ចំនួន Assist កីឡាករ Messi នៅ​តែ​ធ្វើ​បាន​ច្រើន តែ​គ្មាន​គ្រាប់​បាល់​សូម្បី​មួយ​គ្រាប់​នៅ​ខែ​កុម្ភៈ

នៅ​ប្រកួត​ជុំ​ទី ២៤ ទល់​ក្លឹប Getafe FC ក្រុម​អ្នក​មាន​បុណ្យ Barcelona បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ២-១ ដែល​ការ​រក​គ្រាប់​បាល់​សម្រេច​បាន​ដោយ​កីឡាករ Antoine Griezmann និង Sergi Roberto។ ក្នុង​នោះ​ដែរ Messi ក៏​បាន​ចូលរួម​ចំណែក Assist មួយ​គ្រាប់​ឲ្យ​កីឡាករ​សញ្ជាតិ​បារាំង​ផង​ដែរ។

ប៉ុន្តែ​ Messi នៅ​តែ​ខកខាន​ការ​រក​គ្រាប់​បាល់​ក្នុង​ជំនួប​ខាង​លើ ពោល​គឺ​ចាប់​តាំង​ពី​ការ​មក​ដល់​របស់​គ្រូ​ថ្មី​លោក Quique Setien កីឡាករ​អាហ្សង់ទីន​ទើប​រក​បាន ៣ គ្រាប់​គត់ ត្បិត​បើ​តួ​លេខ​ Assist មាន​ជា​បន្តបន្ទាប់​ក្តី។

បើ​គិត​ក្នុង​ខែ​កុម្ភៈ​នេះ​សុទ្ធ កីឡាករ​វ័យ ៣២ ឆ្នាំ ​មិន​ទាន់​រក​បាន​សូម្បី​តែ​មួយ​គ្រាប់ ទោះ​មាន​ឱកាស​ស៊ុត​សរុប​ចំនួន ២៩ លើក​ក៏​ដោយ ប៉ុន្តែ​ការ​ចូលរួម​ចំណែក Assist នៅ​តែ​មាន​តួ​លេខ​ខ្ពស់​ដល់​ទៅ ៦ លើក​រួច​មក​ហើយ។

រំឭក​ថា​គ្រាប់​បាល់​ចុង​ក្រោយ​ដែល​ធ្វើ​បាន​ដោយ​ Messi គឺ​សម្រេច​បាន​នៅ​ឯ​ព្រឹត្តិការណ៍ Copa del Rey ក្នុង​ទឹកដី Camp Nou ទល់​ក្លឹប Leganes។ រូប​លោក​រក​បាន ២ គ្រាប់​ក្នុង​ចំណោម ៥ គ្រាប់​សរុប​ដែល​រុញ​ឲ្យ​អ្នក​មាន​បុណ្យ​បាន​ឆ្លង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ៕​ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT