ក្រុមបាល់ទាត់ជម្រើសជាតិបារាំង សង្ឃឹមយកឈ្នះលើក្រុមបែលហ្សិក ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2018 ខាងមុខនេះ។
លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បានប្រាប់ទៅកូនក្រុមថា នារាត្រីនេះ ជាឱកាសល្អណាស់សម្រាប់ក្រុមទាំងមូលបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត។ បារាំង ធ្លាប់ឡើងវគ្កផ្ដាច់ព្រ័ត្រ Euro 2016 ម្ដងមកហើយ។ នោះជាពេលវេលាល្អបំផុត ប៉ុន្តែមិនអាចសម្រេចគោលដៅយកពានជូនអ្នកគាំទ្របាន។ នៅឆ្នាំនេះវិញ បារាំងក៏មានឱកាសល្អនោះម្ដងទៀត ហើយសង្ឃឹមថានឹងធ្វើបានសម្រេចយកពាន World Cup ជូនអ្នកគាំទ្រ លុបលាងរឿងឈឺចាប់កាល Euro ដែលចាញ់ក្រោមថ្វីជើងព័រទុយហ្គាល់។
ជាមួយគ្នានេះដែរ Hugo Lloris អ្នកចាំទីនិងជាប្រធានក្រុមជម្រើសជាតិបារាំង បានបញ្ជាក់ថានៅរាត្រីនេះ ក្រុមទាំងមូលត្រូវលេងឱ្យអស់ពីសមត្ថភាព។ វាអាចជារាត្រីដ៏រីករាយមួយសម្រាប់បារាំង និងអ្នកគាំទ្រ។ ផ្ទុយទៅវិញ វាក៏អាចជារាត្រីមួយដែលធ្វើឱ្យអ្នកគ្រប់គ្នាឈឺចាប់ផងដែរ៕ប្រភព៖ DailyMail