អ្នកចាំទីវ័យ ២១ ឆ្នាំ Luca Zidane ដែលមានឪពុកឈ្មោះ Zinedine Zidane (អ្នកចាត់ការក្លឹប Real Madrid) និងម្ដាយឈ្មោះ Veronique Zidane សុទ្ធសឹងតែបុគ្គលដែលចាប់កំណើតនៅប្រទេសបារាំង និងមានសញ្ជាតិបារាំងតែមួយគត់ ចុះហេតុអ្វីកូនប្រុស Luca អាចមានសិទ្ធជ្រើសរើសទៅលេងនៅជម្រើសជាតិអាល់ហ្សេរីបើគេចង់?
ជាសំណួរចាក់ដោតមួយដែលអ្នកគាំទ្របាល់ទាត់បានចោទសួរ ហើយ CTS Sports សូមធ្វើការបកស្រាយនូវចម្លើយច្បាស់ការ ផ្អែកតាមការស្រាវជ្រាវលើប្រភពសារព័ត៌មានក្រៅស្រុកមួយចំនួន។
ជាការពិតណាស់ Luca Zidane ធ្លាប់ប្រកាសថាខ្លួនមានចំណាប់អារម្មណ៍ចង់ទៅលេងឲ្យជម្រើសជាតិអាល់ហ្សេរី និងមិនចង់ដើរតាមគន្លងឪពុកលេងឲ្យមាន់គកបារាំងឡើយ។ ថ្មីៗនេះ AF ក៏បានចុះផ្សាយព័ត៌មានមួយ ថាគ្រូជម្រើសជាតិអាល់ហ្សេរីលោក Djamel Belmadi ក៏កំពុងរំអុកខ្លាំង ក្នុងការអូសទាញចុះហត្ថលេខាយកអ្នកចាំទីវ័យ ២១ ឆ្នាំរូបនេះមកចូលក្រុមជម្រើសជាតិរបស់ខ្លួន។
ចម្លើយដែលថា Luca អាចលេងឲ្យអាល់ហ្សេរី ព្រោះដោយសារជាប់ខ្សែស្រឡាយខាងជីតាឯណោះ។ លោក Smail និងអ្នកស្រី Malika ដែលជាឪពុកម្តាយរបស់លោក Zinedine Zidane គឺជាបុគ្គលដែលជាប់សញ្ជាតិអាល់ហ្សេរី ហើយបានផ្លាស់មកនៅប្រទេសបារាំងក្នុងឆ្នាំ ១៩៥៣។
និយាយឲ្យស្រួលស្តាប់ជីតារបស់ Luca Zidane ជាប់សញ្ជាតិពីរ មានអាល់ហ្សេរី និងបារាំង ដែលជាហេតុអាចអនុញ្ញាតឲ្យ Luca មានសិទ្ធជ្រើសរើសរវាងក្រុមជម្រើសជាតិទាំងពីរនោះបាន៕