Conor McGregor ​សម្រុក​ហ្វឹកហាត់ ត្រៀម​ប៉ះ​ជាមួយ​កំពូល​អ្នក​លេង​មិន​ដែល​ចាញ់​នៅ UFC

Conor McGregor  ​សម្រុក​ហ្វឹកហាត់​ជា​ខ្លាំង ដើម្បី​ត្រៀម​ខ្លួន​ប៉ះ​ជាមួយ​ជើង​ខ្លាំង ​Khabib Nurmagomedov ​នៅ​សង្វៀន UFC ​នៅ​ពេល​ខាង​មុខ​នេះ។

Conor ​មិន​បាន​ចូល​រួម​ប្រកួត​សោះ តាំង​ពី​ឆ្នាំ​២០១៦​មក ​ប៉ុន្តែ​នៅ​ពេល​រូបគេ​អាច​នឹង​ចូល​សង្វៀន UFC ​ជា​ថ្មី​ម្ដង​ទៀត ​ក្រោយ​ពី​អ្នក​រៀប​ចំ​ចង់​ឱ្យ​រូបគេ​តតាំង​ជាមួយ​កំពូល​ជើង​ខ្លាំង Khabib។ បើ​យោង​តាម MMA Team ​បាន​បញ្ជាក់​ថា Conor ​បាន​យល់​ព្រម​កុងត្រា​វាយ​ជាមួយ Khabib ​ហើយ ​នៅ​ចុង​ឆ្នាំ​នេះ។ យ៉ាងណាមិញ ​ចំពោះ​តម្លៃ​ខ្លួន​មិន​ទាន់​បាន​ទម្លាយ​នៅ​ឡើយ​ទេ។

លោក Dana White ​ប្រធាន UFC ​បាន​បញ្ជាក់​ចំពោះ​រឿង​ខាង​លើ​ដែរ​ថា​លោក​មិន​ទាន់​ទទួល​បាន​ការ​ព្រម​ព្រៀង​១០០​%​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី  ប្រសិន​បើ​ការ​ប្រកួត​នោះ​ពិត​ជា​អាច​កើត​មាន​ឡើង​មែន នោះ​ពិត​ជា​ព្រឹត្តិការណ៍​ធំ​ប្រចាំ​សង្វៀន UFC ​ជាក់​ជា​មិន​ខាន។

Khabib Nurmagomedov ​ជា​ជើង​ខ្លាំង​ម្នាក់​របស់​រុស្ស៊ី។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ ២៦​ដង​មក​ហើយ ប៉ុន្តែ​មិន​ដែល​បរាជ័យ​ម្ដង​ណា​ឡើយ។ ​ប្រកួត​ចុង​ក្រោយ​របស់​គេ គឺ​យក​ឈ្នះ​លើ​កីឡាករ Al Iaquinta ​កាល​ពី​ដើម​ឆ្នាំ​២០១៨​នេះ ​នៅ​ទឹក​ដី​អាមេរិក៕ប្រភព៖​ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT