ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក នឹងទុកកីឡាករសំខាន់រហូតដល់១០នាក់ ក្នុងការប្រកួតបិទពូលជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅថ្ងៃសុក្រចុងសប្ដាហ៍នេះ។
បែលហ្សិក និងអង់គ្លេស នឹងត្រូវតតាំងគ្នា លក្ខណៈបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះថាក្រុមទាំងពីរនេះបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយទៅហើយ។ ជាមួយការឡើងទៅទាំងពីរនេះដែរ ក្រុមទាំងសងខាងអាចនឹងទុកជើងកីឡាករសំខាន់មួយចំនួន ដើម្បីត្រៀមលេងវគ្គ១៦ក្រុមចុងក្រោយវិញ។
សម្រាប់ក្រុមបែលហ្សិក លោក Roberto Martinez ដែលជាគ្រូបង្វឹកបានបញ្ជាក់ថាក្រុមរបស់លោកកំពុងមានបញ្ហារបួសកីឡាករសំខាន់មួយចំនួន ដូចជា Lukaku និង Hazard ជាដើម។ ត្បិតតែរបួសនេះបន្តិចបន្តួច ប៉ុន្តែលោកបញ្ជាក់ថាពួកគេនឹងត្រូវសម្រាកសម្រាប់ការប្រកួតទល់អង់គ្លេស។ មួយវិញទៀត កីឡាករដែលបានកាតលឿងមួយរួចហើយ ដូចជា Kevin De Bruyne, Jan Vertonghen និង Thomas Meunier នោះក៏អាចនឹងមិនដាក់ឱ្យលេងដែរសម្រាប់ប្រកួតនេះ។
“វាជាហានិភ័យ សម្រាប់យើង បើយើងដាក់កីឡាករបានកាតលឿង១រួចហើយ និងកីឡាករកំពុងរងរបួសតិចតួចឱ្យចូលលេង នៅប្រកួតបង្គ្រប់កិច្ចនេះ។ យើងនឹងទុកពួកគេឱ្យលេងប្រកួតសំខាន់ៗវិញល្អជាង។ កីឡាករជម្រើសដំបូងរបស់យើងច្រើន នឹងត្រូវសម្រាកយកកម្លាំង ដើម្បីលេងវគ្គ១៦ក្រុម”។ សម្ដីរបស់លោក Martinez៕ប្រភព៖ THESUN