ខុន ស៊ីចាន់​ចង់​បាន​លទ្ធផល​ប្រសើរឡើង​ក្នុង​ការ​ប្រកួត​ដែល​នៅសល់​នៅ​ One Championship

ខុន ស៊ីចាន់ ​​ដែល​ជា​កូន​សិស្ស​គុន​ចម្រុះ​មក​ពី​ Phmom Penh MMA ​​រង​បរាជ័យ​ត្រឹម​ទឹក​ទី១​ក្នុង​ការ ប្រកួត​​​​រយៈ​ពេល​ជិត​​​​៤​នាទី​ដោយ​ថ្វី​ដៃ​កីឡាករ​​ជម្រើស​ជាតិ​ចំបាប់​​ឥណ្ឌូណេស៊ី​ Eko Roni Saputra ​ កាល​ថ្ងៃ​ទី​ ៧​ ខែ​ កុម្ភៈ​ ​កន្លង​ទៅ​​ក្នុង​កម្មវិធី​ ONE:WARRIOR’S CODE។​ ​ស៊ីចាន់​ បាន​ត្រលប់​ទៅ​ជួប​ជុំ​ប្រពន្ធ​កូន​​​នៅ​ឯ​​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ ប៉ុន្តែ​រូប​គេ​ត្រូវ​ឡើង​ចុះៗ​ ​បើ​សិន​មាន​​ការ​​ប្រកួត​​លើ​សង្វៀន​នៅ​ភ្នំពេញ​ ឬ ​បោះ​ជំរំ​ហ្វឹកហាត់​បើ​សិន​ត្រូវ​ ONE Championship ​ចាប់​គូ​​រួចរាល់។ ​

សូម​តាម​ដាន​សំណួរ​ចម្លើយ​រវាង​ ​ខុន ស៊ីចាន់ ​និង​អ្នក​យក​ព័ត៌មាន​ដូច​ខាង​ក្រោម៖
​ ONE: ​ស៊ីចាន់ ​បន្ទាប់​ពី​ប្រកួត​នៅ​ ONE: WORRIOR’S CODE ​​តើ​នៅ​បន្ត​សកម្មភាព​​ហ្វឹកហាត់​ដដែល​ឬ ​យ៉ាង​ណា?

ខុន ស៊ីចាន់៖​ បាទ​ខ្ញុំ​ហ្វឹកហាត់​ប៉ុន្តែ មិន​បាន​ហាត់​MMA ឬ ជឺជិតស៊ូ​ ដូច​​កាល​ហាត់​ជា​មួយ​​គ្រូ Fernado Salvador ​និង ​ក្រុម​គ្រូ​​បង្វឹក​​ផ្សេងៗ​ ​ដូច​កាល​​ខ្ញុំ​​ត្រៀម​ប្រកួត​នៅ​ ONE Championship ​​នោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​ហាត់​ក្បាច់​គុន​ខ្មែរ​នៅ​​ក្លិប​អប់រំកាយ​ និង​កីឡា​ស្រុក​​ ​​អន្លង់​វែង​ ឯ​ស្រុក​កំណើត​របស់​ខ្ញុំ​​នេះ។

ONE៖ ចុះ​​ឮ​ថា​នឹង​​​ឡើង​ប្រកួត​គុន​ខ្មែរ​ឲ្យ​បាន​ច្រើន​ ​តើ​ការ​ហ្វឹកហាត់​ដិត​ដល់​កម្រិត​ណា?

ស៊ីចាន់៖ ​​ខ្ញុំ​​ឡើង​ប្រកួត​នៅ​​ប៉ុស្តិ៍​បាយ័ន​នា​ថ្ងៃ​ទី​ ២៣​ កុម្ភៈ​ នេះ​ដោយ​ប៉ះ​​កីឡាករ​ ឈាន រស្មី។ ​​ខ្ញុំ​នៅ​តែ​រក្សា​ការ​ហ្វឹកហាត់​​ជា​ប្រចាំ​​នៅ​​ស្រុក​​របស់​ខ្ញុំ ​ក្នុង​នោះ​ព្រឹក​ហាត់​​ពីរ​ម៉ោង​ និង​ល្ងាច​ពីរ​ម៉ោង។ ​ហើយ​សល់​ពេល​ខ្លះ​ ​ខ្ញុំ​ក៏​បង្ហាត់​​គុន​ខ្មែរ​​ដល់​កូន​​ក្មួយ​របស់​ខ្ញុំ​​​បី​បួន​នាក់​រៀង​​រាល់​ថ្ងៃ​ដែរ។ ​វា​ជា​ការ​រួម​ចំណែក​ជួយ​រក្សា​កម្លាំង​របស់​ខ្ញុំ។

ONE៖ ​បើ​សិន​​បាន​​​ឡើង​វ៉ៃ​ញឹកញាប់​​នៅ​ក្នុង​ស្រុក ​តើ​ ស៊ីចាន់ ​យល់​ថា​កម្លាំង​ស៊ុហ្វ​ល្អ​ជាង​មុន​ឬ​ទេ? ព្រោះ​កន្លង​ទៅ​​​ថ្មីៗ​ ​ការ​ចាញ់​ភាគ​ច្រើន​របស់​ ស៊ីចាន់ នៅ ONE គឺ​កម្លាំង​ស៊ុហ្វ​មិន​ដល់​គេ ហើយ​ចាញ់​ការ​ចាប់​ឃ្លេ​កម្លាំង​របស់​គេ​​ជា​​ដើម។

ស៊ីចាន់៖​ ​​​ខ្ញុំ​គិត​ថា​ ការ​ឡាំគ្នា​​​​ពេល​ហាត់​​ជា​រឿង​ល្អ​មួយ​ មុន​ការ​ប្រកួត​​មក​ដល់។ ​​ប៉ុន្តែ​ការ​ឡើង​សង្វៀន​​គុន​ខ្មែរ​ញឹកញាប់​ ​​នឹង​ជួយ​ឲ្យ​ខ្ញុំ​​ធ្វើ​បាន​ល្អ​ផ្នែក​កម្លាំង​មួយ​កម្រិត​ទៀត។ ​​ពេល​​យើង​វ៉ៃ​ គឺ​ ​​វ៉ៃ​អស់​ពី​សមត្ថភាព​ ប៉ុន្តែ​ពេល​​ ​ឡាំ​គ្នា​​វា​មិន​ដូច​យើង​​​ឡើង​វ៉ៃ​ ១០០% ​នោះ​ឡើយ។​ ​បើ​​ខ្ញុំ​វ៉ៃ​គុន​ខ្មែរ​បាន​​​​​ច្រើន​ ​ ​ខ្ញុំ​នឹង​មាន​កម្លាំង​​ល្អ​​ឡើង​​ទ្វេ​ដង។
ONE: ការ​ប្រកួត​នៅ ONE ​មាន​គ្រូ Alan ​Mccune ជា​អ្នក​ចាប់​គូ ឬ នាំទៅ​ប្រកួត​ ចុះ​​ឡើង​សង្វៀន​គុន​ខ្មែរ​ តើ​លោក​នៅ​ចាប់​គូ​ឲ្យ​ ឬ ​យ៉ាង​ណា​ទៅ?

ស៊ីចាន់៖​ ​​អត់​ទេ មិន​មែន​គ្រូ​ Alan ទេ​! ពេល​ប្រកួត​ក្នុង​ស្រុក ​​ខ្ញុំ​ស្គាល់​លោក​គ្រូ​នៅ​​ក្លិប​ប្រដាល់​ពុទ្ធ​សេរីវង្ស​ គាត់​ជួយ​​ចាប់​គូ​គុន​ខ្មែរ​ឲ្យ​នៅ​សង្វៀន​ក្នុង​ស្រុក។ ​ហើយ​គាត់​បន្ត​ជួយ​​ចាប់​គូ​ថែម​ទៀត។

ONE៖ ​​ចុះ​មាន​​តម្រុយ​ថា​ ​ពេល​ណា​អាច​នឹង​ឡើង​សង្វៀន​ ONE ​ជា​​​ថ្មី​ម្ដង​ទៀត?

ស៊ីចាន់​ ៖​ ​ពេល​នេះ​ខ្ញុំ​អត់​ទាន់​ដឹង​នោះ​ទេ។ ​​ពេល​គ្រូ​ Alan Mccune ប្រាប់​ទើប​​​​ខ្ញុំ​អាច​នឹង​ឡើង​​ហ្វឹកហាត់​​ត្រៀម​នៅ​ភ្នំពេញ​ទៀត​ដូច​រាល់​ដង​អីចឹង។

ONE: ​ស៊ីចាន់ ​! ​ខ្ញុំ​មើល​ឃើញ​ថា​ ការ​ចាញ់​បី​លើក​ជាប់​គ្នា គឺ ​ត្រឹម​ទឹក​ទី១។ ​​ខ្ញុំ​ចង់​សួរ​ថា​ តើ​ការ​ហាត់​ត្រៀម​ជាង​មួយ​ខែ​តិចតួច​ ឬ មួយ​ខែ​​វា​គ្រប់គ្រាន់​ទេ​មុន​ឡើង​វ៉ៃ​នៅ​ ONE Championship?

ស៊ីចាន់៖ ពី​មុន​​ខ្ញុំ​​ត្រឹម​ហាត់​ និង​ ​សម​ជា​មួយ​ដៃ​គូ​មុន​​ចេញ​ទៅ​ប្រកួត​នៅ​ ONE។​ ​ខ្ញុំ​គិត​ថា​ បើ​ខ្ញុំ​បាន​វ៉ៃ​​មួយ​​​ខែ​ ពីរ​បី​ដង​នៅ​សង្វៀន​​គុន​ខ្មែរ​ នោះ​​ការ​ហាត់​ត្រៀម​មួយ​ខែ​សម្រាប់ ONE ​គឺ ​គ្រប់គ្រាន់​ហើយ។ ​កន្លង​ទៅ​ខ្ញុំ​​អត់​សូវ​បាន​ឡើង​សង្វៀន​គុន​ខ្មែរ​​ ប៉ុន្មាន​ទេ។

​​កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​​ការ​ប្រកួត​ក្នុង​កម្មវិធី​ ​ONE:KING OF THE JUNGLE ​ ​​នៅ​សុក្រ​ទី ២៨​ ​​ ខែ កុម្ភៈ ​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​​នៅ​ ប្រទេស​សិង្ហបុរី​ ​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ ​ អត្ថបទ៖ ​​ស៊ីធី

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT