Lampard ​៖​យើង​ត្រូវ​តែ​មាន​អ្វី​ពិសេស ទើប​អាច​ឈ្នះ Bayern Munich ​បាន​

​ក្រុម Chelsea ​នឹង​ត្រូវ​ទៅ​ប្រកួត​ជាមួយ​ក្រុម Bayern Munich ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​២​នៃ​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម​របស់​លោក Lampard ​កាល​ពី​លេង​នៅ​ជើង​ទី​១​កន្លង​ទៅ​នៅ​ទឹក​ដី​អង់គ្លេស ​បាន​ភ្លាត់​ចាញ់​ក្រុម​ខ្លាំង​អាល្លឺម៉ង់​ដល់​ទៅ​៣-០ ​ទៅ​ហើយ។ ដូច្នេះ​នៅ​ជើង​ទី​២​រាត្រី​នេះ ​ពិត​ជា​តឹងតែង​ខ្លាំង​ណាស់​សម្រាប់​ពួកគេ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ។ ដោយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឈ្នះ ៤-០ ​ឱ្យ​បាន​ឬ​រក​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​នេះ​ទៀត ដើម្បី​ឆ្លង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​អ្នក​ចាត់ការ Lampard ​បាន​និយាយ​ថា​៖ “យើង​មក​ទឹក​ដី​អាល្លឺម៉ង់​នេះ ដើម្បី​ឆក់​យក​ឱកាស​ទៅ​លេង​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ វា​ជា​រឿង​ពិបាក​មួយ ​ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​ទៅ​រួច ​វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ។ យើង​ត្រូវ​តែ​មាន​អ្វី​ពិសេស​ទើប​អាច​យក​ឈ្នះ​ក្រុម Bayern Munich ​បាន”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT