​Emmanuel រំពឹង​ធ្វើ​បាន​ល្អ​​ពេល​ឡើង​សង​សឹក​ Devon Morris នៅ​សង្វៀន​ ONE :WARRIOR SERIES 8

​ជើង​ខ្លាំង​​គុន​ចម្រុះ​​សញ្ជាតិ​នីហ្សេរីយ៉ា​ Emmanuel Onyedikachi ​ដែល​សំងំ​ហ្វឹកហាត់​​ និង ឡើង​សង្វៀន​នៅ​ស្រុក​​ខ្មែរ​ជា​ហូរហែ​នោះ​រំពឹង​ធ្វើ​បាន​ល្អ ​ពេល​ឡើង​សងសឹក​ទល់​​​នឹង ​កីឡាករ​អាមេរិក​ ​ Devon Morris ​នៅ​សង្វៀន​ ONE :WARRIOR SERIES 8 ​នា​​ថ្ងៃ​ទី​ ៥ ​តុលា ​ខាង​​មុខ​ ដែល​រៀប​ចំ​នៅ​​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។ ​ការ​ផ្គូផ្គង​​ឲ្យ​ឡើង​​​សងសឹក​នេះ បន្ទាប់​ពី​ ​ Emmanuel ​ចាញ់​​ទឹក​​ទី២ ​កាល​ខែ​​កុម្ភៈ​ ​នៅ​សិង្ហបុរី។​​​

​កូន​សិស្ស​របស់ ​ ​ចាន់ រតនា​ បាន​​ថ្លែង​ថា៖«Devon Morris ជា​កីឡាករ​ល្អ​​ម្នាក់ និង មាន​បទ​​ពិសោធន៍​ច្រើន។ ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឡើង​ប្រកួត​​សង​សឹក​​ម្ដង​ទៀត។ ​ខ្ញុំ​គិត​ថា ​​​ខ្ញុំ​នឹង​មិន​ចាញ់​ទៀត​ទេ​ព្រោះ​​កាល​​លើក​មុន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​​ក្រៀមក្រំ។ ​ប៉ុន្តែ​លើក​​​​នេះ​យើង​​​នឹង​រង់​ចាំ​​​​តើ​លទ្ធផល​អាច​ដូច​លើក​មុន ​ឬ​​យ៉ាង​ណា​»។

Onyedikachi ​​ជា​កីឡាករ​មាន​បទ​​ពិសោធន៍​ ៤ ​លើក​​រួច​មក​ហើយ​នៅ​សង្វៀន​ ONE ​ក្នុង​នោះ​​​ឈ្នះ​ ៣​​លើក​ដំបូង​​​ប៉ុន្តែ​ចុង​ក្រោយ​ចាញ់​ Morris ខាង​លើ​ត្រឹម​ទឹក​ទី២​ ប៉ុណ្ណោះ។ ​ ​​ Onyedikachi ​ឡើង​សង្វៀន​ ONE ​លើក​ទី​១ ​គេ​ឈ្នះ​កីឡាករ​​ថៃ​ Nat Natchayangkul ​នៅ​ទឹក​ទី​៣ ​​កាល​ខែ​ មីនា​ ឆ្នាំ​ ២០១៨ ​មុន​ឈ្នះ ​​ជើង​ខ្លាំង​គុន​ចម្រុះ​​​ជន​ជាតិ​​ឥណ្ឌា​ Sandeep Kumar Dahiya នៅ​ទឹក​ទី១​ កាល​ ​ខែ​ កក្កដា ​​និង​ ឈ្នះ​ កីឡាករ​ចិន Xiaoxiang Xie ​​ដោយ​ពិន្ទុ​​ កាល​​ខែ​ តុលា​ឆ្នាំ​ ២០១៨​ ដដែល។ បន្ទាប់​មក​កីឡាករ​រហស្សនាម​ «The Biafran Warrior» ​សន្លប់​ក្រោម​កណ្ដាប់​ដៃ​​របស់​ Devon Morris ​កាល​ខែ​ ​កុម្ភៈ ​មុន​​ឡើង​​ប្រកួត​​ជា​ថ្មី​នា​​ដើម​ខែ តុលា ខាង​មុខ។ ​ការ​ប្រកួត​​​សង​សឹក​នេះ​ «The Biafran Warrior» មាន​ការ​​តាំង​ចិត្ត​ខ្ពស់ ​​​រួម​ទាំង​​​មាន​វិធី​ប្រកួត​ផ្សេង​ខុស​ពី​ប្រកួត​លើក​មុន។​

កីឡាករ​ដែល​​តែង​​តែ​​លើក​ទង់​ជាតិ​កម្ពុជា​​មុន និង​​ ក្រោយ​ពេល​ប្រកួត​បាន​​រៀប​​រាប់​ទៀត​ថា៖«​ការ​រៀប​ចំ​របស់​ខ្ញុំ​ ​ល្អ​ណាស់ ហើយ​គ្រូ​បង្វឹក​ចាន់ រតនា ​នៅ​តែ​ជួយ​ដល់​ខ្ញុំ។​ ​ប៉ុន្តែ​​ការ​រៀប​ចំ និង ការ​ហ្វឹកហាត់​​​របស់​ខ្ញុំ​គឺ​ខុស​ពី​មុន​ឆ្ងាយ​ណាស់។​ ខ្ញុំ​នឹង​តិកនិក​​ប្លែក​ដើម្បី​ប្រកួត។​ ខ្ញុំ​មិន​ចង់​លម្អិត​ច្រើន​​ពេក​ទេ ​​មាន​តែ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​ទី​ ៥ ​តុលា ​ទើប​ដឹង»។

អ្នក​លេង​គុន​ចម្រុះ​វ័យ​ ៣២ ​ឆ្នាំ​មក​ពី​ក្លិប​ «សិល្បៈ» ​​សង្កត់​ធ្ងន់​ថា៖«​​រឿង​ដែល​ច្បាស់​ ១០០%​សម្រាប់​ខ្ញុំ​ គឺ ​​​​នឹង​មាន​កម្រិត​​ខុស​គ្នា​ខ្លាំង​ពី​ការ​ប្រកួត​មុនៗ។​ ​​ខ្ញុំ​​​ហ្វឹកហាត់​ខ្លាំងក្លា​ ​ព្រោះ​ខ្ញុំ​ទើប​ទទួល​បាន​ការ​ចុះ​​ឈ្មោះ​ផ្លូវ​ការ​ជា​សមាជិក​​នៃ​​ការ​ប្រកួត​គុន​ចម្រុះ​​របស់​ក្រុម​ហ៊ុន​មួយ​ដែរ»។

គួរ​ដឹង​ដែរ​ថា​ ក្រៅ​ពី​មាន​អាជីព​ជា​អ្នក​ប្រដាល់​​​​​ដែល​រស់​នៅ​កម្ពុជា​ Emmanuel Onyedikachi ​ជា​​មនុស្ស​ស្នូល​ម្នាក់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​អង្គការ​ Biafran ឬ ​Biafran Organization​ នៅ​កម្ពុជា និង​ ជួយ​អង្គការ​កុមារ​កំព្រា​ជា​បន្ត​បន្ទាប់។ ​កីឡាករ​​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​តែង​តែ​​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​នៅ​កម្ពុជា។

ងាក​មក​កីឡាករ​អាមេរិក​​ Devon Morris​ ជា​កីឡាករ​មាន​បទ​ពិសោធន៍​ក្នុង​​​ក្បាច់​គុន​​ចម្រុះ​ដោយ​ឡើង​ប្រកួត​បាន​​រហូត​ដល់ ៩ ដង​ក្នុង​នោះ​​ឈ្នះ ៥ ដង និង ចាញ់ ៤ ដង។ ​អ្វី​​គួរ​កត់​សម្គាល់​ ​Morris ​មិន​ដែល​ចាញ់​ទេ​​ពេល​​ប្រកួត​នៅ​សង្វៀន​ ONE ​​ចំនួន​​៣​លើក​ចុង​ក្រោយ​ (ឈ្នះ​ទាំង​៣)។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT