Ancelotti ផ្ញើ​សម្ដី​​ទៅ​អាជ្ញាកណ្ដាល ក្រោយ​ខ្លួន​ទទួល​កាត​ក្រហម​នៅ Goodison Park យប់មិញ

អ្នកចាត់ការ​ក្លឹប​ស្ករ​គ្រាប់ Everton លោក Carlo Ancelotti ត្រូវ​បាន​ទទួល​កាត​ក្រហម​កាល​ពី​យប់​មិញ ពី​សំណាក់​អាជ្ញាកណ្តាល​លើ​ទីលាន បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​គ្នា​ពាក់ព័ន្ធ​នឹង​ការ​កាត់សេចក្តី​របស់ VAR នៅ​គ្រាប់​បាល់​ចុង​ម៉ោង​ដែល​ម្ចាស់ផ្ទះ​បម្រុង​នឹង​ឈ្នះ​ហើយ​នោះ។

នៅ​ចុង​តង់​ការ​ស៊ុត​បាល់​របស់ Dominic Calvert-Lewin ប៊ិះ​តែ​នឹង​ជួយ​ឲ្យ​ Everton យក​ឈ្នះ United ២-១ ប៉ុន្តែ​ចុង​ក្រោយ​គ្រាប់​បាល់​មិន​ត្រូវ​បាន​អនុញ្ញាត ក្រោយ​អាជ្ញាកណ្តាល​ទៅ​បើក​មើល VAR សារ​ជា​ថ្មី។

ទន្ទឹម​នោះ​លោក Ancelotti បាន​ផ្ទុះ​ការ​តវ៉ា​ជា​ខ្លាំង រហូត​ដល់​ថ្នាក់​អាជ្ញាកណ្តាល​ Chris Kavanaghលើក​កាត​ក្រហម​ភ្លាមៗ​ឲ្យ​អតីត​គ្រូ Napoli ទាំង​មិន​ញញើតដៃ។

ថ្លែង​ក្រោយ​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​ចប់​ការ​ប្រកួត​លោក Ancelotti បាន​និយាយ​ន័យ​សុំទោស​បែប​នេះ​ថា៖ “មិនមាន​ការ​ពន្យល់​ពី​អាជ្ញាកណ្តាល​ច្បាស់លាស់​ទាល់​តែ​សោះ ពេល​នោះ​ខ្ញុំ​សុំ​ការ​បកស្រាយ​ពី​គាត់ បន្ទាប់​ពី​មាន​រឿង​យល់ច្រឡំ​នៅ​លើ​ទីលាន គាត់​ក៏​បាន​បណ្តេញ​ខ្ញុំ​ចេញ តែ​ក្រោយ​មក​ខ្ញុំ​ក៏​បាន​និយាយ​ជាមួយ​គាត់​ដោយ​ត្រជាក់ចិត្ត​បំផុត”។

លោក​បន្ថែម៖ “ជា​ការ​ពិត​ខ្ញុំ​មិន​បាន​គោរព​ដល់​គាត់ តែ​ខ្ញុំ​អាច​យល់​បាន​ព្រោះ​ពេល​នោះ​វា​រង​សម្ពាធ​នៃ​ការ​ប្រកួត​ខ្លាំង​ពេក”៕ ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT