ONE ​លើក​ពេល​​កម្មវិធី​ ONE: HEART OF HEROES ​ទៅ​ខែ​មិថុនា​ វិញ

ដោយ​​​​​សារ​តែ​​ផ្ទុះ​មេរោគ​​​កូវីដ​១៩​ជុំ​វិញ​ពិភព​លោក ​ប្រធាន​និង​ជា​​នាយក​​ប្រតិបត្តិ​ ​ ONE Championship​ លោក ​Chatri Sityodtong បាន​ប្រកាស​​អំពី​ការ​ពន្យារ​ពេល​​កម្មវិធី​ ONE: HEART OF HEROES ​នៅ​ក្រុង​ហូជីមិញ​​​នៅ​ប្រទេស​វៀតណាម។

ដើម្បី​​ថែ​ទាំ​​សុខភាព​ចំពោះ​​កីឡាករ​កីឡាការិនី​ ​បុគ្គលិក​ ​និង ​អ្នក​គាំទ្រ ​​រួម​ទាំង​ប្រជា​ជន​វៀតណាម​ផង ​ការ​ប្រកួត​​ដែល​គ្រោង​រៀប​ចំ​​​លើក​ទី២​នៅ​​សង្វៀន​ Phu Tho Indoor Stadium ​ត្រូវ​បាន​លើក​ពេល​​ពី​ថ្ងៃ​សុក្រ​ទី ២០ ​មីនា ទៅ​ថ្ងៃ​សុក្រ​ទី​ ២៦ ​ខែ ​មិថុនា វិញ។ ​លោក​ Sityodtong ​បាន​បញ្ចេញ​ឲ្យ​ដឹង​​​កាល​ចុង​សប្ដាហ៍​កន្លង​ទៅ​ បន្ទាប់​ពី​​​​បាន​ពិភាក្សា​ជា​មួយ​​អាជ្ញាធរ​ប្រទេស​វៀតណាម។

លោក ​Sityodtong ​បាន​សង្កត់​ធ្ងន់​បែប​នេះ៖«​ក្រោយ​ពិភាក្សា​​គ្រប់​មធ្យោបាយ​ជា​មួយ​អាជ្ញាធរ​វៀតណាម ​ក្រុម​ការងារ​របស់​ខ្ញុំ​បាន​សម្រេច​ពន្យារ​ពេល​កម្មវិធី ​ONE: Heart of Heroes ​ដែល​គ្រោង​រៀប​ចំ​នៅ​ថ្ងៃ​ទី ២០ មីនា​នេះ​ ​​ប្ដូរ​ទៅ​ថ្ងៃ​ទី ២៦ ខែ​មិថុនា​វិញ​ដោយ​សារ​តែ​ការ​រីករាល​ដាល​នៃ​មេរោគ​កូរ៉ូណា។ ​ យើង​ត្រូវ​គិត​អំពី​អ្នក​គាំទ្រ​របស់​យើង ​កីឡាករ​របស់​យើង ​ដៃ​គូ​​សហការ​របស់​យើង​ជា​អាទិភាព​សំខាន់​បំផុត​របស់​ ONE Championship។​ ​​​​ចំណុច​វិជ្ជមាន​មួយ​ ​ខ្ញុំ​​នឹង​ប្រកាស​អំពី​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​​​នៅ​ថ្ងៃ​ទី១៣​ ខែ​មីនា​ ខាង​មុខ។ ​សូម​រង់​ចាំ​​តាម​ដាន​ទាំង​អស់​គ្នា»។

ព្រឹត្តិការណ៍​នេះ​​មាន​គូ​ឯក​ Alaverdi ​Ramazanov ឬ គេ​ស្គាល់​ ​“Babyface Killer” ​ត្រូវ​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Bantamweight Kickboxing World Title ពី​​ Nong-O Gaiyanghadao។ ចំណែក​ Viktoria Lipianska ​ត្រូវ​តតាំង​គ្នា​ទល់​នឹង​  Iman “Pretty Killer” Barlow  ​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Strawweight Muay Thai World Title។ ​គូ​ប្រកួត​​ផ្សេង​ទៀត​នឹង​ត្រូវ​ប្រកាស​បន្តបន្ទាប់។

នៅ​ក្នុង​កម្មវិធី​ខាង​​លើ​នេះ​ដែរ​​ជើង​ខ្លាំង​ សុខ ធី ​ដែល​គ្រោង​ប៉ះ​​កីឡាករ​​​ម្ចាស់​មេដាយ​ប្រាក់​​ស៊ីហ្គេម​៣​សម័យ​វៀតណាម​ Nguyen Tran Duy Nham នៅ​ថ្ងៃ​ទី​ ២០ ​ខែ មីនា ​​ខាង​មុខ​នេះ​ក៏​ត្រូវ​​​ខក​ខាន​សិន​ដែរ​ពោល​រង់​ចាំ​សិន​ដែរ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT