ចាន់ រតនាដាក់គម្រោងឡើងសង្វៀននៅ ONEឲ្យបាន៤លើកក្នុង​ឆ្នាំ​ ២០២០ខាងមុខ

ចាន់​ រតនា​ ​បាន​​ដាក់​​គោល​ដៅ​ចង់​ប្រកួត​​​៤​លើក​នៅ​សង្វៀន ​ONE Championship តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ថា​ឆ្នាំ ២០១៩​ ​កន្លង​ទៅ​​រូប​គេ​ប្រកួត​បាន​តែ​ ២ ​លើក​ប៉ុណ្ណោះ។ ​​​

ម្ចាស់​​ក្លិប​​សិល្បៈ​​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានរបស់យើង​ថា​៖«​​អ្វី​ដែល​​ខ្ញុំ​ចង់​បង្ហាញ គឺ​ ​​ដាក់​គោល​ដៅ​ប្រកួត​​​ឲ្យ​បាន​ ​៤​ដង​នៅ​ឆ្នាំ​ ២០២០។ ​នេះ​ជា​​ការ​គិត ​​របស់​​ខ្ញុំ​បើ​​សិន​មិន​មាន​​បញ្ហា​រាំង​ស្ទះ​នោះ​​ទេ​”។

“ប៉ុន្តែ​​​បំណង​ទាំង​នេះ​​ត្រូវ​​រង់​ចាំ​ចម្លើយ​អំពី​អ្នក​ចាត់​ការ​របស់​ខ្ញុំ​ ​ឬ ​អ្នក​ផ្គូផ្គង​​របស់​ខ្ញុំ​ដែរ»។ ​

បន្ទាប់​ពី​រូប​គេ​ ឈ្នះ​​កីឡាករ​ជើង​ខ្លាំង​ចំបាប់​របស់​​គុយ​បា​​ Gustavo Balart ​កាល​ពាក់​កណ្ដាល​​ខែ ​សីហា ​មក​​ ​​​អ្នក​លេង​គុន​ចម្រុះ​តំណាង​ឲ្យ​កម្ពុជា​ខកខាន​ឡើង​សង្វៀន​​លំដាប់​ពិភព​លោក​នេះ​​រយៈ​ពេល​ជាង​ ៤ ខែ​មក​ហើយ។ ​​កូន​​ប្រុស​​របស់​​លោក​ ចាន់ ប៊ុនធឿន ​រំពឹង​ថា​ រូប​គេ​អាច​នឹង​ឡើង​សង្វៀន​​ដដែល​នេះ​ជា​ថ្មី​នៅ​ដើម​​ឆ្នាំ ២០២០ ​ខាង​មុខ។​ ​

បច្ចុប្បន្ន​​នេះ​​ រតនា​ បាន​ដាក់​ចិត្ត​ដាក់​កាយ​ខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​ ដោយ​តែ​អាច​ប្រឈម​នឹង​​គូ​ប្រជែង​ខ្លាំងៗ​ទៅ​ថ្ងៃ​អនាគត ​និង​អាច​ជា​បេក្ខភាព​មួយ​ដណ្ដើម​ខ្សែ​ក្រវាត់​ទៀត​ផង។ ​គួរ​ដឹង​ថា​ ចាន់ រតនា ​​ប្រឡូក​លើ​សង្វៀន​គុន​ចម្រុះ​ចំនួន ​១០ លើក​ក្នុង​នោះ​​ ឈ្នះ​ ៧ ដង​ និង​ ចាញ់​ ៣​ ដង​​​បន្ទាប់​​​​ពី​​កីឡាករ​ជំនាញ​យុទ្ធគុន​ខម​​​រូប​នេះ​​ប្រឡូក​លើ​សង្វៀន​គុន​​ចម្រុះ​តាំង​​ឆ្នាំ​២០១៥​មក។

​​ក្នុង​កំណត់​ត្រា​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​​​​ ​ម្ចាស់​ក្លិប ​«សិល្បៈ» ​​ឈ្នះ​៣​លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE ​ដោយ​​វាយ​កីឡាករ​ឥណ្ឌូណេស៊ី​ ពីរ​រូប​ Abro Fernandez និង​​ Rudy Agustian ​ត្រឹម​ទឹក​ទី២​ មុន​ពេល​​ឈ្នះ​ពិន្ទុ ​ជើង​ខ្លាំង​​ជំនាញ​ចំបាប់​គុយបា​ Gustavo Balart ​នា​ពាក់​កណ្ដាល​ខែ​ សីហា​ កន្លង​​ទៅ​នៅ​​កម្មវិធី​ ONE:DREAMS OF GOLD ​នៅ​ប្រទេស​ថៃ។
ក្រៅ​ពី​មាន​បំណងង​ឡើង​សង្វៀន​លំដាប់​ពិភពលោក ONE ឲ្យ​បាន​បួន​ដងកីឡាករ​វ័យ​៣៣​​ឆ្នាំ​​រូបនេះ​ក៏​មាន​គម្រោងពង្រឹង​គុនភាពក្លិបរបស់​ខ្លួនផង​ដែរ។

«​​ខ្ញុំ​ផ្ដោត​លើ​គុណភាព​​បន្ថែម​ទៀត​ដល់​កូន​សិស្ស​​ដើម្បី​ឲ្យ​ពួក​គាត់​ពេញ​​ចិត្ត​​សេវា​កម្ម​របស់​ពួក​ខ្ញុំ។ ​ខ្ញុំ​គិត​ថា​​យុវវ័យ​​ឥឡូវ​​​​យល់​ដឹង​អំពី​សុខភាព​ច្រើន។ ​​ហើយ​ក្លិប​របស់​ខ្ញុំ​ក៏​មិន​ធ្វើ​ឲ្យ​បង​ប្អូន​ខក​បំណង​ដែរ​បើ​សិន​ចង់​មក​ទទួល​ការ​ហ្វឹកហាត់​គុន​ខ្មែរ។ ​​​បង​ប្អូន​អាច​យល់​ដឹង​អំពី​គុន​ខ្មែរ​ផង​​និង​ទទួល​​បាន​សុខភាព​ផង។ ​ហើយ​បង្ហាត់​ដោយ​គ្រូ​ជំនាញ​ៗ​​ចំនួន ​៤​នាក់»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT