គ្រូបង្វឹក សាន សៅយ៉ាន់ បានបង្ហើបថាកូនសិស្សរបស់ខ្លួន សុខ ធី មើលទៅមានកម្លាំងស៊ុហ្វល្អជាងមុនបន្ទាប់ពីចាញ់ Rodtang Jitmuangnon កាលខែ ឧសភា កន្លងទៅនៅប្រទេសថៃ ហើយត្រៀមខ្លួនឡើងសង្វៀនឯកភ្នំដើម្បីប្រកួត ៣ទឹកដូចសង្វៀន ONE។ ថ្មីៗនេះជើងខ្លាំង Rodtang Jitmuangnon ទើបឈ្នះខ្សែក្រវាត់លំដាប់ពិភពលោក FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ពី Jonathan Haggerty។
លោក សាន សៅយ៉ាន់ រំលឹកថា បន្ទាប់ពី សុខ ធី ចាញ់ដោយសារការទាត់ជើងក្រោម របស់ Rodtang គេបានតាំងចិត្តហ្វឹកហាត់យ៉ាងល្អដើម្បីត្រលប់មកដូចដើម និង ល្អប្រសើរជាងមុន។ ក្រោយរងបរាជ័យទល់នឹង មនុស្សដែក Rodtang សុខ ធី ទើបឡើងសង្វៀនបាន ២ ប្រកួតប៉ុណ្ណោះ ហើយឈ្នះទាំងពីរប្រកួត។ គ្រូបង្វឹកដដែលថា សុខ ធី ឈ្នះពិន្ទុកីឡាករថៃ Khaokrachang ដោយពិន្ទុនៅសង្វៀន PNN កាលចុងខែ កក្កដា។ លោកសង្កេតឃើញថា សុខ ធី វ៉ៃប្រាំទឹកអត់អស់កម្លាំងស៊ុហ្វ ពោលកម្លាំងស៊ុហ្វល្អជាងមុនច្រើន។ មុនឈ្នះពិន្ទុនៅ PNN កាកា បានវ៉ៃកីឡាករថៃ Petchprakan ឲ្យចុះចាញ់ត្រឹមទឹកទី៤នៅសង្វៀនបាយ័ន។
គ្រូបង្វឹកវ័យ ៤០ ឆ្នាំមកពីខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់បែបនេះ៖«សុខ ធី បានខិតខំហាត់ដែលនាំឲ្យគេរឹងជាងមុន ដូចដែលបានតាំងចិត្ត ក្រោយចាញ់ Rodtang។ ខ្ញុំមើលឃើញពីរប្រកួតកន្លងទៅ គេល្អ។ ហើយចុងខែនេះនឹងត្រៀមខ្លួនឡើងប្រកួតបន្តបន្ទាប់។ កាកានឹងឡើងប្រកួត ៣ ទឹកដូចសង្វៀន ONE នៅឯកភ្នំ នាខេត្តបាត់ដំបូង»។
គ្រូបង្វឹកដដែលរៀបរាប់ថា ការវ៉ៃប្រាំទឹករបស់ កាកា នៅបាយ័ន និង PNN ល្អណាស់ និងមានលំនឹងទៀតផងថែមល្អទាំងកម្លាំងស៊ុហ្វ។ «ខ្ញុំគិតថា បើវ៉ៃ៣ទឹកនៅសង្វៀនឯកភ្នំ រឹតតែល្អទៀតហើយ។ ព្រោះយើងវ៉ៃ ៥ ទឹកអត់សូវហត់ផង។ ការប្រកួត ៣ ទឹកខុសប្លែកគ្នាពីប្រាំទឹក។ បើលេង ៣ គឺ បុកតាំងពីដំបូង។ បើយើងឈ្នះ ២ទឹកគឺមានប្រៀបឈ្នះតែម្ដង។ ហើយអាជ្ញាកណ្ដាលដាច់ខាតត្រូវតែប្រាប់ឲ្យកីឡាករវ៉ៃ មិនមែនឡើងមកខ្លាចៗទេ»។ នេះជាការបញ្ជាក់ អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ ៥៧ គីឡូក្រាមកាលឆ្នាំ ២០០២។
សុខ ធី បង្ហាញខ្លួន ៣ លើកនៅសង្វៀនលំដាប់អន្តរជាតិ ONE ប៉ុន្តែ បរាជ័យទាំង ៣ លើកតែម្ដងដោយសារគូប្រកួតសុទ្ធតែលំដាប់ខ្សែក្រវាត់នៅថៃ និង ពិភពលោក។ គេចាញ់ជើងខ្លាំងម្ចាស់ខ្សែក្រវាត់ជាច្រើននៅថៃ Leardsila ចំនួន ២ លើក និង ចុងក្រោយចាញ់កីឡាករម្ចាស់ផ្ទះថៃ Rodtang Jitmuangnon នៅសង្វៀន ONE: WARRIORS OF LIGHT កាលថ្ងៃទី ១០ ខែ ឧសភា នៅក្រុងបាងកក។ នាការប្រកួតចុងក្រោយ Rodtang បានផ្ដល់មេរៀនឲ្យ សុខ ធី ខកខានហ្វឹកហាត់ជាច្រើនថ្ងៃដោយសាររបួសជើង។