បើក​ឆាក Copa ​America ​ក្រុម​ប្រេស៊ីល ​ឈ្នះ​បូលីវី ​៣-០ ​

ការ​ប្រកួត​ពាន​រង្វាន់ Copa America ​បាន​បើក​ឆាក​ប្រកួត​ហើយ ​ដោយ​ក្នុង​នោះ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល ​បាន​យក​ឈ្នះ​លើ​ក្រុម​បូលីវី ​៣-០ ​យក​បាន​៣​ពិន្ទុ​តែ​ម្ដង។

ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ផ្ទះ ​ប្រេស៊ីល ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​ព្យាយាម​វាយ​សម្រុក​តាំង​ពី​តង់​ទី​១​មក ប៉ុន្តែ​រយៈ​ពេល​៤៥​នាទី​ពេញ​មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ។ ឈាន​ចូល​ដល់​តង់​ទី២ ​បាន​បន្តិច ខ្សែ​បម្រើ​ប្រយុទ្ធ Coutinho ​ក៏​រក​បាន​១​គ្រាប់ ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​១១​ម៉ែត្រ។ ក្រោយ​ពី​នោះ​បាន​តែ​៣​នាទី ​កីឡាករ​ដដែល​នេះ​ក៏​ថែម​បាន​គ្រាប់​ទី​២​ឱ្យ​ក្រុម​ប្រេស៊ីល ​មុន​ពេល​កីឡាករ Everton ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៨៣។ ចប់​ការ​ប្រកួត ប្រេស៊ីល ឈ្នះ ៣-០។

នេះ​ជា​ការ​ចាប់​ផ្ដើម​បាន​យ៉ាង​ល្អ​របស់​ប្រេស៊ីល ​បើ​ទោះ​ជា​ពួកគេ​មិន​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Neymar ​ក៏​ដោយ។ Neymar ​មិន​អាច​ជួយ​ប្រេស៊ីល​លេង​ពាន​នេះ​បាន​ទេ ដោយសារ​តែ​រូបគេ​មាន​របួស​អំឡុង​ពេល​លេង​មិត្តភាព​ទល់​ក្រុម​កាតា​កន្លង​ទៅ៕ប្រភព៖ Foxsports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT