លើទំព័រមុខសារព័ត៌មានធំតូចនៃវិស័យកីឡាបាល់ទាត់សម្រាប់ចុងសប្តាហ៍កន្លងទៅនេះ គឺមានលេចឈ្មោះ Erling Haaland ជាហែហូរ ក្រោយយុវជនវ័យ ១៩ ឆ្នាំបានបន្តបំប៉ោងសំណាញ់ទី ជាមួយការចាប់ផ្តើមប្រកួតសារជាថ្មី បន្ទាប់ពីខកខានអស់រយៈពេលជាងពីរខែ។
តាមស្ថិតិពី ProFootballDB បានឲ្យដឹងថា គិតមកទល់អាយុ ១៩ ឆ្នាំ និង ៣០១ ថ្ងៃ សម្រាប់ Haaland គឺគេរកបាន ៦០ គ្រាប់ហើយក្នុងអាជីពទាំងមូល ដោយរាប់ទាំងគ្រាប់បាល់លីគចាស់ថ្មី បូកនិងជម្រើសជាតិ។ ក្នុងនោះគ្រាប់បាល់ធំៗមានដូចជានៅ Bundesliga របស់អាល្លឺម៉ង់ចំនួន ១០ គ្រាប់ នៅលីគអូទ្រីស ១៧ គ្រាប់និងនៅ UEFA Champions League ១០ គ្រាប់ជាដើម។
ទន្ទឹមនឹងវ័យដដែលនេះ គឺមានតែវីរបុរសជើងចាស់តែម្នាក់គត់ដែលមានស្ថិតិល្អជាង Haaland នោះគឺ Ronaldo Nazario ដែលរកបានដល់ទៅ ៧៦ គ្រាប់។ នៅវ័យនេះ Ronaldo ប្រេស៊ីលមិនទាន់រកបានគ្រាប់បាល់ជម្រើសជាតិឡើយ ពោលគឺធ្វើបាន ២២ គ្រាប់ឲ្យក្លឹប Curezeiro និង ៥៤ គ្រាប់ឲ្យក្លឹប PSV។
តាមពិតទៅអ្នកទាំងពីរ អាចមានឱកាសបង្កើនគ្រាប់បាល់ច្រើនជាងនេះ ជាក់ស្តែងដូចជា Haaland ដែលត្រូវខកខានការប្រកួតរយៈពេល ២ ខែ ដោយសារការរាតត្បាតនៃវីរុស COVID-19។ ចំណែកឯ Ronaldo មិនបានលេងពេញជើងនារដូវកាល ១៩៩៥-៩៦ ឡើយ ព្រោះរងបញ្ហារបួសជង្គង់ត្រូវខកខានរយៈពេលយូរ។
សម្រាប់ស្ថិតិនេះ បើធៀប CR7/M10 គឺកីឡាករអាហ្សង់ទីនទើបរកបាន ២០ គ្រាប់ រីឯកីឡាករព័រទុយហ្គាល់ទើបរកបាន ១១ គ្រាប់ប៉ុណ្ណោះ នៅវ័យ ១៩ ឆ្នាំ និង ៣០១ ថ្ងៃ៕ ប្រភព៖ BeSoccer