ដើម្បីចូលរួមបង្ការ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ COVID-19 ដែលកំពុងរាលដាលទូទាំងពិភពលោក សហព័ន្ធបាល់ទាត់កម្ពុជា (FFC) បានប្រកាសចេញនូវសេចក្តីណែនាំ៥ចំណុច ដែលត្រូវអនុវត្តន៍ក្នុងពេលការប្រកួតលីគកំពូលកម្ពុជា (Metfone Cambodian League 2020) ពីសប្តាហ៍នេះតទៅ។
យោងតាមសេចក្តីណែនាំស្តីពីការបង្ការ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺខាងលើរបស់សហព័ន្ធបាល់ទាត់កម្ពុជា បានជំរុញឲ្យមានការការពារពី COVID-19 នៅជុំវិញកីឡដ្ឋាននីមួយៗ និងរួមការប្រកួតទាំងមូលតាមរយៈការផ្តល់ជូននៅក្រុមការងាររៀបចំការប្រកួតទាំងអស់នូវឧបករណ៍វាស់កម្តៅ ជាពិសេសដល់ស្នងការប្រកួតនីមួយៗ ដើម្បីប្រើប្រាស់លើក្រុមកីឡាករទាំងសងខាង (ម្ចាស់ផ្ទះ និងភ្ញៀវ) ព្រមទាំងណែនាំតាមរយៈវិធានការ៥យ៉ាងដូចតទៅៈ
១.មានអាល់កុល ឬជេលសម្រាប់លាងដៃ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់កីឡាករទាំងពីរ និងតាមច្រកចេញចូលអ្នកទស្សនា និងសាប៊ូលាងដៃ នៅក្នុងគ្រប់បន្ទប់ទឹករបស់កីឡដ្ឋាន
២.បិទខិតប័ណ្ណអំពីការបង្ការ និងការការពារ COVID-19 របស់ក្រសួងសុខាភិបាល តាមច្រកចេញចូលនៃកីឡដ្ឋានដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានផ្ញើរហ្វាលជូនរួចហើយ
៣.មានឧបករណ៍វាស់កម្តៅសម្រាប់ត្រួតពិនិត្យអ្នកចូលរួមទស្សនាទាំងអស់ នៅតាមច្រកចូលកីឡដ្ឋាន
៤.ករណីមានអ្នកទស្សនាណាម្នាក់មានកម្តៅខ្ពស់ នឹងមិនត្រូវបានអនុញ្ញាតិឲ្យចូលទស្សនាឡើយ
៥.ករណីមានការសង្ស័យ ត្រូវផ្តល់ព័ត៌មានមកគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងទំនាក់ទំនងទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាលលេខ ១១៥ ជាបន្ទាន់៕
*រូបភាពៈ Metfone Cambodian League !