ភ្នាក់ងារ​របស់ Ronaldo នឹង​ឆ្លៀត​ជួប​ចរចា​ជាមួយ PSG ពេល​ហោះ​មក​ប្រកួត​នៅ​ព័រទុយហ្គាល់

នា​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ UCL ក្លឹប​បារាំង Paris Saint-Germain នឹង​ហោះ​មក​ប្រកួត​នៅ​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់ ហើយ​ឆ្លៀត​ឱកាស​នេះ ភ្នាក់ងារ​រត់ការ​របស់​កីឡាករ Cristiano Ronaldo គឺ​លោក Jorge Mendes ក៏​នឹង​ឆ្លៀត​ចូល​ចរចា​ជាមួយ​នាយក​ជាន់​ខ្ពស់​របស់​ក្លឹប​បារាំង​ផង​ដែរ។

តាម​របាយការណ៍​ពី Foot Mercato ចុះ​ផ្សាយ​ថា Mendes នឹង​ពិភាក្សា​ជាមួយ PSG អំពី​លទ្ធភាព​ក្នុង​ការ​នាំ​យក CR7 ចេញ​ពី​ទឹកដី​អ៊ីតាលី បន្ទាប់​ពី​ Juventus រង​បរាជ័យ​ក្រោម​ថ្វី​ជើង Lyon កាល​ពី​ពេល​ថ្មីៗ។

បញ្ជាក់​ថា​កន្លង​មក​ក៏​ល្ហៀងៗ​ថា Ronaldo គិត​ចង់​ចាកចេញ​ទៅ PSG ដែរ ពោល​តាំង​ពី​ដើម​ឆ្នាំ ២០២០ មុន​ផ្ទុះ​ជំងឺ​រាតត្បាត​ COVID-19 ​មក​ម្ល៉េះ តែ​មួយ​រយៈ​ក្រោយ​ហាក់​ស្ងប់ស្ងាត់​ទៅ​វិញ ប៉ុន្តែ​ដោយ​មើល​ឃើញ​ពី​បរាជ័យ​នៅ UCL លឿន​ពេក​នេះ​ថែម​ទៀត ទំនង​រុញ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ​កាន់​តែ​ឆាបឆួល​បន្ថែម​ហើយ។

រដូវ​កាល ២០១៩/២០ Ronaldo បាត់បង់​ឱកាស​ឈ្នះ​ពាន​ជាមួយ​ក្លឹប ទាំង​នៅ Coppa Italia និង Suppercoppa Italiana ហើយ​នៅ UCL ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម រី​ឯ​នៅ Serie A នាំ​មុខ​ Inter តែ​ ១ ពិន្ទុ​ប៊ិះ​តែ​នឹង​អត់​ពាន​កាន់​ថែម​ទៀត៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT