Nong-O ​នៅ​តែ​ខ្លាំង​ការពារ​ខ្សែ​ក្រវាត់​​​ ONE លើក​ទី៣​​បាន​ជោគជ័យ​​​

ជើង​ខ្លាំង​ Nong-O Gaiyanghadao ការ​ពារ​ខ្សែ​ក្រវាត់​​ ONE BANTAMWEIGHT MUAY THAI WORLD TITLE របស់​ខ្លួន​បាន​ជោគជ័យ​លើក​ទី៣​​ បន្ទាប់​ពី​​ម៉ាត់​ Saemapetch Fairtex ​ឲ្យ​សន្លប់​ទឹក​ទី៤​នៅ​សង្វៀន​ ONE: EDGE OF GREATNESS។ចំណែក​កីឡាករ​ម្ចាស់​ផ្ទះ​ Amir Khan ​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​​លើ​កីឡាករ​ម៉ាឡេស៊ី​ Ev Ting ​ក្នុង​នាម​ជា​គូ​ឯក​រង។ រីឯ​ ​កីឡាការិនី​​អាមេរិក​ ​​Colbey Northcutt ​​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​លើ​​កីឡាការិនី​​ឥណ្ឌូណេស៊ី​ Putri Padmi ​ជា​ឯកច្ឆន្ទ។ ​ជើង​ខ្លាំង​​​ថៃ​ Petchmorakot Petchyindee Academy​ ផ្ដួល​កីឡាករ​ចក្រ​ភព​អង់គ្លេស​​ Charlie Peters ​ត្រឹម​ទឹក​ទី២។

ទឹក​ទី១​អាច​វ៉ៃ​និង​ទាត់​សង​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ​ ​Nong-O ​ម៉ាត់​ឆ្វេង​ស្ដាំ​ចុង​ទឹក​​​ទី​២​ធ្វើ​ឲ្យ ​Saemapetch Fairtex ​ដេក​ក្ដារ​រេញ​ ​ពីរ​ដង​​ ហើយ​​អាជ្ញា​កណ្ដាល​មិន​បាន​រាប់​ទេ​ដោយ​សារ​ងើប​វិញ​លឿន។ Saemapetch ​មាន​​ឱកាស​ប្រើ​ជំហរ​រឹង​របស់​ខ្លួន​ដើម្បី​​វ៉ៃ​ចូល​គោល​ដៅ​លើ​ម្ចាស់​ខ្សែ​ក្រវាត់​វិញ ​នៅ​ទឹក​ទី​៣ ​ប៉ុន្តែ​ ​មិន​ជា​បញ្ហា​ខណៈ​ Nong-O ​ក៏​បាន​ឆ្មក់​វិញ​ចំ​គោល​ដៅ​មួយ​ៗ​ដែរ។​ ដើម​ទឹក​ទី៤ ​កីឡាករ​ទាំង​ពីរ​នៅ​តែ​រក្សា​លំនឹង​​បាន​ល្អ​​ប៉ុន្តែ​​​មួយ​​ដៃ​ស្ដាំ​របស់​ Nong-O ​​ធ្វើ​ឲ្យ​ Saemapetch ​សន្លប់​ឈឹង​​ងើប​លែង​រួច​តែ​ម្ដង​នៅ​ពាក់​កណ្ដាល​ទឹក​នេះ។ ​ Nong-O ​នៅ​តែ​រក្សា​ខ្សែ​ក្រវាត់​របស់​ខ្លួន និង កើន​កំណត់​​ត្រា​ឈ្នះ ២៦១ ​ចាញ់ ​​៥៤ និង ​ស្មើ​ ១ ​ដង។

​នេះ​ជា​ការ​ការពារ​ខ្សែ​ក្រវាត់​បាន​សម្រេច​លើក​ទី​៣​របស់ Nong-O។ ​កីឡាករ​វ័យ​វ័យ ៣៣ ឆ្នាំ​​ថ្លែង​ថា៖«​​​ជា​ដំបូង​​ខ្ញុំ​សូម​អរគុណ​​ដល់​អ្នក​គាំទ្រ​និង ​គ្រួសារ​របស់​ខ្ញុំ។ ​Saemapetch​ ពិត​ជា​ខ្លាំង​ណាស់​ទោះ​​ដួល​ពីរ​លើក​​នៅ​ទឹក​ទី២​ ប៉ុន្តែ​អាច​ងើប​មក​​ប្រកួត​​បាន​ទៀត។ ​​ខ្ញុំ​ហ្វឹកហាត់​ខ្លាំង​ណាស់។ ​នេះ​ជា​លើក​ទី១​ដែល​ខ្ញុំ​ផ្ដួល​ដៃ​គូ​​ប្រជែង​​​​ខ្សែ​ក្រវាត់​ឲ្យ​សន្លប់»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT