ក្រុមអ៊ុយរុយហ្គាយត្រូវធ្វើការធ្ងន់នៅរាត្រីម៉ោង១រំលងអាធ្រាត្រនេះ ដោយប៉ះជាមួយក្រុមព័រទុយហ្គាល់ នៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2018 ។
អ៊ុយរុយហ្គាយ ជាក្រុមមានប្រព័ន្ធការពារខ្លាំងមួយ ដោយឆ្លងកាត់៣ប្រកួតមកនេះ ពួកគេមិនទាន់របូតគ្រាប់បាល់១គ្រាប់នោះទេ។ ត្បិតតែយ៉ាងនេះក្ដី ខាងព័រទុយហ្គាល់វិញ ក៏មានតំបន់ប្រយុទ្ធល្អផងដែរ តួយ៉ាងដូចជា Cristiano Ronaldo រកបាន៤គ្រាប់ហើយឆ្លងកាត់៣ប្រកួតមកនេះ។
ទន្ទឹមគ្នានេះ លោក Oscar Tabarez គ្រូបង្វឹកក្រុមអ៊ុយរុយហ្គាយ បានបង្ហាញចំណាប់អារម្មណ៍ក្នុងប្រកួតយប់នេះថា៖ “Ronaldo ជាខ្សែប្រយុទ្ធល្អជាងគេលើលោកម្នាក់។ គាត់មិនត្រឹមតែល្អក្នុងការរកគ្រាប់បាល់នោះទេ ប៉ុន្តែគាត់ក៏ជាអ្នកដឹកនាំសមាជិកក្នុងក្រុមល្អផងដែរ។ គ្មានខ្សែការពារណាម្នាក់នៅលើលោកនេះ អាចទៅបិទ ១ស្មើជាមួយ Ronaldo បានឡើយ ទោះជា Godin ក៏មិនអាចដែរ។ យើងនឹងធ្វើការជាក្រុមដូចកាលប្រកួតមុនៗ ហើយមិនអាចភ្លេចការប្រុងប្រយ័ត្នរបស់យើងបានឡើយ”។
ព័រទុយហ្គាល់ មិនចាញ់ក្នុង១៧ប្រកួតផ្លូវការកន្លងមកនេះ ប៉ុន្តែបើងាកមកមើលប្រព័ន្ធការពាររបស់អ៊ុយរុយហ្គាយវិញក៏មិនធម្មតាដែរ។ ឆ្លងកាត់៣ប្រកួតក្នុងពូល គ្មានក្រុមណាអាចស៊ុតពួកគេចូលនោះទេ។ អ្នកវិភាគជាច្រើនគិតថាប្រកួតយប់នេះ ក្រុមទាំងពីរខាងលើនឹងស្មើគ្នា ហើយកាត់ក្ដីដោយបាល់ប៉េណាល់ទី១១ម៉ែត្រ៕ប្រភព៖ DailyMail