Bale ​និង James ​មិន​មាន​ឈ្មោះ​ក្នុង​ក្រុម Real Madrid ​លេង​ទល់ Man City ​ទេ​

​ខ្សែ​ប្រយុទ្ធ Gareth Bale ​និង James Rodriguez ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម Real Madrid ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម Manchester City ​នៅ​យប់​ថ្ងៃ​សុក្រ​ស្អែក​នេះ​នោះ​ទេ​។

​Bale ​និង James ​បាន​មក​ហាត់​ជា​ធម្មតា​នៅ​ក្នុង​ក្រុម​កាល​ពី​ពេល​កន្លង​ទៅ​នេះ ប៉ុន្តែ​បើ​តាម​បញ្ជី​ឈ្មោះ​ដែល​ក្លឹប​បញ្ជាក់ គឺ​មិន​មាន​កីឡាករ​ទាំង​ពីរ​នាក់​នេះ​ទេ ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស។ ​ដោយ​នេះ​បាន​បញ្ជាក់​ថា​ទំនាក់ទំនង​រវាង​កីឡាករ​ទាំង​ពីរ ​និង​អ្នក​ចាត់ការ Zidane ​បាន​ឈាន​ដល់​ទី​បញ្ចប់​ទៅ​ហើយ។ ​លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម ​បាន​បញ្ចូល​ឈ្មោះ​កីឡាករ​ក្មេង​ៗ​ក្នុង​ក្រុម​ជំនួស​ពួកគេ​ទាំង​ពីរ។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល ​និង​កូឡុំប៊ី​ខាង​លើ​ទាំង​ពីរ​នេះ​ដែរ ​កាល​ពី​ចុង​រដូវ​កាល​កន្លង​ទៅ​នេះ ​ក៏​ពួកគេ​មិន​មាន​ឈ្មោះ​លេង​ដែរ។ Bale ​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង ​ខណៈ​ដែល James ​វិញ ​មិន​មាន​ឈ្មោះ​តែ​ម្ដង ដោយ​សាមី​ខ្លួន​សុំ​មិន​បាច់​បញ្ចូល​ឈ្មោះ​គេ​ទេ បើ​សិន​ជា​មិន​ដាក់​ឱ្យ​លេង​ដដែល៕ប្រភព Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT