Sarri ​ថា​កាល​វិភាគ​លេង​ញឹក​ពេក ​ទើប Juventus ​លេង​ខ្សោយ​ចុង​ម៉ោង

​ក្រុម Juventus ​លេង​ចាញ់​ក្រុម AC Milan ​នៅ​ចុង​ម៉ោង ​ក្នុង​លទ្ធផល ​៤-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Serie A ​សប្ដាហ៍​ទី​៣១​នៅ​យប់មិញ​នេះ​។

ក្រុម​សេះ​បង្កង់​លេង​ល្អ​នៅ​៦០​នាទី​នៃ​ការ​ប្រកួត ​ដោយ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​បាន​២​គ្រាប់ ​ដោយ​ Rabiot និង Cristiano Ronaldo។ តែ​រយៈ​ពេល​៣០​នាទី​ចុង​ក្រោយ​វិញ ​ពួកគេ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ​ដោយ​កីឡាករ​ក្រុម Juventus ​ទាំង​អស់​ហាក់​ដូចជា​ហត់​នឿយ ​និង​បាត់​បង់​ស្មារតី​ប្រកួត​ទៅ​ហើយ។ ​កត្តា​នេះ​ធ្វើ​ឱ្យ AC Milan ​មាន​ឱកាស​ស្វែង​រក​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់ ​រហូត​វាយ​បក​ឈ្នះ​វិញ​បាន ៤-២​ឯ​ណោះ។

​សម្រាប់​រឿង​នេះ​ដែរ ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Juventus ​បាន​និយាយ​ថា​វា​មិន​ចម្លែក​នោះ​ទេ ​នៅ​ពេល​ក្រុម​មួយ​លេង​ញឹក​គ្នា​ខ្លាំង​ពេក ​៣​ថ្ងៃ​២​ប្រកួត​នោះ។ ​កូន​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​៦០​នាទី ប៉ុន្តែ​បន្ទាប់​មក​ទៀត​ពួកគេ​ជា​ពិសេស​តំបន់​ការពារ​បាន​បាត់​បង់​ស្មារតី​ប្រកួត​ទៅ​ហើយ ទើប​ធ្វើ​ឱ្យ​ដៃ​គូ​មាន​ឱកាស​រក​គ្រាប់​បាល់​បាន។ ​លោក Sarri ​មិន​បារម្ភ​ចំពោះ​លទ្ធផល​ឡើយ ​ដោយ​លោក​អះអាង​ថា​ក្រុម​ទាំង​អស់​ក៏​នឹង​ជួប​បញ្ហា​អស់​កម្លាំង​ចុង​ម៉ោង​ដោយសារ​ប្រកួត​ញឹក​ពេក ​ដូច Juventus ​ដែរ៕ប្រភព Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT