វី ស្រីខួច ជាកីឡាការិនីប្រដាល់សកលជម្រើសជាតិម្នាក់ដូច នៅ ស្រីពៅ និង ជាក្ដីសង្ឃឹមថាធ្វើបានល្អនៅស៊ីហ្គេមចុងឆ្នាំនេះ។ វី ស្រីខួច នឹងចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១ ខែ កញ្ញា តទៅ ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំ២០១៩ នេះ។ ការចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនចាប់ពីដើមខែ កញ្ញា នឹងបន្តរហូតដល់ថ្ងៃចេញទៅប្រកួតនៅស៊ីហ្គេមលើកទី៣០ ដែលរៀបចំនៅហ្វីលីពីន ពីថ្ងៃទី ៣០ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩។
វី ស្រីខួច ដែលមានបទពិសោធន៍ចូលរួមស៊ីហ្គេមឆ្នាំ២០១៧ នោះបានគូសបញ្ជាក់ថា ៖«ខ្ញុំមានតែការខំប្រឹងប៉ុណ្ណោះ ដើម្បីទទួលបានលទ្ធផលល្អ។ ខ្ញុំសង្ឃឹមថាការហ្វឹកហាត់នៅជប៉ុនបូករួមទាំងការហ្វឹកហាត់នៅស្រុកខ្មែរជាយូរមកនេះធ្វើឲ្យការប្រកួតរបស់ខ្ញុំកាន់តែប្រសើរឡើង»។
ស្រីខួច ដែលមានបទពិសោធន៍នៅសង្វៀន ONE រំលឹកតទៀតបែបនេះ៖«ខ្ញុំមានអារម្មណ៍ថា កម្លាំងស៊ុហ្វ ខ្ញុំល្អជាងមុន ទោះខ្ញុំឡើងគីឡូជាង៥០ ដល់ ៦១ គីឡូក្រាមពេលនេះក្ដី។ ពេលខ្ញុំឡាំគ្នាពេលហ្វឹកហាត់ ឬ វ៉ៃឆ្លាស់គូគ្នាអី អត់ឆាប់អស់ដូចមុនទេ»។ កីឡាការិនីរូបនេះចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិដែលប្រមូលផ្ដុំដោយក្រសួងអប់រំ យុវជន និង កីឡានៅពហុកីឡដ្ឋានជាតិប្រមាណជា ៤ ខែមកហើយជាមួយគ្រូប្រដាល់ជម្រើសជាតិដូចជាលោក Rolando Castellano Rodriquez ជនជាតិគុយបា លោក វ៉ែន សុផល, លោក ជ័យ ណារ៉ា, និង លោក ឡុង សាលីន។ ពេលវេលានៃការហ្វឹកហាត់គឺ ព្រឹកចាប់ពីម៉ោង ៦ ដល់ ម៉ោង ៩ ព្រឹក, និង រសៀលពីម៉ោង ២ កន្លះ ដល់ម៉ោង ៥ ល្ងាចពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ប៉ុន្តែថ្ងៃសៅរ៍ ហ្វឹកហាត់១ព្រឹក។
បែបណាក្ដី កីឡាការិនីឡើងសង្វៀនអន្តរជាតិ ONE ចំនួន ៤លើករូបនេះបានត្អូញត្អែរកន្លងមកថា វាជាការលំបាកបន្តិចសម្រាប់កីឡាការិនីប្រដាល់សកលជម្រើសជាតិ ព្រោះបានតែហ្វឹកហាត់ និង ឡាំគ្នាជាមួយកីឡាករ ប៉ុន្តែកម្រមានគូប្រកួតឡើងរេញដើម្បីឲ្យសុំាមុនទៅប្រកួតស៊ីហ្គេមតំណាងឲ្យជាតិ។