ចាន់ រតនា ​បង្ហើប​អំពី​​គម្រោង​សំខាន់ៗ​មួយ​ចំនួន​​នៅ​ថ្ងៃ​មុខ​បន្ទាប់​ពី​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​​សម្រាប់​កម្ពុជា


កីឡាករ​​គុន​ចម្រុះ​លេច​ធ្លោ​ប្រចាំ​នៅ​កម្ពុជា​​​ ចាន់​ រតនា ​​​បង្ហើប​អំពី​គម្រោង​សំខាន់ៗ​មួយ​ចំនួន​ បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​លើ​​​ជើង​ខ្លាំង​​គុយ​បា ​Gustavo Balart ​​ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ចំនួន​៣​​ទឹក​ នៅ​សង្វៀន​ ONE: DREAM OF GOLD ​កាល​សប្ដាហ៍​មុន។ ​រតនា ​ក្លាយ​ជា​កីឡាករ​​គុន​ចម្រុះ​កម្ពុជា​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ ONE Championship ដែល​អាច​ឈ្នះ​ ៣​ លើក​ជាប់​គ្នា​ក្នុង​អាជីព ​ហើយ​ ​រូប​​​គេ​​ខិត​ខំ​ហ្វឹកហាត់​ទ្វេ​ដង​​ព្រោះ​អាច​ជួប​គូ​ប្រជែង​ខ្លាំង​​ៗ​នា​ពេល​ខាង​មុខ។

ទស្សនា​វីដេអូ​​ពេល​​ រតនា ប្រកួត​ឈ្នះ​ Balart កាល​ថ្ងៃ​សុក្រ៖

បន្ទាប់​ពី​ជ័យជម្នះ​ដ៏​ធំ​ក្នុង​អាជីព​នេះ​បុរស​វ័៣៣​ឆ្នាំ​បាន​ថ្លែង​ថា៖«​ខ្ញុំ​បាន​ទស្សនា​វីដេអូ​ ​របស់​ Gustavo ជា​ច្រើន។ ​​គ្រូ​និង​ក្រុម​ការងារ​របស់​ខ្ញុំ​បាន​ផ្ដល់​យោបល់​អំពី​ចំណុច​ខ្លាំង​និង​ខ្សោយ​របស់ Gustavo ទើប​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ទទួល​ជ័យជម្នះ​នេះ»។ ម្ចាស់​ក្លិប​សិល្បៈ​​បញ្ជាក់​ទៀត​ថា៖«​ខ្ញុំ​គិត​ថា​Balart ព្យាយាម​ចាប់​បោក​ខ្ញុំ​ទៅ​ក្ដារ​រេញ​ជា​ច្រើន​ដង ​ប៉ុន្តែ​​ការ​បោក​នៅ​ទឹក​ទី១​​និង​ទី២​ ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​អំពី​កម្លាំង​របស់​គេ​ ហើយ​មិន​​អាច​ធ្វើ​ឲ្យ​ខ្ញុំ​គ្រោះ​ថ្នាក់​នោះ​ឡើយ »។ ទីបំផុត​ទឹក​ទី៣​ ចាន់ រតនា ​ប្រើ​ជំហរ​គុន​ខ្មែរ​​​​ដូច​ជា​ម៉ាត់​កណ្ដាប់​ដៃ ​អុក​ជង្គង់ និង​ ​ទាត់​ជា​ច្រើន​ជើង​ធ្វើ​ឲ្យ​ Balart សឺ​ៗ​មិន​តិច​ឡើយ​​ដើម្បី​ទទួល​បាន​ជ័យជម្នះ​​យ៉ាង​ធំ​ធេង។

គ្រូ​បង្វឹក​មក​ពី​ក្លិប​ «សិល្បៈ»​ ​គូស​​សង្កត់​ធ្ងន់​បែប​នេះ៖«​ទឹក​ទី៣​ខ្ញុំ​កែ​ប្រែ​មិន​​ឲ្យ​ Balart ចាប់​ងាយៗ​ទេ​ដោយ​​ការពារ​​ ​​ក្បាច់​ម៉ាត់ ​ជង្គង់ និង ​ទាត់។ បើ​ខ្ញុំ​មិន​ធ្វើ​បែប​ហ្នឹង​ទេ ​ គឺ​លំបាក​ឈ្នះ​ណាស់»។

​ដោយ​ទទួល​លទ្ធផល​ឈ្នះ​ ៣ លើក​ជាប់​គ្នា​នៅ​​សង្វៀន​អន្តរជាតិ​ ONE Championship ​រតនា​ ​បង្ហើប​គម្រោង​ទៅ​ថ្ងៃ​មុខ​ថា៖«​ពី​មុន​ខ្ញុំ​ចង់​ប្រកួត​ជា​មួយ ​Ma Hao Bin ម្ដង​ទៀត​ដែល​ខ្ញុំ​ធ្លាប់​ចាញ់​កាល​​ឆ្នាំ ២០១៦។ ​ប៉ុន្តែ​​ឥឡូវ​ខ្ញុំ​អត់​​ខ្វល់​ថា​​ត្រូវ​ជួប​អ្នក​ណា​ឡើយ​ សំខាន់​ឲ្យ​តែ​ខាង​ ONE គេ​រៀប​ចំ​ឲ្យ។ ​​លើក​ក្រោយ​ខ្ញុំ​ចាញ់​ ឬ​ ឈ្នះ​ ខ្ញុំ​សប្បាយ​ចិត្ត​​ចំពោះ​អ្វី​ដែល​ខ្ញុំ​​ទទួល​បាន​​នា​ពេល​បច្ចុប្បន្ន។ ​ប៉ុន្តែ​​​អ្វី​​​ចង់​ខ្លាំង​បំផុត​ ​ខ្ញុំ​ចង់​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់»។

«​រឿង​សំខាន់​សម្រាប់​ខ្ញុំ​គឺ​ ​នៅ​កម្រិត​នេះ​ ខ្ញុំ​ត្រូវ​តែ​ប្រឹង​ទ្វេ​ដង​ ព្រោះ​ខ្ញុំ​នឹង​ជួប​គូ​ប្រកួត​ខ្លាំងៗ​បន្ថែម​ទៀត។​ ​ខ្ញុំ​ជឿ​ជាក់​ថា​ ខ្ញុំ​នឹង​ជួប​អ្នក​ខ្លាំង​ជាង​ការ​​ប្រកួត​កន្លង​ទៅ។ ​ខ្ញុំ​​ទទួល​លទ្ធផល​ល្អ​​​រហូត​ដល់​ពេល​នេះ​ព្រោះ​ខ្ញុំ​​​ធ្វើ​ការ​ខ្លាំង​ក្លា។ ​ទោះ​ចាញ់ ឬ ​ឈ្នះ​​ពេល​ប្រកួត​​​ខាង​មុខ​មិន​​​មែន​ជា​បញ្ហា​ ខ្ញុំ​ក៏​អស់​ចិត្ត​ដែរ​ ប៉ុន្តែ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ល្អ​បំផុត​​តំណាង​ឲ្យ​កម្ពុជា»។ ​កូន​សិស្ស​លោក Lorenzo ​សង្កត់​ធ្ងន់​​បែប​នេះ។

គួរ​ដឹង​​ថា ចាន់ រតនា ​​ទទួល​បាន​ជ័យជម្នះ​ ៧ ​ដង​​ក្នុង​ការ​បង្ហាញ​ខ្លួន​ ១០ ​ដង​នៅ​សង្វៀន​អន្តរជាតិ​​ ONE Championship។​ ​អ្វី​ដែល​អស្ចារ្យ​ក្នុង​ពិភព​គុន​ចម្រុះ​នោះ គឺ ឈ្នះ​ ៣​លើក​ចុង​ក្រោយ​ជាប់​គ្នា​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា​ និង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី។

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​​​គ្រប់​ការ​ប្រកួត​របស់​សង្វៀន ONE Championship តាម​រយៈ​ https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ ​​ អត្ថបទ៖ ស៊ីធី ​

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT