Marca៖ “R.Madrid អាច​ពិចារណា​បាន Mbappe ​ថ្លៃ​ណាស់ គួរ​លៃលក​យុវជន​នេះ​វិញ”

បើ​តាម​ការ​ចុះ​ផ្សាយ​អត្ថបទ​បែប​វិភាគ​របស់​សារព័ត៌មាន​អេស្ប៉ាញ Marca បាន​ណែនាំ​ឲ្យ​ក្លឹប Real Madrid គួរ​តែ​ចាប់​អារម្មណ៍​ក្នុង​ការ​តាម​យក Erling Haaland ចេញ​ពី Borussia Dortmund ​ជា​ជាង​ការ​ចាយ​លុយ​ធំ​យក Kylian Mbappe។

តំបន់​ប្រយុទ្ធ​របស់ Madrid ដាំ​បាច់​ត្រូវ​តែ​ស្វែងរក​អ្នក​ជំនួស​ជាក់លាក់​ណា​ម្នាក់ ​ក្រោយ​ពី Cristiano Ronaldo ចាកចេញ​ទៅ ខណៈ​ដែល​ការ​រក​គ្រាប់​បាល់​សព្វថ្ងៃ​ក៏​មិន​សូវ​នឹងធឹង​ច្បាស់លាស់​ដូច​មុន​ដែរ។

ប៉ុន្តែ​ការ​ចង់​បាន Mbappe ដែល​លោក Perez តែងតែ​វ៉ៃ​ភ្នែក​រហូត​នោះ គឺ​ទំនង​ជា​លំបាក​បន្តិច ព្រោះ PSG ​ដែល​សេសសល់​កុងត្រា​ជាមួយ​យុវជន​បារាំង​ដល់​ឆ្នាំ ២០២១ ហាក់​មិន​បើក​ផ្លូវ​ទាល់​តែ​សោះ ហើយ​ប្រសិន​ណា​ព្រម​លក់​ក៏​តម្លៃ​ខ្លួន​របស់​គេ​ហក់​ឡើង​ខ្ពស់​មិន​ចាញ់ Neymar ដែរ។

បង្វែរ​មក​វិញ​ប្រសិន Madrid ងាក​មក​មើល Haaland ដែល​រដូវ​កាល​នេះ​រូប​គេ​ឡើង​កូដ​ខ្លាំង តាំង​ពី​នៅ​ក្លឹប​ចាស់ Salzburg រហូត​ផ្លាស់​មក​ដល់ Dortmund ​គឺ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ដោយ​នៅ UEFA Champions League ​រក​បាន ១០ គ្រាប់​ហើយ​ត្រឹម ៧ ប្រកួត ជាមួយ​គ្រាប់​បាល់​សរុប​ចំនួន ៤០ នា​រដូវ​កាល ២០១៩/២០។

ប្រសិន​បើ​ក្លឹប​ម្ចាស់​ដី Bernabeu ​ដាក់​ចិត្ត​តាម​យក Haaland បន្តិច នោះ​ក៏​មិន​ទាមទារ​ការ​ចំណាយ​ច្រើន ពោល​គឺ​តម្លៃ​ផ្តាច់​កុងត្រា​របស់​គេ​បច្ចុប្បន្ន​ថ្លៃ​ប្រហែល ៧៥ លាន​អឺរ៉ូ​ខ្ពស់​បំផុត ហើយ​បុរស​វ័យ ១៩ ឆ្នាំ​ក៏​ទំនង​ជា​នឹង​អាច​សម្រប​ខ្លួន​ទៅ​បាន​ដូច​ការ​មក​ដល់​របស់ Vinicius Junior ឬ Rodrygo Goes អ៊ីចឹង​ដែរ។

បែប​នេះ​គ្រប់​យ៉ាង​ស៊ីសង​លើ​ការ​សម្រេច​ចិត្ត​របស់ Real ​ថា​តើ​ចង់​រង់ចាំ​ដល់ Mbappe ​ធ្លាក់​ថ្លៃ​ខ្លួន​នៅ​ខ្ទង់​ឆ្នាំ ២០២២ សិន ឬ​លៃលក​ងាក​ទៅ​មើល Haaland ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ?​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT