Petchmorakot ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី ​ខណៈ​ ខុន ស៊ីចាន់ ​ចាញ់​ទឹក​ទី១​តែ​ប្រសើរ​ជាង​មុន

កីឡាករ​​​ជើង​ខ្លាំង​​មួយ​ថៃ​​​ម្នាក់​ប្រចាំ​ប្រទេស​ ​Petchmorakot Petchyindee Academy ​បាន​​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី ONE Featherweight Muay Thai World Championship បន្ទាប់​​ពី​យក​ឈ្នះ ​ ​Pongsiri PK.Saenchaimuaythaigym ​​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ។ ​ចំណែក​កីឡាករ​កម្ពុជា ​ខុន ស៊ីចាន់ ប្រឹង​រើ​ពីរ​បី​បាន​សម្រេច​មិន​ឲ្យ​ដៃ​គូ​ Eko Roni Saputra ​វ៉ៃ​បាន ​ប៉ុន្តែ ​បែរ​មក​ចាញ់​ឃ្លេ​​​ក​ពី​ក្រោយ​ទៅ​វិញ។ ​ក្រៅ​ពី​នោះ​មាន​ពីរ​គូ​ទៀត​គួរ​​តាម​​ដាន​នៅ​សង្វៀន​ ONE: WARROR’S CODE កាល​ថ្ងៃ​ទី ៧ ​កុម្ភៈ កន្លង​ទៅ​នៅ​ក្រុង​ហ្សាកាតា។

1# Petchmorakot Petchyindee Academy ​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី


បន្ទាប់​ពី​​​ប្រកួត​​៥​ទឹក​យ៉ាង​ស្វិតស្វាញ​បំផុត​ Petchmorakot Petchyindee Academy ​ឈ្នះ​ខ្សែ​ក្រវាត់​ថ្មី​ ​ONE Featherweight Muay Thai World Championship ​ដែល​គេ​​​​សម្ពោធ​ដាក់​​ឲ្យ​ដណ្ដើម​ក្នុង​កម្មវិធី​ ONE:WARROR’S CODE។ ​គ្រាន់​តែ​ចាប់​ផ្ដើម​​​​​ភ្លាម​ទាំង​ Petchmorakot និង ​Pongsiri PK.Saenchaimuaythaigym ​សុទ្ធ​បង្ហាញ​ជំហរ​រឹងមាំ​​រៀង​ៗ​ខ្លួន​ ស្រប​ពេល​ Petchmorakot ​ដែល​មាន​​កម្ពស់​ខ្ពស់​ជាង​​ផង​​នោះ​​ក៏​មិន​​ហ៊ាន​កញ្ជ្រោល​ដែរ។ ​នៅ​ទឹក​ទី​១​នេះ​ អ្វី​ដែល​​គួរ​កត់​សម្គាល់ ​គឺ ​ Pongsiri ​បាន​ដើរ​ចូល​ម៉ាត់​ផង​ទាត់​ផង​ដើម្បី​សាក​កម្លាំង​ដល់ ​Petchmorakot។ ​យ៉ាង​ណា​ក្ដី​​នៅ​ទឹក​ទី១ ​នេះ​មិន​ទាន់​​ស៊ីសង​គ្នា​នោះ​ឡើយ។ ​នៅ​ទឹក​ទី​២​និង ​ទី៣ ​ដ្បិត​អី​ ​​Petchmorakot ​វ៉ៃ​ចូល​មុខ​ហើយ​​ដក​ថយ ឬ ទាត់​ដក​ថយ​ ប៉ុន្តែ ​​ការ​ម៉ាត់​និង​​ការ​ប្រើ​ជង្គង់​អុក​ចំៗ​គោល​ដៅ​ជាង​​​អ្នក​ដើរ​ចូល​ ​ ​Pongsiri។ ​រហូត​ដល់​ទឹក​ទី៤ ​​Pongsiri ​ក៏​​នៅ​តែ​​​​ជា​​បាវ​សាក់​របស់ ​Petchmorakot ​ដដែល​ទោះ​ជា​​ទោះ​ខំ​ដើរ​ចូល​ដើម្បី​ផ្ដួល​នៅ​ទឹក​នេះ​ក្ដី។ ​Pongsiri ​ត្រូវ​គូ​ប្រជែង​ម៉ាត់ និង ​ហោះ​បុក​ជង្គង់​ជា​ច្រើន​ដង​​ប៉ុន្តែ​មិន​បង្ក​បញ្ហា​ធ្ងន់​នោះ​ទេ។ ​ក្នុង​ទឹក​​នេះ ​Pongsiri ​អុក​ជង្គង់​ត្រូវ​ប្រដាប់​ការពារ​របស់ ​ Petchmorakot ​ប៉ុន្តែ​សម្រាក​ត្រឹម ​១ ​នាទី​អាច​ប្រកួត​វិញ​បាន​ និង​ ​សម្រុក​គ្នា​ដល់​ចប់​ទឹក។ ​​Pongsiri ពិត​ជា​ក្លាហាន​មែន និង​បន្ត​សម្រុក​ចូល​នៅ​ទឹក​​ចុង​ក្រោយ​​នេះ ​ដើម្បី​យក​ឈ្នះ​ពិន្ទុ។ ​ បែប​ណា​ក្ដី Pongsiri ​ត្រូវ​ស្វាគមន៍​ដោយ​ជង្គង់ និង ​កណ្ដាប់​ដៃ​ដដែល។ ​​ចុង​បញ្ចប់ Petchmorakot ​ ជា​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់ ក្រោយ​ឈ្នះ​ពិន្ទុ ជា​ឯកច្ឆន្ទ​ លើ ​Pongsiri។ ​
Petchmorakot ​បាន​ថ្លែង​ថា៖«​សូម​អរគុណ​ដល់​អ្នក​គាំទ្រ។ ​ការ​ប្រកួត​នេះ​ ​វា​ពិត​ជា​ការ​ប្រកួត​ដ៏​តឹង​តែង​។​ ​ខ្ញុំ​​សូម​គោរព​ដល់​ដៃ​គូ​របស់​ខ្ញុំ ​គេ​ជា​កីឡាករ​កំពូល​ម្នាក់​ និង ពិត​​តស៊ូ​ស្វិតស្វាញ​ខ្លាំង​ណាស់»។

2#- Reinier De Ridder រង់​ចាំ​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ទល់​នឹង​វីរបុរស​មីយ៉ាន់ម៉ា​ Aung La Nsang


https://www.onefc.com/videos/reinier-de-ridder-narrowly-gets-by-leandro-ataides/
អ្នក​លេង​គុន​ចម្រុះ​ Reinier De Ridder ​ ឬ​ The Dutch Knight ​បាន​ប្រកាស​​ដើម្បី​ចង់​ជួប​ម្ចាស់​ខ្សែ​ក្រវាត់ ​ Aung La Nsang បន្ទាប់​ពី​រូប​គេ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​​កីឡាករ​ប្រេស៊ីល Leandro Ataides ឬ គេ​ហៅ​ឈ្មោះ​ក្រៅ​ថា​ Wolf។
ការ​ប្រកួត​ពុះកញ្ជ្រោល​មែន​ទែន​ ទោះ​បែក​ឈាម​រៀង​​ៗ​ខ្លួន​ក៏​ស៊ូ​រហូត​ដល់​ចប់​ទឹក​ដែរ។ ​ពេល​ផ្ដើម​ទឹក​ទី១ ​​វា​គ្រាន់​តែ​ការ​វ៉ៃ​ប្រយោលៗ ​​អម​ដោយ​ការ​ទាត់​ផង​ ​និង ចូល​​ឱប​ទាំង​ជំហរ​​ថែម​ទៀត​ ​ប៉ុន្តែ មិន​បង្ក​គ្រោះ​ថ្នាក់​​នោះ​ឡើយ។ ​​ទឹក​បន្ទាប់ គឺជា​សង្វៀន​ក្ដៅ​គគុក​ រហូត​ដល់ ​Leandro បែក​ឈាម ហើយ​ត្រូវ​​ឲ្យ​ពេទ្យ​ពិនិត្យ​ទៀត​ផង។ ​យ៉ាង​ណា​ក្ដី Reinier ​បាន​វ៉ៃ​ចាំ​គោល​​ដៅ​ច្រើន​នៅ​ទឹក​ទី២​នេះ។ ​​នា​ទឹក​ចុង​ក្រោយ គឺ ជា​ទឹក​ក្ដៅ​​ត្រចៀក​​ដូច​​គ្នា ពោល​ដើម្បី​យក​ពិន្ទុ។ បន្ទាប់​មក​ Reinier បាន​ប្រើ​​ជង្គង់​​​​អុក​ចំ​​​​ប្អូន​តូច​របស់ ​Wolf ​ ហើយ​ត្រូវ​សម្រាក​ព្យាបាល​មួយ​សន្ទុះ​ទើប​អាច​ប្រកួត​បាន​វិញ។ Wolf ខំ​ស្ដារ​កណ្ដាប់​ដៃ​ឡើង​វិញ ប៉ុន្តែ ​Reinier ​ ឯ​ណេះ​​ទេ​ជា​អ្នក​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ ​និង វ៉ៃ​ចំ​គូ​សត្រូវ​រហូត​​ខ្ទាត​ឈាម​ពេញ​​ខ្លួន​ឯង។ ​ទី​បំផុត ​កីឡាករ​ហូឡង់​ Reinier ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ។ ​​

Reinier De Ridder ​បាន​ថ្លែង​ក្រោយ​ឈ្នះ​​ការ​ប្រកួត​ថា ​៖«សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ ឥណ្ឌូណេស៊ី​ ខ្ញុំ​ស្រលាញ់​អ្នក​ទាំង​អស់​គ្នា។ Aung La Nsang ​តើ​អ្នក​ត្រៀម​ខ្លួន​ហើយ​ឬ ​​នៅ? សូម​ត្រៀម​ខ្លួន​ផង។ ​ខ្ញុំ​មក​​ទី​នេះ​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​ហើយ។ ​យើង​នឹង​ជួប​គ្នា»។

3#- ខ្លាំង​មែន​ Iuri Lapicus ​នៅ​តែ​បន្ត​ភាព​មិន​ដែល​ចាញ់​​​​រហូត​ដល់ ១៤​ ដង

អ្នក​លេង​គុន​ចម្រុះ​សញ្ជាតិ​​ម៉ុលដូវ៉ា ​Iuri Lapicus  ​ពិត​​ជា​ខ្លាំង​មែន​ ​​ដែល​​​បន្ត​កំណត់​ត្រា​ឈ្នះ​រហូត​ដល់ ១៤ លើក​ជាប់​​គ្នា​ក្នុង​ការ​ប្រឡូក​លើ​សង្វៀន​​តាំង​ពី​ឆ្នាំ​ ២០១៤ ​រហូត​​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ​Iuri Lapicus ​បាន​​បន្ត​បញ្ចប់​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​​ ONE Featherweight World Champion ​កីឡាករ​ Marat “Cobra” Gafurov ​នៅ​ទឹក​ទី១​ ក្នុង​ប្រទេស​ទម្ងន់​ lightweight របស់​ខ្លួន។ ​ Gafurov ​ត្រូវ​បាន​គេ​​គិត​ថា​ទំនង​នឹង​​ទទួល​ជ័យជម្នះ​​ក្នុង​ប្រភេទ​ទម្ងន់​ lightweight ​លើក​ដំបូង​ ប៉ុន្តែ Lapicus ​ពិត​​ជា​មាន​ក្បាច់​ពិសេស​​​មែន។ ​Lapicus បាន​ប្រែ​ក្លាយ​ពី​ការ​ចូល​ចាប់​ ដើម្បី​គ្រប់គ្រង​វិញ​ភ្លាមៗ​​ដោយ​ចាប់​ពី​ក្រោយ​​កីឡាករ​រុស្សី។ ​​បន្ទាប់​​មក Lapicus ​ក៏​ឃ្លេ​​​ក​ពី​ក្រោយ​រហូត​ដល់​ Gafurov ​ចុះ​ចាញ់​តែ​ម្ដង។

4#-ខុន ស៊ីចាន់ ​ចាញ់​​ឃ្លេ​ក​​ពី​ក្រោយ​នៅ​​ទឹក​ទី១

https://www.onefc.com/videos/eko-roni-saputra-forces-khon-sichan-to-tap-out/
គ្រាន់​តែ​ស្នូរ​ជួង​ទឹក​ទី១ ​Eko Roni ​​​Saputraមិន​​បង្អង់​យូរ​ដូច​​រូប​គេ​បាន​​ព្រាង​ទុក​អីចឹង។ ​ Eko Roni ​​ចង់​ផ្ដួល ខុន ស៊ីចាន់ ​ឲ្យ​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ​​​វា​ជា​ជំនាញ​របស់ Eko Roni ទៅ​ហើយ​ដោយ​សារ​រូប​គេ​មាន​ជំនាញ​ចាប់ និង ​ចំបាប់​កន្លង​មក។ ​Eko Roni ចូល​ចាប់​ជើង​​ផ្ដួល​ ស៊ីចាន់ ​បាន​យ៉ាង​ជោគជ័យ​មិន​ដល់​១​នាទី​ផង​ ហើយ​ ​បន្ទាប់​មក​យក​ប្រើ​ដៃ​ផង​ជើង​ផង​​គាប​ដើម្បី​ឃ្លេ ​និង​ ​វ៉ៃ​ពី​លើ​ជា​ច្រើន​ដៃ​ទៀត។ ​បែប​ណា​ក្ដី ​ខុន ស៊ីចាន់ ​លើក​នេះ​ល្អ​ប្រសើរ​ជាង​លើក​មុនៗ ​ដោយ​សារ​រូប​គេ​អាច​រើ​​ខ្លួន​ចុះ​ឡើង​ដើម្បី​ផុត​ពី​ក្បាច់​​ឃ្លេ​សម្លាប់​រហូត​ដល់ ពីរ​បី​ ដង។ ​បន្ទាប់​មក​ទៀត ​​​បែរ​ជា​ចូល​ឃ្លេ​ក​ ពី​ក្រោយ​ ខណៈ​ ដង​ខ្លួន​ស្រប​គ្នា​ ដែល​ធ្វើ​ឲ្យ ​កីឡាករ​មក​ពី Phnom Penh MMA ​​មិន​អាច​បម្រាស់​ខ្លួន​ឲ្យ​ផុត​បាន​ឡើយ។ ​យ៉ាង​ណា​ក៏​ដោយ ខុន ស៊ីចាន់ នៅ​ត្រៀម​ខ្លួន​សម្រាប់​​ការ​ប្រកួត ​៥ លើក​ទៀត​នា​ឆ្នាំ ២០២០ ​នេះ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT