ចាន់ រតនា ​ផ្ញើ​សារ​សំខាន់ៗ​ជូន​អ្នក​គាំទ្រ​​ដើម្បី​ទប់​ស្កាត់​ Covid-19

ចាន់ រតនា ​ដែល​ជា​ជើង​ខ្លាំង​គុន​ចម្រុះ​ប្រចាំ​សង្វៀន​ ONE Championship ​តំណាង​ឲ្យ​​កម្ពុជា​​បាន​ផ្ញើ​ក្ដី​នឹក​រលឹក​ដល់​អ្នក​គាំទ្រ​​ក្នុង​អំឡុង​ពេល​វិបត្តិ​ Covid-19 ​​នេះ​​ និង​ទទូច​ឲ្យ​ពលរដ្ឋ ​ឬ​ ​អ្នក​ស្នេហា​វិស័យ​កីឡា​​​ថែ​រក្សា​អនាម័យ​ជា​ប្រចាំ​​ស្រប​តាម​គ្រូ​ពេទ្យ​ជំនាញ​ និង​ ក្រសួង​សុខាភិបាល។

ចាន់ រតនា ​បាន​​រំលឹក​​​​បែប​​នេះ​ ៖«​សូម​បង​ប្អូន​​ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​​ថែ​រក្សា​សុខភាព​របស់​​យើង​ម្នាក់ៗ និង​​រួម​ចំណែក​សម្រាប់​កម្ពុជា។ ​ ​យើង​លាង​ដៃ​​ដោយ​ប្រើ​សាប៊ូ​​ជា​ប្រចាំ​​បើ​នៅ​ផ្ទះ​ ហើយ​បើ​ចេញ​ក្រៅ​​ត្រូវ​មាន​ជែល​​​ដាក់​ជាប់​ខ្លួន​លាង​ដៃ​​ញឹកញាប់​សម្លាប់​មេរោគ​​បន្ទាប់​ពី​ប៉ះ​ពាល់​របស់​​អ្វី​មួយ​ និង​ពាក់​ម៉ាស់​ផង។ បើ​មិន​ចាំ​បាច់ សូម​កុំ​ចេញ​ក្រៅ​ល្អ​ជាង។ ​តាំង​ពី​ជំងឹ​ Covid-19 ​ផ្ទុះ​មក​ ខ្ញុំ​នៅ​ផ្ទះ​ជា​មួយ​ប្រពន្ធ​កូន​អត់​​សូវ​ហ៊ាន​ចេញ​ទៅ​ណា​ទេ។ ក្លិប​របស់​ខ្ញុំ​​ក៏​ផ្អាក​​បង្ហាត់​ដែរ។ ​បើ​ចេញ​​​ក្រៅ​តិចតួច​ព្រោះ​ចាំ​បាច់​​​ ក៏​​ខ្ញុំ​ការពារ​រហូត​»។

កីឡាករ​វ័យ​​៣៤​​ឆ្នាំ​រូប​នេះ​តែង​តែ​តាម​ដាន​ព័ត៌មាន​ហូរហែ​តាម​រយៈ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​សុខាភិបាល។​ ​​ម្ចាស់​​ក្លិប​​ប្រដាល់ ​«សិល្បៈ»​ ​សំណូមពរ​ឲ្យ​​​​ពលរដ្ឋ​ខ្មែរ​តាម​ដាន​ព័ត៌មាន​ពិត​ និង​កុំ​ជឿ​ទៅ​តាម​​ព័ត៌មាន​ក្លែងក្លាយ​អំពី​ជំងឺ​ Covid-19។

កីឡាករ​ដែល​ឈ្នះ​៣​លើក​ជា​ប្រវត្តិសាស្ត្រ​នៅ​សង្វៀន​ ONE Championship បាន​​គូស​បញ្ជាក់​​ទៀត​ថា​ ៖«​ខ្ញុំ​កាត់​បន្ថយ​ការ​ជួប​ជុំ​ច្រើន​ណាស់​ សូម្បី​​ជួប​ជុំ​បង​ប្អូន​ញុំា​អី​ជុំ​គ្នា​ក៏​អត់​ដែរ។ ​ហើយ​ខ្ញុំ​លុប​ចោល​​កម្មវិធី​​ជប់លៀង ​និង​ការ​ជួបជុំ​ជា​ច្រើន​ទៀត​ដោយ​សារ​យើង​ការពារ​ខ្លាច​ឆ្លង​ដល់​គ្រួសារ។​ ​ហើយ​​ពេល​ជួប​​បង​ប្អូន​ ឬ​ ​អ្នក​ផ្សេង​ក៏​ត្រូវ​នៅ​ឆ្ងាយ​​១​ម៉ែត្រ​កន្លះ​អី​ដែរ​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ជំនាញ។​ ក្នុង​កាលៈទេសៈ​នេះ​យើង​ត្រូវ​មាន​អនាម័យ​ខ្ពស់​»។

តាម​រយៈ​ការ​​ចូល​រួម​ពី​សំណាក់​ប្រជាជន​ ​​​អ្នក​លេង​គុន​ចម្រុះ​រូប​​នេះ​ជឿ​ថា​ស្ថានការណ៍​​អាច​ទប់​ស្កាត់​កុំ​ឲ្យ​ឆ្លង​រាល​ដាល​ច្រើន​ ​ហើយ​ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​នានា​​អាច​នឹង​វិល​​មក​រៀប​ចំ​ព្រឹត្តិការណ៍​វិញ​​នា​ពេល​ឆាប់ៗ​ខាង​មុខ។

​ថ្មីៗ​នេះ​​​​សម្ដេច​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​បាន​កោត​សរសើរ​ចំពោះ​ការ​ភ្ញាក់​រលឹក​របស់​​ប្រជា​ពល​រដ្ឋ​​ដែល​បាន​ចូល​រួម​ទប់​ស្កាត់​ជំងឺ​​​ Covid-19​ ជា​មួយ​រាជ​រដ្ឋាភិបាល​ជា​ពិសេស​​ពលករ​​​​មក​ពី​ប្រទេស​ថៃ​បាន​ដាក់​ខ្លួន​​​នៅ​​ដោយ​ឡែក​​រយៈ​​ពេល​១៤​ថ្ងៃ​ពី​ក្រុម​គ្រួសារ។ ​សម្ដេច​​​​សង្កត់​ធ្ងន់​ថា​ សូម​​​បន្ត​ស្មារតី​នេះ​ដើម្បី​ជម្នះ​ជំងឺ​​ជំងឺ​ Covid-19​ និង​ មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ។ ​ដើម្បី​បង្ការ​ និង​ការពារ​ឲ្យ​កាន់​ល្អ​មួយ​កម្រិត​​ទៀត​សម្ដេច​​តេជោ​​ ​ក៏​បាន​ប្រកាស​ផ្អាក​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ ដោយ​តម្រូវ​ឲ្យ​វិស័យ​​ឯកជន​ និង​រដ្ឋ​ធ្វើ​ការ​ធម្មតា។ ​នៅ​ពេល​​ Covid-19 ​ធូរ​ស្បើយ​ ឬ ​ផុត​រលត់​ក្នុង​ពេល​​សម​ស្រប​ណា​មួយ​ ​ នោះ​ទើប​រដ្ឋ​​​ដាក់​ថ្ងៃ​ឈប់​សង​ចំនួន​ ៥ ​ថ្ងៃ​​ជំនួស​វិញ។

បើ​គិត​​​តាំង​ពី​ចុង​ខែ​មករា​​​រហូត​ដល់​ ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ៨ ​ខែ មេសា​ ឆ្នាំ ២០២០ ​ ​កម្ពុជា​មាន​ករណី​ឆ្លង​ ​មេរោគ​ផ្លូវ​ដង្ហើម​ ​Covid-19 ​នេះ​​ចំនួន ​១១៧ ​​ករណី​ (​ស្រី​១៩​នាក់​និង​បុរស​ ៣៥​នាក់)។ ​បែប​ណា​ក្ដី​ ​​​ពេទ្យ​ជំនាញ​កម្ពុជា​ព្យាបាល​ជា​​សះស្បើយ​រហូត​ដល់​ ៦៣​ ​នាក់​គិត​ត្រឹម​ថ្ងៃ​ដដែល​នេះ ​ហើយ​ការ​សម្រាក​ព្យាបាល​​​​ធ្លាក់​មក​​នៅ​ត្រឹម​ ៥៤ ​នាក់​ប៉ុណ្ណោះ។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​​បន្ត​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​ ​មាន​​ការ​ផ្សាយ​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App៕ ​ អត្ថបទ៖ ​​ស៊ីធី

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT