ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានសម្រេចបណ្ដេញលោក Ognjen Vukojević ចេញពីតំណែងជួយការគ្រូបង្វឹក បន្ទាប់ពីលោកបានបង្ហោះវីដេអូយកជ័យជម្នះលើរុស្ស៊ីនៅវគ្គ៨ក្រុម ផ្ញើជូនដល់ប្រជាជនអ៊ុយក្រែន។
ក្រូអាតបានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយសារតែយកឈ្នះលើក្រុមម្ចាស់ផ្ទះរុស្ស៊ី។ ជ័យជម្នះនេះ បានធ្វើឱ្យកីឡាករនិងគ្រូបង្វឹកក្រូអាត សប្បាយចិត្តជាខ្លាំង ត្បិតអីខកខានឡើងដល់វគ្គនេះ ច្រើនឆ្នាំមកហើយ។ ជាមួយនឹងការសប្បាយចិត្តខ្លាំងនេះដែរ លោក Ognjen Vukojević និងកីឡាករ Domagoj Vida បានថតវីដេអូលេងមួយ ដោយយកជ័យជម្នះលើរុស្ស៊ី ផ្ញើឱ្យប្រជាជនអ៊ុយក្រែន។
មិនត្រឹមតែថតនោះ លោកOgnjen បានបង្ហោះវីដេអូនោះទៀត ទើបបណ្ដាលឱ្យគេឃើញគ្រប់គ្នា ចំពោះទង្វើពាក់ព័ន្ធនឹងនយោបាយនេះ។ ដោយសារតែនេះជាកំហុស មិនអាចលើកលែងបាន ទើបសហព័ន្ធកីឡាបាល់ទាត់ក្រូអាតសម្រេចចិត្ត បណ្ដេញគ្រូជំនួយរូបនេះតែម្ដង បើទោះមិនទាន់ចប់ព្រឹត្តិការណ៍ World Cup ក៏ដោយ៕ប្រភព៖ DailyMail