើយ​ក៏​មាន​ពាក់​នូវ​ឧបករណ៍​ការពារ​ក្បាល​ផង​ដែរ។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់ចិត្ត​មួយ ព្រោះ​ទាំង​សងខាង​សុទ្ធ​តែ​ជា​ខ្ញី​ចាស់​មាន​អាយុ​ច្រើន​ជាង ៥០ ឆ្នាំ​ហើយ​នោះ៕

ប្រភព៖ GiveMeSports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT