ក្រុម​ធំៗ​ប្រឈម​អវត្តមាន​កីឡាករ​ណា​ខ្លះ នៅ UCL ដែល​ត្រលប់​មក​វិញ​ខែ​ក្រោយ​នេះ?

ការ​ប្រកួត UEFA Champions League នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី ៧ សីហា​ខាង​មុខ​នេះ ដោយ​កីឡាករ​សំខាន់ៗ​ជា​ច្រើន​អាច​នឹង​ត្រូវ​អវត្តមាន ក្រោយ​រង​បញ្ហា​របួស​នៅ​ប្រកួត​នា​រយៈ​ពេល​ចុង​ក្រោយ។

ក្នុង​នោះ PSG គឺ​មាន​ដំណឹង​ច្បាស់ការ​ហើយ​ថា Kylian Mbappe នឹង​ត្រូវ​ខកខាន​ការ​ប្រកួត​ទល់ Atalanta ស្រប​ពេល​ដែល Man City ត្រូវ​ខូច​ជើង​ Sergio Aguero ជា​កីឡាករ​លេង​នៅ​តំណែង​ប្រយុទ្ធ​ដ៏​សំខាន់ ហើយ​ក្រុម​ដែល​ត្រូវ​តតាំង​គឺ Real Madrid កំពុង​មិន​ទាន់​ប្រាកដប្រជា​ពី​វត្តមាន​របស់ Eden Hazard ក្រោយ​រង​របួស​ក​ជើង។

ដោយ​ឡែក​សម្រាប់ Atletico Madrid ដែល​ត្រូវ​តតាំង​ជាមួយ​ក្លឹប RB Leipzig នា​វគ្គ ៨ ក្រុម​ចុង​ក្រោយ ក៏​ទំនង​ជា​ត្រូវ​អវត្តមាន​ខ្សែ​បម្រើ​ដ៏​សំខាន់​នោះ​គឺ Thomas Partey។ ក្រឡេក​ទៅ​មើល Barcelona គឺ Ousmane Dembele និង Samuel Umtiti ប្រហែល​នឹង​មិន​អាច​បង្ហាញ​ខ្លួន​បាន​ទេ ដូច​គ្នា​ទៅ​នឹង Clement Lenglet ដែល​រង​របួស​ក្រលៀន រុញ​ឲ្យ​ការ​រៀប​ប្រព័ន្ធ​ការពារ​ក្រោម​ការ​ដឹកនាំ​របស់ Setien អាច​ជា​ពិបាក​ខ្លាំង។

ចំណែក​ឯ​ Bayern Munich ត្បិត​បើ​កំពុង​ឡើង​កូដ​ខ្លាំង តែ​តំណែង​ការពារ​ក៏​អាច​នឹង​ចន្លោះ​ប្រហោង Benjamin Pavard ផង​ដែរ បន្ទាប់​ពី​រង​របួស​ក​ជើង​នៅ​អំឡុង​ពេល​ហ្វឹកហាត់​កន្លង​ទៅ។ ចុងក្រោយ​គឺ Juventus ពាក់ព័ន្ធ Paulo Dybala ក៏​ធ្វើ​ឲ្យ​គ្រប់​គ្នា​កំពុង​ព្រួយ​បារម្ភ ក្រោយ​ពេល​ដែល​គេ​ត្រូវ​ប្តូរ​ចេញ​នៅ​ប្រកួត​ប៉ះ Sampdoria ហើយ​ទំនង​ជា​មិន​ស្រួល​នៅ​ផ្នែក​ជើង​ខាង​ឆ្វេង៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT