ផ្លូវការ! ​អូស្ត្រាលី ​និង​នូវែលហ្សេឡង់ ​ក្លាយ​ជា​ម្ចាស់​ផ្ទះ Women World Cup 2023

​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ​បាន​ប្រកាស​នៅ​យប់មិញ​ថា ​ការ​ប្រកួត​ពាន​រង្វាន់ Women World Cup 2023 ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អូស្ត្រាលី ​និង​នូវែលហ្សេឡង់។​

​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ Women World Cup 2023 ​ដំបូង​ឡើយ ​មាន​ចិន​និង​ជប៉ុន ​ជា​ប្រទេស​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ។ តែ​ដោយសារ​ប្រទេស​នៅ​អាស៊ី​មួយ​នេះ បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ ទើប​បាន​ជា​អូស្ត្រាលី  និង​នូវែលហ្សេឡង់​មាន​ភាគរយ​ខ្ពស់​ជាង​គេ​វិញ ខណៈ​ដែល​កូឡុំប៊ី ​នៅ​អាមេរិក​ខាង​ត្បូង​នោះ ​ក៏​បាន​ដាក់​ឈ្មោះ​ចូល​រួម​ដូច​គ្នា។ ​ក្រោយ​ពី​ធ្វើ​ការ​បោះឆ្នោត​សម្រេច​មក ​កាល​ពី​យប់មិញ​នេះ ​លទ្ធផល​បាន​ចេញ​មក​ថា អូស្ត្រាលី  និង​នូវែលហ្សេឡង់​ជា​អ្នក​ឈ្នះ ​និង​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រៀប​ចំ​។

​រំលឹក​ថា​ការ​ប្រកួត Women World Cup 2023 ​នឹង​មាន​ការ​ប្រែប្រួល​បន្តិច​ពី​ការ​ប្រកួត​កន្លង​ទៅ ដែល​មាន​ក្រុម​ចូល​រួម​​ត្រឹម​តែ​២៤​ក្រុម​ប៉ុណ្ណោះ។ តែ​សម្រាប់​ឆ្នាំ​២០២៣​ខាង​មុខ​វិញ ​នឹង​តំឡើង​ឱ្យ​មាន​ដល់​ទៅ​៣២​ក្រុម ​ដូច​ព្រឹត្តិការណ៍ World Cup ​បុរស​ដែរ។ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ចន្លោះ​ខែ​កក្កដា​ដល់​សីហា​ឆ្នាំ​២០២៣៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT