​សង្វៀនខ្មែរ​ឯកភ្នំ​ ​កាន់​តែ​ជក់ចិត្ត​​ ​និង ​ល្អ​មើល​ជាង​មុន​ បន្ទាប់​ពីប្តួរវ៉ៃ​៣​ទឹកដូច​ ONE

«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ ​« Ek Phnom Kun Khmer Arena»​ ​​ ​​​ទាញ​បាន​​ចំណាប់​អារម្មណ៍​ពី​ទស្សនិកជន​ ឬ​ អ្នក​គាំទ្រ​ បន្ទាប់​ពី​​​​ផ្លាស់​ប្ដូរ​ក្បួន​​ច្បាប់​ ​​ឬ គោល​ការណ៍​មួយ​ចំនួន​​ឲ្យ​​ដូច​ទៅ​​សង្វៀន​​​លំដាប់​ពិភព​លោក​​ ONE Championship ​ពី​ការ​ប្រកួត​​ ៥ ទឹក​មក​ប្រកួត​ត្រឹម​ ៣​ទឹក​​​​ដែល​បាន​ចាប់​ផ្ដើម​អនុវត្តន៍​​កាល​​​ថ្ងៃ​ទី​ ៣០ ​ខែ មិថុនា​ ​កន្លង​​ទៅ។​ ​លោក​​ Matias Andrés អ្នក​គ្រប់គ្រង​​ទូទៅ​​នៅ​សង្វៀន​​​ខាង​លើ​បាន​​ថ្លែង​​សារ​យ៉ាង​រីករាយ​​ចំពោះ​កិច្ច​ការ​​ដែល​សម្រេច​បាន​​​នា​ពេល​នេះ។ ​​ ​

ជា​មួយ​គ្នា​នោះ ​​កីឡាករ​ ណាម ​ម៉ូរ៉ាក់ ​ដែល​​បង្ហាញ​វត្តមាន​​​ក្នុង​ការ​ប្រកួត​​ផ្លាស់​ប្ដូរ​លើក​ដំបូង​បាន​ថ្លែង​ថា ៖«​ការ​វ៉ៃ ​៣ ទឹក​គឺ​ម្យ៉ាង​ មិន​ពិបាក​ពេក ​និង​មិន​ស្រួល​​ពេក​ តែ​ យើង​មិន​បាច់​សន្សំ​កម្លាំង​ទេ​ ហើយ​​ប្រើ​ពេល​ខ្លី​ក្នុង​ការ​ស្ទាបស្ទង់។​ គេ​ត្រូវ​​ការ​កីឡាករ​ចូល​វ៉ៃ​​ និង បុក​យក​តែ​ម្ដង​។ បើ​យើង​មិន​​ដើរ​ចូល​វ៉ៃ​គឺ​ច្បាស់​ជា​ចាញ់​​ ហើយ​ល្អ​មើល»។ ​អ្នក​លេង​​គុន​ខ្មែរ​មក​​ពី​ក្លិប​​ពន្លឺ​សាមគ្គី​ខេត្ត​បាត់​ដំបង​វ័យ​ ២៦ ឆ្នាំ​ ​សង្កត់​ធ្ងន់​​​ទៀត​ថា​ ៖«​ល្អ​ដែរ​គោល​ការ​វ៉ៃ​​ ៣ ទឹក​គឺ​គេ​​មិន​​​ឲ្យ​អោប​យូរ​ទេ។ ​ហើយ​បើ​វ៉ៃ​ធ្វើ​អែល​ៗ​លំៗ ​​រវល់​ដើរ​ថយ​ អត់​វ៉ៃ​ គឺ​ ដឹង​តែ​ចាញ់​តែ​ម៉ង។​ ​គេ​ចង់​បាន​ការ​វ៉ៃ​ល្អ​មើល​ ៣​ទឹក»។ ​​ណាម​ ម៉ូរ៉ាក់ ​បាន​យក​ឈ្នះ​ពិន្ទុ​ ​​កីឡាករ​ ឆាយ​ ​​មាស ​ក្នុង​កម្មវិធី​ប្ដូរ​មក​វ៉ៃ​៣​ទឹក​លើក​ដំបូង​ខាង​លើ។

​លោក​​ Matias Andrés ​បាន​បង្ហាញ​​ភាព​រីករាយ​ ដែល​បាន​រៀប​ចំ​ និង ផ្លាស់​ប្ដូរ​គោលការណ៍​ប្រកួត​បាន​ជោគជ័យ​​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​សំណាក់​​ភាគី​ពាក់ព័ន្ធ​ ​រួម​ទាំង​សហព័ន្ធ​កីឡា​​ប្រដាល់​​គុន​ខ្មែរ និង​ ការ​​​​​យក​ចិត្ត​ទុក​ដាក់​​គាំទ្រ​ពី​​​​លោក​ឧកញ៉ា​ ហេង តុលា។​ ​លោក​​គូស​បញ្ជាក់​ថា ៖«​​ខ្ញុំ​សប្បាយ​ក្រៃ​​លែង​ដែល​កីឡាករ​ទាំង​អស់​ធ្វើ​បាន​​ល្អ​​​ក្នុង​ថ្ងៃ​រៀប​ចំ​ដំបូង​ ហើយ​កីឡាករ​មួយ​ចំនួន​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​​ព្រោះ​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​ និង​ មាន​​រង្វាន់​មួយ​ចំនួន​ដល់​​អ្នក​ឈ្នះ​​ផង​ដែរ»។

​យ៉ាង​ណា​ក្ដី​​នេះ​ជា​ការ​ចាប់​ផ្ដើម​ដំបូង​ ​​​ខណៈ​កីឡាករ​មួយ​​ចំនួន​​​នៅ​​មិន​ទាន់​​សុំា​នឹង​ការ​វ៉ៃ​៥​ ទឹក ​ហើយ​ពួក​​ចាប់​ផ្ដើម​ដំបូង​យឺត​ និង​ ​បញ្ចប់​ទៅ​យឺត​ ប៉ុន្តែ​​​គោលការណ៍​​របស់​សង្វៀន​ចង់​ឲ្យ​វ៉ៃ​​ល្អ​មើល​និង​​​រំភើប​ដល់​អ្នក​គាំទ្រ។​ លោក​​អង្កេត​មើល​ទៀត​ថា​ ​​​ការ​ដាក់​ពិន្ទុ​​ពី​សំណាក់​ចៅ​ក្រម ​ឬ ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​មិន​មាន​បញ្ហា​ចោទ​ទេ​​​ពោល​ដំណើរ​ការ​ដោយ​រលូន​ព្រោះ​​​លោក​យល់​​ច្បាស់ ​និង​ មាន​ឆន្ទៈ​ដើម្បី​សម្រប​ខ្លួន​ទៅ​​រក​កម្រិត​ឆាក​អន្តរជាតិ។​ បុរស​សញ្ជាតិ​ឈីលី​​​បន្ថែម​ថា​នេះ​ជា​​ការ​ផ្លាស់​ប្ដូរ​តិចតួច​​​ហើយ​ចៅ​ក្រម​សុទ្ធ​តែ​អ្នក​ជំនាញ​ និង​ ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ។​ ​ទីបំផុត​​គ្រប់​ចៅ​ក្រម​ និង គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​​​​ទាំង​អស់​ធ្វើ​បាន​ល្អ​​ណាស់។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT