គ្រូ​បែលហ្សិក​ថា Lukaku ​ដល់​ពេល​ត្រូវ​ចេញ​ពី Man Utd ​ហើយ​

លោក Roberto Martinez ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Lukaku ​ដល់​ពេល​ត្រូវ​ដើរ​ចេញ​ពី​ក្រុម Manchester United ​ហើយ​។

Lukaku ​លេង​ល្អ​ណាស់​នៅ​ជម្រើស​ជាតិ​បែលហ្សិក ដោយ​រក​គ្រាប់​បាល់​សឹង​គ្រប់​ប្រកួត។ តែ​បើ​មើល​ទៅ​ក្លឹប​អាជីព Man Utd ​វិញ ​រូបគេ​លេង​មិន​បាន​ល្អ​ឡើយ ​និង​ពិបាក​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ខ្លាំង​ណាស់។ កត្តា​នេះ​ដែរ បាន​ធ្វើ​ឱ្យ​លោក Martinez ​ដែល​ចូល​ដឹក​នាំ​ក្រុម​បែលហ្សិក​នៅ​ឆ្នាំ​២០១៦ ​និយាយ​ថា​នេះ​ដល់​ពេល​ដែល Lukaku ​ត្រូវ​ចាកចេញ​ហើយ។

បុរស​វ័យ​៤៥​ឆ្នាំ​បាន​និយាយ​ថា​៖ “វា​បាន​បង្ហាញ​ថា​ដល់​ពេល​ដែល Rom ​ត្រូវ​ចាកចេញ​ពី Man Utd ​ហើយ។ វា​នឹង​ល្អ​សម្រាប់​ភាគី​ទាំង​សង​ខាង ទាំង​ក្លឹប​និង​កីឡាករ។ ​បច្ចុប្បន្ន​នេះ គឺ​អាស្រ័យ​ទៅ​លើ​រូបគេ​ប៉ុណ្ណោះ​ថា​នឹង​ត្រូវ​ជ្រើស​យក​ក្លឹប​ណា​លេង​បន្ដ”។ ក្រុម Inter Milan ​ជា​បេក្ខភាព​មួយ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ​ចង់​បាន Lukaku ​នេះ​ទៅ​លេង​ជាមួយ៕ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT