(វិភាគ) Juventus មិន​ដែល​ធ្លាក់​ពី​វគ្គ ១៦ ក្រុម​ក្រោម​ថ្វី​ជើង​ក្រុម​បារាំង​សូម្បី​ម្តង ចុះ​យប់​នេះ?

នា​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៧ ​កុម្ភៈ ឆ្នាំ ២០២០ នេះ ក្លឹប​សេះ​បង្កង់ Juventus នឹង​ត្រូវ​ចូល​ជួប​ម្ចាស់​ដី​បារាំង Lyon នៅ​ឯ​កីឡដ្ឋាន Parc Olympique Lyonnais។ ចំពោះ​ការ​ផ្សាយ​ផ្ទាល់​ប្រិយមិត្ត​អាច​ទស្សនា​បាន​តាម​រយៈ​ទំព័រ CT Sports!

អត្ថបទ​នេះ​យើង​នឹង​បង្ហាញ​ឲ្យ​ប្រិយមិត្ត​បាន​ដឹង​ខ្លះៗ​ពី​ស្ថិតិ​និង​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ក្រុម​ទាំង​ពីរ​ធ្លាប់​បាន​ជួប​គ្នា​កន្លង​មក។ សរុប​ស្ថិតិ​រវាង Lyon និង Juventus គឺ​ធ្លាប់​ប៉ះ​គ្នា ៤ លើក​នៅ​ពាន​រង្វាន់​អឺរ៉ុប ដោយ​មាន ២ លើក​នៅ UCL និង ២ លើក​នៅ UEL ហើយ​សរុប​លទ្ធផល Lyon ចាញ់ ៣ ស្មើ ១។

បើ​ក្រឡេក​មើល​តាម​ប្រវត្តិ​នៃ​ស្ថិតិ​គឺ​សេះ​បង្កង់​មាន​ភាគរយ​ខ្ពស់​នៅ​រាត្រី​នេះ ដោយ​កន្លង​មក​ពេល​ប៉ះ​គ្នា​ទល់​ក្រុម​បារាំង (មិនមែន​តែ Lyon) រាប់​ចាប់​ពី​វគ្គ ១៦ ក្រុម (Knockout Stage) ឡើង​ទៅ គឺ Juventus អាច​ឆ្លង​ផុត​ទាំង ៤ ពោល​មិន​ធ្លាប់​ធ្លាក់​សូម្បី​តែ​មួយ​លើក។

មួយ​ផ្សេង​ទៀត​នេះ​ជា​រដូវ​កាល​ទី ៦ ជាប់​គ្នា​ហើយ​សម្រាប់ Juventus ដែល​ឆ្លង​មក​ដល់​វគ្គ ១៦ ក្រុម ហើយ​មាន ៤ លើក​ឆ្លង​ផុត និង ១ លើក​ធ្លាក់​កាល​ពី​រដូវ​កាល ២០១៥/១៦ ពេល​ចាញ់ Bayern Munich (៤-៦ ពីរ​ជើង)។

ចំពោះ​សមាសភាព​កីឡាករ គឺ​ខាង​ម្ចាស់​ផ្ទះ​នឹង​ត្រូវ​ខកខាន​ដូច​ជា Kone, Solet Bomawoko, Reine-Adelaide, Depay និង Rafael ខណៈ Dembele នៅ​មិន​ទាន់​ច្បាស់លាស់។

រី​ឯ​ Juventus ត្រូវ​ខកខាន Pjanic, Higuain, Douglas Costa និង Khedira ដែល​ជួប​បញ្ហា​របួស ស្រប​ពេល​ខ្សែ​ការពារ​ក៏​បាត់បង់​ Bonucci មួយ​រូប ក្រោយ​ជាប់​ពិន័យ​ព្យួរ​ឈ្មោះ។

សរុប​លទ្ធផល​ទស្សន៍ទាយ​តាម​ប្រភព​ភាគ​ច្រើន​គឺ​ថា​ក្រុម​ភ្ញៀវ Juventus នឹង​អាច​យក​ឈ្នះ​ទៅ​លើ Lyon បាន​ក្នុង​លទ្ធផល​ប្រហែល ១-២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT