បើ​រឿង​មួយ​នេះ​កើត​ឡើង Liverpool នឹង​ឈ្នះ​ពាន PL ស្វ័យប្រវត្តិ​ត្រឹម​ថ្ងៃ​ទី ២២ ​មិថុនា

ការ​ប្រកួត​នៅ Premier League នឹង​ត្រលប់​មក​វិញ​នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ ដោយ​ជំនួប​បើក​ឆាក​សម្រាប់ Liverpool គឺ​ត្រូវ​តតាំង Everton នៅ​ថ្ងៃ​ទី ២២ ​មិថុនា វេលា​ម៉ោង ០១:០០ នាទី នៅ​ឯ​កីឡដ្ឋាន​ Goodison Park។

បើ​និយាយ​ពី​លំដាប់​ពិន្ទុ​ដែល​អាច​ជួយ​ឲ្យ Liverpool ឈ្នះ​ពាន​ស្វ័យប្រវត្តិ​នោះ គឺ​ត្រូវ​ការ ៦ ពិន្ទុ​បន្ថែម​ទៀត ពោល​គឺ​ប្រកួត​សេសសល់​ទាំង ៩ ធ្វើ​បែប​ណា​ឈ្នះ​ឲ្យ​បាន ២ ប្រកួត (បច្ចុប្បន្ន​ហង្ស​នាំ​មុខ​មេឃ​ខៀវ ២៥ ពិន្ទុ)។

នៅ​លក្ខខណ្ឌ​អាច​ជួយ​ឲ្យ​ហង្ស​ឈ្នះ​ពាន​លឿន​បំផុត​មាន ២ គឺ ១) ប្រសិន​ណា​នៅ​ជំនួប​ទល់ Everton ក្រុម​របស់​លោក Jurgen Klopp អាច​យក​ឈ្នះ​បាន ៣ ពិន្ទុ​ទៅ​លើ​ម្ចាស់​ផ្ទះ និង​ជួន​ពេល​ដែល Man City ត្រូវ​បរាជ័យ​ជា​កំហិត​ក្រោម​ថ្វី​ជើង​របស់ Arsenal នៅ​ថ្ងៃ​ទី ១៨ ​មិថុនា​នេះ។

ប៉ុន្តែ​នៅ​លក្ខខណ្ឌ​ទី ២) ករណី​ដែល City ឈ្នះ​ឬ​ស្មើ​ Arsenal នោះ Liverpool អាច​នឹង​សម្រេច​នាម​ក្លាយ​ជា ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវ​កាល ១៩/២០ នៅ​ប្រកួត​បន្ទាប់​ទល់ Crystal Palace នៅ​ថ្ងៃ​ទី ២៥ ​មិថុនា (រំលង​បី​ថ្ងៃ​បន្ទាប់) នៅ​លក្ខខណ្ឌ​ដែល​ហង្ស​ឈ្នះ ហើយ​បើ​ទោះ​បី City ឈ្នះ​បែប​ណា​ក្តី ក៏​ការ​នាំ​មុខ​ពិន្ទុ​របស់​ហង្ស​នៅ​ប្រកួត​នោះ នៅ​តែ​មាន​ភាព​គ្រប់គ្រាន់​អាច​សម្រេច​ឲ្យ​ហង្ស​ឈ្នះ​ពាន​បាន​ដដែល។

លក្ខខណ្ឌ​ដែល​មិន​ងាយ​នឹង​កើត​មាន​ឡើង ហើយ​អាច​រុញ​ឲ្យ​ Liverpool ខកខាន​ឈ្នះ​ពាន​រដូវ​កាល​នេះ លុះត្រា​ណា​តែ ៩ ប្រកួត​សេសសល់​ហង្ស​មិន​អាច​ឈ្នះ​ដល់ ២ ប្រកួត ហើយ Man City លេង​ឈ្នះ​គ្រប់​ប្រកួត​ទាំង​អស់ នោះ​ទើប​ធានា​បាន ១០០ ភាគរយ​ថា​ពាន PL ត្រូវ​បង្វែរ​ឲ្យ​ទៅ​ក្រុម​របស់​លោក Pep Guardiola វិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT