Espanyol ​ធ្លាក់​ចេញ​ពី La Liga ​ជា​ផ្លូវការ​ហើយ ​ក្រោយ​ឈរ​ជើង​នៅ​ទី​នេះ​២៧​ឆ្នាំ​

​ក្រោយ​ពី​ចាញ់​ក្រុម Barcelona ​នៅ​យប់មិញ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Espanyol ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ La Liga ​ជា​ផ្លូវ​ការ​ហើយ ​បើ​ទោះ​ជា​សល់​ការ​ប្រកួត​៣​ប្រកួត​ទៀត​ក៏​ដោយ។

​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក ​ក្រុម​ Espanyol ​បាន​ចូល​ខ្លួន​មក​លេង​នៅ​លីគ​កំពូល​អេស្ប៉ាញ​ជាប់​រហូត​ក្នុង​រយៈ​ពេល​២៧​ឆ្នាំ​មក​ហើយ។ ​អំឡុង​ពេល​នេះ ​ក្លឹប​មួយ​នេះ​បាន​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹក​នាំ​និង​កីឡដ្ឋាន​ប្រកួត​ជា​ច្រើន ​ដោយ​បច្ចុប្បន្ន​នេះ​សេដ្ឋី​ចិន​ជា​អ្នក​កាន់​កាប់​ភាគរយ​ស្ទើរ​តែ​ទាំង​ស្រង់​តែ​ម្ដង។ ​តែ​គួរ​ឱ្យ​ស្ដាយ​ក្នុង​រដូវ​កាល​នេះ ​ពួកគេ​បាន​ធ្លាក់​ចេញ​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​២​ហើយ។ រដូវ​កាល​នេះ ពួកគេ​ផ្លាស់​ប្ដូរ​គ្រូ​បង្វឹក​ដល់​ទៅ​៣​នាក់​ឯ​ណោះ តែ​នៅ​តែ​មិន​អាច​ជួយ​ស្រោចស្រង់​ក្រុម​បាន។​

​នេះ​ជា​ប្រវត្តិសាស្ត្រ​អាក្រក់​មួយ​សម្រាប់​ក្លឹប​មួយ​នេះ ​ដែល​ដំបូង​មក​ក៏​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​នឹង​គេ​ដែរ។ ​Espanyol ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Copa del Rey ​បាន​៤​ដង ​និង​ជើង​ឯក​រង​បាន​៥​ដង។ ខណៈ​ដែល​ពាន UEFA Cup ឬ​បច្ចុប្បន្ន​ហៅ​ថា Europa League ​វិញ​ធ្លាប់​បាន​លេខ​២​ចំនួន​២​ដង​ផង​ដែរ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT