Rodtangបង្ហាញអំពីបុរសម្នាក់ស្ថិត​ក្នុង​ដួង​ចិត្ត​របស់ខ្លួន​មុន​ក្លាយ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក

Rodtang Jitmuangnon​ ឬ​ ឈ្មោះ​ក្រៅ​ «The Iron Man» ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​ជោគជ័យ​យ៉ាង​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ​រូប​គេ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Champion​ ​ ​ពេល​ឈ្នះ Jonathan Haggerty ​កាល​ខែ​សីហា។ ​បន្ទាប់​មក ​​ រូប​គេ​ការពារ​ខ្សែ​ក្រវាត់ ​បាន​សម្រេច​​លើក​ទី​១​ ក្រោយ​ឈ្នះ​កីឡាករ​ប្រេស៊ីល​ Walter Goncalves ​ នៅ​ក្នុង​កម្មវិធី​ ONE:CENTURY ​កាល​​ខែ​តុលា​កន្លង​ទៅ។ ​​

យ៉ាង​ណា​ក្ដី រូប​គេ​នៅ​តែ​មិន​ភ្លេច​ឡើយ​ចំពោះ​បុរស​​​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​​​ដែល​​បាន​ណែ​នាំ​​ផ្លូវ​រហូត​ទទួល​បាន​ជោគជ័យ​យ៉ាង​ដូច​​ច្នេះ។ ​បុរស​ដែល​គេ​មិន​អាច​បំភ្លេច​បាន​នោះ​ គឺ​ ​សព​របស់​លោក ​ Huan បន្ទាប់​ពី​រូប​លោក​តម្រង់​ផ្លូវ​ និង ណែ​នាំ​​រឿង​ល្អៗ​មុន​ឈាន​ដល់​កម្រិត​ពិភព​លោក​​នា​ពេល​បច្ចុប្បន្ន។ ​ជើង​​ខ្លាំង​វ័យ​ ២២​ឆ្នាំ​ រូប​នេះ​​បញ្ជាក់​ថា​ បើ​គ្មាន​លោក​ Huan ទេ​ ក៏​​រូប​គេ​​មិន​អាច​ឈរ​ជើង​ដល់​​សព្វ​ថ្ងៃ​​នេះ​ដែរ។

Rodtang បាន​រៀប​រាប់​ថា៖​«​លោក Huan ជា​មិត្ត​ជិត​ស្និទ្ធ​​ម្នាក់​របស់​ម្ចាស់​ក្លិប​​​​របស់​ខ្ញុំ​នៅ Phatthalung។ ​គាត់​ទៅ​ក្លិប​​មើល​ការ​ហ្វឹកហាត់​របស់​ខ្ញុំ​ និង​ ​ឃ្លាំ​មើល​ខ្ញុំ​កាល​ខ្ញុំ​នៅ​ក្មេង។ គាត់​[Huan] គិត​ថា​ខ្ញុំ​​មាន​ទេព​កោសល្យ ​ហើយ​ សួរ​​ប៉ា​របស់​ខ្ញុំ​​​ថា​តើ​អាច​​មក​ហ្វឹកហាត់​នៅ​​បាងកក​បាន​ទេ​នៅ​ក្លិប​ Jitmuangnon »។

ពីរ​​បី​ឆ្នាំ​ក្រោយ​មក​​ទើប​​ “The Iron Man” ​ធ្វើ​ដំណើរ​​យ៉ាង​ឆ្ងាយ​ផ្លាស់​មក​រាជធានី​បាងកក​ និង អភិវឌ្ឍ​​អាជីព​​ឲ្យ​កាន់​តែ​ល្អ​ឡើង។ គេ​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​​ប្រដាល់​ Jitmuangnon Gym ​​នា​រាជធានី​បាងកក ​ហើយ​​ត្រូវ​បាន​​​​​​គេ​​នាំ​​គ្នា​​មើល​អ៊ូអរ​ក្រោម​ក្រសែ​ភ្នែក​កូន​សិស្ស​មាន​ទេព​កោសល្យ​ជា​ច្រើន។ ​គ្រូ​បង្វឹក​ Huan ​បាន​ធ្វើ​ឲ្យ​រូប​គេ​​ក្លាយ​ជា​​តារា​ល្បី​ម្នាក់​ក្នុង​ចំណោម​កីឡាករ​​ជា​ច្រើន​នៅ​ប្រទេស​ថៃ។ ​ «The Iron Man» ​​​បន្ត​ថា ៖« គាត់​បង្ហាត់​ខ្ញុំ​គ្រប់​បែប​យ៉ាង និង​យក​ចិត្ត​​​​ទុក​ដាក់​លើ​ខ្ញុំ​ដូច​ជា​កូន​អីចឹង។​ ​ពួក​យើង​ដូច​ឳ​ពុក​និង​កូន។ គាត់​ចំណាយ​ពេល​បង្ហាត់​ខ្ញុំ​យ៉ាង​ច្រើន​តាំង​ពី​ក្បាច់​គុន​មិន​ចេះ​នឿយ​ហត់​ និង​ ចរិត​លក្ខណៈ»។

​ម្ចាស់​ក្លិប​ខាង​លើ​ ​បាន​ជួយ​ Rodtang ​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​អាជីព​​នៅ​​សង្វៀន​កម្រិត​ខ្ពស់​បំផុត​នៅ​ប្រទេស​ថៃ និង ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship។

ទោះ​ជា​​មាន​រឿង​ជា​ច្រើន​កើង​ឡើង​ក្ដី​ ក៏ «The Iron Man» ​មិន​អាច​​​បំភ្លេច​នូវ​គុណូបការៈ​របស់​លោក​ Huan ​បាន​ទេ។ ​ទោះ​ជា​ស្ថិត​ក្នុង​​ស្ថានភាព​បែប​ណា​​ក៏​ដោយ​ ​ក៏​លោក​ Huan តែង​តែ​គាំទ្រ​​​​ផ្ដល់​កម្លាំង​ចិត្ត​និង​​ស្មារតី​ដល់ Rodtang ​​រហូត​មក​ដែរ។ ​​គ្រូ​បង្វឹក​ និង​​ជា​ម្ចាស់​ក្លិប​រូប​នេះ ​​ធ្វើ​ឲ្យ​ Rodtang ​ឈ្នះ​ខ្សែ​ក្រវាត់​ Omnoi Stadium Muay Thai World Champion ​ពីរ​សម័យ​កាល និង ​ឈ្នះ​ខ្សែ​ក្រវាត់​​កម្រិត​ពិភព​លោក​ ONE ​ខាង​លើ។

ប៉ុន្តែ​រឿង​ដ៏​សោក​សៅ​គឺ ​ពេល​ Huan ​ទទួល​មរណភាព​​កាល​ខែ មីនា ឆ្នាំ ២០១៨។ នេះ​ជា​រឿង​រន្ធត់ និង​ជា​ការ​បាត់បង់​បុរស​សំខាន់​ម្នាក់​ក្នុង​ពិភព​ក្បាច់​គុន​ថៃ។ វា​ជា​រឿង​មួយ​មិន​គួរ​កើត​និង​បង្កើត​ភាព​ស្រពិចស្រពិល​ជា​ច្រើន​នៅ​ក្លិប​ Jitmuangnon Gym។ Rodtang បាន​រំលឹក​​យ៉ាង​កម្សត់​ថា៖«អ្វីៗ​​គ្រប់​យ៉ាង​​ត្រូវ​បញ្ឈប់​ពេល​គាត់​ស្លាប់​។ គាត់​ដូច​​ជា​ឳ​ពុក​របស់​​ខ្ញុំ។ គាត់​បង្រៀន​ខ្ញុំ​គ្រប់បែប​យ៉ាង។ ​ខ្ញុំ​តក់​ស្លុត​ពេល​គាត់​លា​ចាក​លោក។ ​ខ្ញុំ​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក។ យើង​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នៅ​ក្លិប​នោះ​ទេ។ ​វា​​មាន​ភាព​ចលាចល​មួយ​​ជា​ច្រើន​ ប៉ុន្តែ​​យើង​មាន​គោល​ដៅ​ត្រូវ​​រក្សា​កេរ្តិ៍ឈ្មោះ​របស់​គាត់»។

បែប​ណា​ក៏​ដោយ​ចាប់​ពី​ពេល​នោះ​មក Rodtang ​​ត្រូវ​​មើល​ថែ​ខ្លួន​ឯង​ ហើយ​ជា​ពេល​វេលា​ដ៏​លំបាក​មួយ​​​ដែល​បាន​ឆ្លង​កាត់។ ​Rodtang ​បញ្ជាក់​ថា​ ​លោក Huan បាន​កត់​ត្រា​ការ​ប្រកួត​របស់​គេ​រាល់​លើក ​ដូច្នេះ​រូប​គេ​ត្រូវ​​តែ​ដាក់​គោល​ដៅ​យក​ឈ្នះ​គ្រប់​ការ​ប្រកួត​ដើម្បី​ជា​ការ​រំលឹក​ដល់​គ្រូ​បង្វឹក Huan។

ពេល​វេលា​កន្លង​ទៅ​ប៉ុន្តែ ​ Rodtang ​មិន​បំភ្លេច​​លោក Huan ​ឡើយ​​ព្រោះ​លោក​​បាន​ជ្រោមជ្រែង​​​រូប​គេ​ឲ្យ​​ខ្ពស់​ត្រដែត​ក្នុង​អាជីព​ប្រដាល់​មួយ​នេះ។ Rodtang នៅ​តែ​​រំលឹក​ដល់​លោក Huan បែប​នេះ៖«​ពេល​ឡើង​វ៉ៃ​ខ្ញុំ​តែ​រំលឹក​អំពី​គាត់។ ​ខ្ញុំ​មាន​ខ្សែ​រំ​សាកសព​​របស់​គាត់ ហើយ​ខ្ញុំ​រក្សា​ទុក​ជា​មួយ​​ខ្ញុំ​​គ្រប់​ពេល​វេលា។ ​មុន​ពេល​ប្រកួត​ ​ខ្ញុំ​​នឹក​ដល់​​គាត់​ រំលឹក​ដល់​គាត់​ឲ្យ​គាំទ្រ​រូប​​ខ្ញុំ​ និង​ការពារ​ខ្ញុំ»។ ​បុរស​​រហស្សនាម​មនុស្ស​ដែក​ ​នៅ​តែ​បន្ត​​ដំណើរ​និង​រក្សា​កេរ្តិ៍​ឈ្មោះ​ក្លិប​ Jitmuangnon Gym ​ដើម្បី​​​ជា​ការ​រំលឹក​ដល់​គ្រូ​បង្វឹក​ ​និង​អតីត​ម្ចាស់​​​ក្លិប​ Jitmuangnon Gym ​ជា​រៀង​រហូត។

ជា​មួយ​គ្នា​នោះ​​​លោក​ស្រី​ Mare Ae ដែល​ជា​ប្រពន្ធ​​របស់​លោក Huan ​បាន​បន្ត​​កេរដំណែល​​របស់​ប្ដី និង​ធ្វើ​ការ​លើ​វិស័យ​ក្បាច់​គុន​តទៅ​មុខ​ទៀត។ ​លោក​ស្រី Mare Ae បាន​គាំទ្រ​ដល់​ Rodtang ​​ដូច​ប្ដី​របស់​​លោក​ស្រី​ដែរ។

Rodtang បន្ថែម​ថា ៖«​​លោក Huan ​​មាន​​មោទនភាព​​ចំពោះ​ខ្ញុំ។ ​គាត់​ជួយ​ខ្ញុំ​​តាំង​ពី​គ្មាន​អ្វីៗ​ទាំង​អស់។ ដូច្នេះ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ៗ និង​ប្រកួត​យក​ខ្សែ​ក្រវាត់​ដើម្បី​គាត់។ ​មាន​​រូប​គាត់​ទើប​ខ្ញុំ​មាន​អ្វីៗ​គ្រប់បែប​យ៉ាង​​​នៅ​ពេល​នេះ»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT