Pep ​សង្ឃឹម​ថា​រដូវ​កាល​ក្រោយ Man City ​អាច​យក​ពាន​បាន​វិញ​

​លោក Pep Guardiola  សង្ឃឹម​ថា​នៅ​រដូវ​កាល​ក្រោយ​នេះ ​ក្រុម Manchester City ​របស់​លោក ​នឹង​មិន​របូត​ពិន្ទុ​ពី​ការ​ប្រកួត​ដូច​រដូវ​កាល​នេះ ​ហើយ​អាច​ប្រជែង​ពាន​រង្វាន់​បាន​វិញ​។

​ក្រុម Man City ​នា​រដូ​វកាល​នេះ បាន​បរាជ័យ​ច្រើន​ប្រកួត​នៅ​ដើម​រដូវ​កាល ដែល​ធ្វើ​ឱ្យ​ក្រុម Liverpool ​មាន​ឱកាស​ឈ្នះ​ដាច់​ពិន្ទុ ​រហូត​ដល់​២៣​ពិន្ទុ​បែប​នេះ ​និង​ឈ្នះ​ជើង​ឯក​ទាំង​ការ​ប្រកួត​នៅ​សល់​ដល់​៧​ប្រកួត​ទៀត។ ជាមួយ​គ្នា​នឹង​រឿង​នេះ​ដែរ ​លោក Pep ​អ្នក​ចាត់ការ​ក្រុម​ Man City ​ក៏​បង្ហើប​ថា​លោក​ជឿ​ជាក់​រដូវ​កាល​ក្រោយ ​ក្រុម​នឹង​លេង​ល្អ​ជាង​នេះ ហើយ​ប្រុងប្រយ័ត្ន​បំផុត​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។

​អ្នក​ចាត់ការ​ដែល​ជួយ Man City ​ឈ្នះ Premier League ​២​រដូវ​កាល​ជាប់​គ្នា​កន្លង​ទៅ​នោះ ​បាន​និយាយ​បែប​នេះ​ថា​៖ “យើង​បាត់​ពិន្ទុ​នៅ​ដើម​រដូវ​កាល ​ហើយ Liverpool ​ក្ដោប​ឱកាស​បាន។ ​យើង​ធ្លាប់​នាំ​មុខ​គេ​ជាង​២០​ពិន្ទុ ​ហើយ​រដូវ​កាល​នេះ​គេ​នាំ​មុខ​យើង​បែប​នោះ​វិញ។ ​Liverpool ​ធ្វើ​បាន​ល្អ​រដូវ​កាល​នេះ សក្ដិសម​នឹង​ឈ្នះ​ពាន។ ​ខ្ញុំ​សង្ឃឹម​ថា​រដូវ​កាល​ក្រោយ ​យើង​នឹង​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ ​ប្រជែង​ពាន​រង្វាន់​បាន”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT