វី ស្រីខួច ​ជម្នះ​រឿង​រ៉ាវ​ជា​ច្រើន​រហូត​​ក្លាយ​ខ្លួន​ជា​កីឡា​ការិនី​ប្រដាល់​​លេច​ធ្លោ​នៅ​កម្ពុជា​

វី ស្រីខួច​ ដែល​​​​គេ​ស្គាល់​តាម​រយៈ​ការ​ប្រកួត​ជា​ច្រើន​នៅ​លើ​សង្វៀន​ប្រដាល់​សេរី​ ​ជា​ពិសេស​​​ការ​បង្ហាញ​ខ្លួន​​នៅ​សង្វៀន​ ONE ​នា​​ឆ្នាំ​​កន្លង​ទៅ។ ​បច្ចុប្បន្ន​នេះ​​ ស្រីខួច​ ជា​កីឡាការិនី​ប្រដាល់​សកល​​ជម្រើស​ជាតិ​​ដ៏​​លេច​ធ្លោ​ម្នាក់​ និង​ ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​ ២០១៩ ​នេះ​នៅ​ហ្វីលីពីន​តំណាង​ឲ្យ​កម្ពុជា។​ ​មាន​រឿង​រ៉ាវ​ និង​ ការ​តស៊ូ​​​ជា​ច្រើន​រហូត​ដល់​មាន​ភាព​លេច​ធ្លោ​ក្នុង​ពិភព​កីឡា​ប្រដាល់​នៅ​កម្ពុជា។

​វី ស្រីខួច​ ជម្នះ​លើ​ការ​ទិតៀន៖

វី ស្រីខួច ​​ត្រូវ​បាន​​​ស្ត្រី​ជា​ច្រើន​​ក្នុង​សង្គម​ ឬ ​អ្នក​​មាន​វ័យ​ស្របាល​គ្នា​រិះគន់​ថា​ខ្លួន​ជា​​ស្រី​ ​​បែរ​ជា​ទៅ​ហាត់​ក្បាច់​គុន​​ទាត់​ធាក់​​ ព្រោះ​ក្បាច់​គុន​សម្រាប់​បុរស​ៗ។​ ​​​ ស្រីខួច ​ចូល​ហាត់​ប្រដាល់​តាំង​ពី​អាយុ​ ១៦ ​ឆ្នាំ​ ជា​មួយ​បង​ប្រុស​ វី សាវុធ ​នៅ​ក្លិប​ឥន្ទ្រី​កីឡា​ ​ដែល​​​បង្វឹក​ដោយ​​​លោក​គ្រូ ​ដួង បូរី ​នៅ​មិន​​ឆ្ងាយ​ពី​ផ្ទះ​ប៉ុន្មាន​​នា​​ក្រុង​ ​តាខ្មៅ​ ខណៈ​ដែល​ ​ខ្លួន​កំពុង​ធ្វើ​ការ​រោង​ចក្រ​​នៅ​ឡើយ​ដោយ​សារ​ជីវភាព​គ្រួសារ​ខ្សត់ខ្សោយ។​ ស្រីខួច​ ធំ​ដឹង​ក្ដី​​ក្នុង​ការដ្ឋាន​សំណង់​ ព្រោះ​​ឳពុក​ម្ដាយ​ធ្វើ​ការ​សំណង់​នៅ​​ ភូមិ​ព្រែក​សំរោង ឃុំ​តាខ្មៅ ​ក្រុង​​តាខ្មៅ​ ​អំឡុង​ឆ្នាំ​ ២០០០​ ដែល​នេះ​ជា​ហេតុ​​ធ្វើ​​ឲ្យ​ខ្លួន​មិន​អាច​បន្ត​ការ​សិក្សា​បាន​វែង​ឆ្ងាយ​ដូច​ក្មេង​​ស្រី​ដទៃ។ ដំបូង​ឡើយ​ ស្រីខួច ​ចូល​ហាត់​​លេង​ៗ​​ដើម្បី​សុខភាព​ប៉ុន្តែ​ ​ទីបំផុត​ប្រដាល់​បាន​រុញ​ច្រាន​ជីវិត​ឲ្យ​ល្អ​ប្រសើរ។​ ​ស្រីខួច​ ​ក៏​​មិន​សូវ​សប្បាយ​ចិត្ត​​​ចំពោះ​ពាក្យ​​រិះ​គន់​​​ខាង​លើ​​ដោយ​ថ្លែង​ថា​ ៖«ខ្ញុំ​ត្រូវ​គេ​និយាយ​ដាក់​ថា​ ម៉េច​បាន​ទៅ​ហាត់​ប្រដាល់​​​បើ​​​យើង​​​​ជា​ស្រី? ​ប៉ុន្តែ​​​​ខ្ញុំ​ទទួល​បាន​ការ​​សរសើរ​​វិញ​ ពេល​ខ្ញុំ​​ឡើង​ប្រកួត​បាន​គ្រាន់​បើ​និង​ ​មាន​ឈ្មោះ​​បោះ​សំឡេង​រហូត​ជាប់​ជម្រើស​ជាតិ។​ ខ្ញុំ​សប្បាយ​ចិត្ត​មិន​ស្ដាយ​ក្រោយ​​ទេ​ពេល​នេះ»។ ​

ទោះ​​​ជា​ឳ​ពុក​ម្ដាយ​មិន​​មាន​ខ្សែ​ជា​អ្នក​ប្រដាល់​ ប៉ុន្តែ ​មាន​​បង​ប្រុស​បង្កើត​ វី សាវុធ ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ ​ដែល​នាំ​​​ឲ្យ​​កីឡាការិនី​វ័យ​២៤​​ឆ្នាំ​រូប​​នេះ​ឈាន​ដល់​ចំណុច​កំពូល។​ ​ក្នុង​ចំណោម​ បង​ប្អូន​​​បង្កើត​ចំនួន​ ៧​ នាក់​ មាន​៤​នាក់​ហើយ​ដែល​​​បាន​ចូល​​ខ្លួន​​ក្នុង​ពិភព​​កីឡា​ប្រដាល់។ ​​បង​ប្អូន​ ៤ នាក់​ដែល​ហាត់​ប្រដាល់​មាន វី សាវុធ,​ វី ស្រីខួច, ​ប្អូន​ប្រុស​ វី សុភ័ស,​ និង​ ​វី ស្រីស្រស់។ វី សាវុធ ​លា​ឈប់​ពី​ប្រដាល់​ទៅ​ប្រកប​របរ​រកស៊ី​ ​ដូច​នឹង​ប្អូន​ប្រុស​ វី សុភ័ស​ដែរ​ ប៉ុន្តែ​ ​ស្រីខួច និង ស្រីស្រស់ នៅ​ដើរ​ក្នុង​វិថី​ប្រដាល់​ដដែល។​ ​ស្រីស្រស់​ កីឡាការិនី​ ថ្នាល​ជំនាន់​ក្រោយ​ ហើយ​អាច​នឹង​ធ្វើ​បាន​ល្អ​នា​ថ្ងៃ​អនាគត។

 

ឈ្នះ​​ពាននៅ​បាយ័ន​ និង ​ខ្សែ​​ក្រវាត់៖

ការ​តស៊ូ​​របស់ ស្រីខួច ​មិន​រួញរា​ រហូត​ដល់​​ឈ្នះ​​ពាន​​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​ គីឡូក្រាម​​ កាល​ឆ្នាំ​២០១៣​ ដែល​​មាន​បេក្ខភាព​​​ចំនួន​​៤ នាក់។​ ​ក្នុង​ការ​ប្រកួត​​វិល​ជុំ​ដើម្បី​​ដណ្ដើម​ពាន​នេះ​​ បន្ទាប់​​ពី​​​ឈ្នះ​កីឡាកា​រិនី​ ​អេ យ៉ានុត​ ​ដោយ​ពិន្ទុ។​ ដោយ​សារ​តែ​ភាព​លេច​ធ្លោ​ វី ស្រីខួច​ ​​ទទួល​បាន​សេច​​ក្ដី​ពី​ទុក​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​​ និង ​សហព័ន្ធ​​កីឡា​ប្រដាល់​គុន​​ខ្មែរ​នៅ​បារាំង​ដោយ​​អញ្ជើញ​ទៅ​ប្រកួត​​​នៅ​ប្រទេស​បារាំង​នា​ឆ្នាំ​ ២០១៥។​ ​​កាល​នោះ​មាន​កីឡាករ​រួម​ដំណើរ​ ​ដូច​ជា​សេន ប៊ុនថែន ​រឿង សោភ័ណ្ឌ, និង វង្ស ណយ។​ ​​នេះ​ជា​​សមិទ្ធផល​មួយ​មិន​អាច​បំភ្លេច​បាន ​​ពេល​ឈ្នះ​ខ្សែ​​ក្រវាត់​នៅ​ប្រទេស​បារាំង​ បន្ទាប់​ពី​ឈ្នះ​កីឡាការិនី​ម្ចាស់​ផ្ទះ។​ ​ពេល​ត្រឡប់​​​មក​ស្រុក​ខ្មែរ​ ​វិញ ​លោក​ អៀង សារុន ​ដែល​ ស្រីខួច ​តែង​​តែ​​ហៅ​ថា​ «​​មេ» ​​​ហើយ​ ​​​​បម្រើ​ការ​​នៅ​​​អង្គភាព​កង​អង្គរក្ស​​នោះ​​​បាន​​​ប្រគល់​​ជូន​ម៉ូតូ​​ស្កុពី​ថ្មី​សន្លាង​ ​មួយ​គ្រឿង​​ សម្រាប់​​ការ​លើក​ទឹក​ចិត្ត និង ​ការ​សន្យា​កន្លង​មក។​ ​​ហើយ​លោក​​ ​​អៀង សារុន ​ក៏​បន្ត​ជួយ​ ស្រីខួច​ និង គ្រួសារ​រហូត​ដល់​បច្ចុប្បន្ន​​នេះ។​ នេះ​ជា​រឿង​រ៉ាវ​ដែល​មិន​អាច​បំភ្លេច​បាន​​សម្រាប់​លទ្ធផល​​តស៊ូ​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។ ​រហូត​ដល់​បច្ចុប្បន្ន​​​ក៏​នៅ​ទទួល​ការ​អាណិត​ស្រលាញ់​ពី​មេ​របស់​ខ្លួន​ដដែល​ និង​ ​ផ្ដល់​​ការ​​​រាប់​អាន​យ៉ាង​ស្មោះស្ម័គ្រ។

ការ​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ ONE

ក្នុង​ស្រុក​ ស្រីខួច​ ពិត​ជា​លំបាក​រក​ដៃ​គូ​ប្រកួត​ណាស់។​ ​យ៉ាង​ណា​ក្ដី​គេ​ត្រូវ​បាន​សង្វៀន​ ONE ​អញ្ជើញ​ទៅ​ប្រកួត​​​​តាំង​ពី​ឆ្នាំ​ ២០១៥ មក​ចំនួន​ ៣ លើក និង​​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ចំនួន​ ​១លើក។ ​​នេះ​​ការ​តស៊ូ ​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​អាច​ទាក់​ភ្នែក​ពី​ស្ថាប័ន​​រៀប​ចំ​ការ​ប្រកួត​លំដាប់​ពិភព​លោក។​ ​ដ្បិត​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ​មិន​សូវ​ទទួល​​បាន​​ការ​អញ្ជើញ​ទៅ​ក្រៅ​ប្រទេស​ ប៉ុន្តែ ​ប្អូន​ស្រី​ វី សាវុធ​ បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ឡើង​វិញ។​ ​​យ៉ាង​ណា​​ក្ដី គេ​ខិត​ខំ​ប្រឹង​​ប្រែង​ដើម្បី​​ប្រកួត​​​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​តំណាង​ឲ្យ​ជាតិ​​ក្នុង​វិញ្ញាសា​ប្រដាល់​សកល។ ​​ស្រីខួច នឹង​ចេញ​ទៅ​ហ្វឹកហាត់​​នៅ​ជប៉ុន ​ចាប់​ពី​ថ្ងៃ​ទី ១​ កញ្ញា​ តទៅ​ រហូត​ដល់​ការ​ប្រកួត​​​ស៊ីហ្គេម​ ​ចាប់​ផ្ដើម​នា​ខែ​ វិច្ឆិកា៕ អត្ថបទ៖ ស៊ីធី

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT