កាលពីប្រកួតចុងសប្តាហ៍មុនហង្សក្រហម Liverpool បានយកឈ្នះទៅលើ Bournemouth នៅលទ្ធផល ២-១ ដែលជាការស្រោចស្រង់សងបរាជ័យកន្លងទៅដែលធ្លាប់បាក់មុខដោយសារ Watford ៣-០។
នាជ័យជម្នះនោះដែរខ្សែប្រយុទ្ធសញ្ជាតិអេហ្សីបកីឡាករ Mohamed Salah ក៏ជាអ្នករកបានគ្រាប់បាល់ឲ្យហង្សមួយគ្រាប់ផងដែរ ហើយគ្រាប់បាល់នោះសោតបានរុញឲ្យអតីតកីឡាករ Roma រូបនេះបំបែកបានកំណត់ត្រាដ៏អស្ចារ្យនៅ Liverpool ដែលមិនធ្លាប់មានកីឡាករកំពូលរូបណាធ្វើបានកាលពីអតីតកាល។
នោះគឺនាមជាកីឡាកររកបាន ៧០ គ្រាប់ដោយចំណាយពេលត្រឹម ១០០ ប្រកួតនាក្របខ័ណ្ឌ Permier League សម្រាប់ Liverpool ដែលតួលេខនេះខ្ពស់ជាង ៧ គ្រាប់បើធៀបនឹងអ្នករក្សាកំណត់ត្រាចាស់ Fernando Torres ដែលធ្វើបាន ៦៣ គ្រាប់នៅចំនួន ១០០ ប្រកួតដូចគ្នា។
រំឭកថាហង្សកំពុងបន្តនាំមុខនៅកំពូលតារាង បន្ថែមគម្លាត ២៥ ពិន្ទុធៀបនឹង Man City (ខ្វះគ្នាមួយប្រកួត) បន្ទាប់ពីមេឃខៀវចាញ់បិសាចក្រហម ២-០ កាលពីយប់មិញ៕
ប្រភព៖ Opta