អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជានិងជាអតីតខ្សែបម្រើឆ្នើមនៅក្លឹប AC Milan គឺលោក Keisuke Honda បានប្រកាសជាផ្លូវការជុំវិញការចុះហត្ថលេខាចូលរួមលេងឲ្យក្លឹប Vitesse Arnhem នៅក្របខ័ណ្ឌ Eredivisie នៃលីគប្រទេសហូឡង់។
បុរសវ័យ ៣៣ ឆ្នាំនឹងចូលរួមជាមួយ Vitesse លើកុងត្រាដល់បញ្ចប់រដូវកាល ២០១៩/២០ ដោយតាមការឲ្យដឹង Honda ចង់មានពេលវេលាលេងគ្រប់គ្រាន់ដើម្បីត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបលោក Honda និយាយថា៖ “វាខកខានយូរណាស់មកហើយដែលខ្ញុំធ្លាប់លេងបាល់ទាត់នៅហូឡង់ ដោយខ្ញុំសង្ឃឹមថាអ្នកគាំទ្រនៅតែចងចាំខ្ញុំ បែបណាមិញខ្ញុំនឹងធ្វើគ្រប់យ៉ាងនៅលើទីលាន និងចង់ក្លាយជផ្នែកដ៏សំខាន់មួយក្នុងក្រុមនេះ”។
រំឭកថា Honda ធ្លាប់លេងឲ្យក្លឹប VVV-Venlo នៅក្របខ័ណ្ឌ Eredivisie នាចន្លោះខែមករាឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១០៕ ប្រភព៖ FoxSportAsia