ប្រកួត​ចប់​តែ​ក្លឹប​សងខាង​មិន​ព្រម​ចប់ Bayern-Real បក​សម្តី​ផូងផាំង​ចុះឡើង​តាំង​ពី​គ្រូ​ដល់​សិស្ស

សរុប​ពីរ​ជើង ៤-៣ ជា​លទ្ធផល​ដែល Real Madrid បាន​ទម្លាក់ Bayern Munich ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​វិញ នេះ​ដ្បិត​ជើង​ទី​មួយ​គ្មាន​ភាព​ចម្រូងចម្រាស តែ​បង្វែរ​មក​ជើង​ទី​ពីរ​នៅ​ដី​អេស្ប៉ាញ​វិញ ​អ្នក​គាំទ្រ​មួយ​ចំនួន​ហាក់​មិន​ចង់​ឲ្យ​ចប់​ការ​ប្រកួត​នោះ​ទេ ព្រោះ​ពួក​គេ​មាន​ការ​មិន​អស់​ចិត្ត​នឹង​ចំណាត់ការ​មួយ​ចំនួន។

បញ្ជាក់​ជា​មុន នេះ​ជា​ការ​ចែករំលែក​ពី​ស្ថានភាព​ក្លឹប​សងខាង ជា​រួម​យើង​មិន​បាន​ចូល​ខ្លួន​មក​វែកញែក​ថា​ខាង​ណា​ខុស ខាង​ណា​ត្រូវ​ឡើយ ហើយ​ចម្លើយ​អស់​នោះ ទុក​ឲ្យ​បងប្អូន​ជា​អ្នក​បញ្ចេញ​មតិ​តាម​ការ​គួរ​ទៅ​ចុះ។ ចូល​ដល់​សាច់​រឿង​របស់​យើង ភាព​ក្តៅ​គគុក​បាន​កើត​ឡើង​នៅ​ពេល​ដែល Bayern នាំ​មុខ​មុន​មួយ​គ្រាប់ ​ក្នុង​នាទី ៦៨ ពី​សំណាក់​ការពារ​ស្លាប Alphonso Davies ដល់​ហើយ​ភ្លាមៗ​រំលង​ជាង​ពីរ​នាទី​បន្ទាប់ Nacho Fernandez មាន​ឱកាស​ស៊ុត​មួយ​ជើង​ក្នុង​ប្រអប់ ជា​ការ​ថែម​បាល់​រ៉ា​ពី Federico Valverde តែ​អាជ្ញាកណ្តាល​បើក​ពិនិត្យ VAR និង​មិន​ផ្តល់​ឲ្យ​ទេ ក្រោម​ហេតុផល​ចោទ​ថា Nacho គេបានប៉ះ​ទង្គិច​ផ្នែក​ក​ធ្ងន់ធ្ងរ​ទៅ​លើ Joshua Kimmich ឲ្យ​ដួល​ក្នុង​ប្រអប់។​​

ចូល​នាទី ៨០ ជាង ខាង​ក្លឹប​អាល្លឺម៉ង់​ព្យាយាម​ខំ​ទប់ ខំ​ថយ មិន​ហ៊ាន​ឡើង​ដាច់​មាត់ តែ​ចុងក្រោយ​ឲ្យ​ភ្លាត់​ទាល់​តែ​បាន ត្រង់​នាទី ៨៨ អ្នកចាំទី Manuel Neuer បង្ក​កំហុស​គប់​បាល់​មក​ខាង​លើ​មិន​បាន​ល្អ នាំ​ឲ្យ Madrid មាន​ឱកាស​ដឹក​បាល់​វាយ​បក​លឿនៗ ហើយ​បញ្ចប់​ទី​ដោយ​សំណាក់​កីឡាករ Joselu ដែល​ថែម​បាល់​ឡង​ពី​ការ​ស៊ុត​សល់​របស់ Vinicius Jr។

អត់​ចប់​ប៉ុណ្ណឹង​ទេ កំឡុង​ការ​ថែម​ម៉ោង ៩ នាទី ចូល​នាទី ៩០+១ សកម្មភាព​ពេល​នោះ​មើល​មួយ​ភ្លែត វា​ស្រដៀង​ទៅ​នឹង​បាល់ Offside តែ​អាជ្ញាកណ្តាល​មិន​បាន​ផ្លុំកញ្ចែ​ផ្អាក​ការ​ប្រកួត​ឡើយ ពោល​បន្ត​ឲ្យ​លេង​ធម្មតា រហូត​ឈាន​ដល់​ការ​បញ្ចប់​គ្រាប់​បាល់​ទី​ពីរ​របស់ Joselu ​ម្តង​ទៀត។ ជា​ការ​បញ្ជាក់ ក៏​មាន​ការ​ពិនិត្យ VAR តែ​បាន​សម្រេច​ផ្តល់​ជូន​គ្រាប់​បាល់​ទៅ Real ជា​ធម្មតា។

ភាព​ក្តៅ​គគុក​ចុងក្រោយ​គឺ​នាទី ៩០+១២ ដែល​អាជ្ញាកណ្តាល​ធំ​បាន​សម្រេច​ចាប់​ជា​បាល់ Offside ភ្លាមៗ បន្ទាប់​ការ​លើក​ទង់​ពី​អាជ្ញាកណ្តាល​ខ្សែ​បន្ទាត់ ជា​ហេតុ​នាំ​ឲ្យ​គ្រាប់​បាល់​ឱកាស​តាម​ស្មើ​ស៊ុត​ពី Matthijs de Light មិន​ត្រូវ​បាន​ផ្តល់​ឲ្យ។ ចប់​ការ​ប្រកួត​ភ្លាម បុគ្គល ៤ រូប​នៅ Bayern ​បាន​ចេញ​មក​និយាយ​ឥត​ញញើត​មាត់ មាន​ដូច​ជា៖

អ្នកចាត់ការ​លោក Thomas Tuchel រៀបរាប់៖ “ខ្ញុំ​អត់​ដឹង​ពន្យល់​យ៉ាង​ម៉េច​ទេ ដឹង​ត្រឹម​ការ​វាយ​បក​យក​ឈ្នះ​របស់ Real មាន​ពាក់ព័ន្ធ​នឹង​អាជ្ញាកណ្តាល បើ​តាម​ច្បាប់​បាល់​ទាត់ ពិត​ណាស់​សាច់​បាល់​ពេល​នោះ​ត្រូវ​ឲ្យ​លេង​បន្ត កំហុស​ដំបូង​គឺ​មក​ពី​អាជ្ញាកណ្តាល​ខ្សែ​បន្ទាត់ ហើយ​ទី​ពីរ​គឺ​អាជ្ញាកណ្តាល​ធំ វា​ជា​ការ​បំពា-ន​លើ​ច្បាប់​បាល់ទាត់​យ៉ាង​ចំៗ​ខ្លាំង​ណាស់ នេះ​ខាង​អាជ្ញាកណ្តាល​ខ្សែ​បន្ទាត់​ចប់​ការ​ប្រកួត​ក៏​បាន​មក​សុំទោស​យើង​ដែរ”។

រី​ឯ​នាយក​ចាត់ការ​របស់ Bayern លោក Max Eberl ក៏​សង្កត់​ធ្ងន់​មួយ​ម៉ាត់​យ៉ាង​ខ្លី ថា​អាជ្ញាកណ្តាល​ធំ លោក Szymon Marciniak ពិត​ជា​បាន​បង្ក​កំហុស​ធ្ងន់​ណាស់​ក្នុង​ការ​ប្រកួត​កន្លង​ទៅ​នេះ។ ងាក​ទៅ De Light ជា​អ្នក​បញ្ចប់​ទី​គ្រាប់​ចុងក្រោយ ហើយ​គេ​មិន​ឲ្យ​ផ្តល់​ឲ្យ ក៏​លើក​ឡើង៖ “វា​ជា​រឿង​អាម៉ាស់​បំផុត ត្រង់​អាជ្ញាកណ្តាល​ខ្សែ​បន្ទាត់​ក៏​បាន​មក​និយាយ​ពាក្យ​សុំទោស​មក​ខ្ញុំ ហើយ​ប្រាប់​ថា​គាត់​បាន​បង្ក​កំហុស​ពិត​មែន ខ្ញុំ​អត់​ចង់​ប្រើ​ពាក្យ​ថា Real Madrid តែងតែ​មាន​អាជ្ញាកណ្តាល​ចាំ​ជួយ​នោះ​ទេ តែ​អ្នក​មើល​ចុះ ឲ្យ​តែ​ពួក​គេ​ប៊ិះ​បរាជ័យ នៅ​ដង្ហើម​ចុងក្រោយ​តែង​មាន​អ្វី​កើត​ឡើង ហ្នឹង​ហើយ​ទើប​ពួក​គេ​បាន​ឈ្នះ​ពាន Champions League ១៤ សម័យ”។

ងាក​ទៅ Thomas Muller ក៏​ខឹង​ខ្លាំង​ណាស់​ដែរ និង​បាន​បោះ​ពាក្យ​មក​ថា៖ “វា​ចម្លែក​ខ្លាំង​ណាស់ ត្រង់​អាជ្ញាកណ្តាល​គាត់​អត់​មើល VAR ទាល់​តែ​សោះ រឿង​នេះ​កើត​ឡើង​ញឹកញាប់​នៅ Madrid ដូច​កាល​ Cristiano Ronaldo ប៉ុន្មាន​ឆ្នាំ​មុន ដែល​គេ​រក​បាន​គ្រាប់​បាល់​ទល់​ពួក​យើង”។

ក៏​ស្រាប់​តែ Carlo Ancelotti ខាង​ Real Madrid ឯ​ណេះ​វិញ បាន​ចេញ​ឆ្លើយតប​ទៅ​រឿង​នោះ​ដែរ៖ “ខាង Bayern ពូកែ​ត្អូញ​ណាស់ ការ​មិន​អស់​ចិត្ត​រឿង​យក​បក​គ្រាប់​បាល់​យក​ឈ្នះ អូខេ អត់​អី​ទេ អ៊ីចឹង​យើង​សុំ​ត្អូញ​ទៅ​វិញ​ដែរ រឿង​អាជ្ញាកណ្តាល​រំសាយ​ចោល​គ្រាប់​បាល់ Nacho ព្រោះ​កន្លែង​ហ្នឹង Kimmich គេ​ធ្វើ​ពុត​ដួល​ទេ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT