នៅ ស្រីពៅ ទម្លាយក្តីស្រម៉ៃក្លាយជាចៅក្រមប្រដាល់ក្រោយចូលនិវត្តន៍

​​កីឡាការិនី​គុន​ខ្មែរ​ នៅ​ ស្រីពៅ​ ដែល​​កំពុង​ទទួល​បាន​ប្រជា​ប្រិយភាព​​នៅ​ក្នុង​ស្រុក​ និង ឆាក​អន្តរជាតិ​តាម​​រយៈ​ការ​ទៅ​ប្រកួត​សង្វៀន​ ONE Championship ​នា​ពេល​ថ្មីៗ​នេះ​​​បាន​ដាក់​គោល​ដៅ​រួច​ហើយ​ទៅ​ថ្ងៃ​​អនាគត​ បើ​សិន​ជា​ឡើង​ប្រកួត​លែង​កើត។​ ​ស្រីពៅ ​ដែល​ឡើង​ប្រកួត​នៅ​សង្វៀន​ ONE ចំនួន​ពីរ​លើក​​ បាន​បង្ហើប​បំណង​ថា ​​ខ្លួន​ចង់​ក្លាយ​ជា​ ​គ្រូ​បង្វឹក​ ចៅ​ក្រម​ ឬ​ ​បើ​មាន​លទ្ធភាព​​អាច​ចង់​បើក​​ក្លិប​ប្រដាល់​មួយ​នៅ​ក្នុង​ភូមិ​​​ម្ដុំ​ចំការ​ដូង​ដែល​រស់​​នៅ​បច្ចុប្បន្ន​ទៀត​ផង។

​នៅ​ ស្រី​ពៅ​ ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​បាន​​​​​ ​គូស​បញ្ជាក់​ថា​ ៖«គោល​បំណង​ខ្ញុំ​ចង់​ធ្វើ​​ទៅ​ថ្ងៃ​មុខ​​បង​​ គឺ ​ចៅ​ក្រម​ អាជ្ញា​កណ្ដាល ​និង គ្រូ​បង្វឹក​​ផង​ ហើយ​ខ្ញុំ​ត្រូវ​រៀន​ពី​​ឥឡូវ​ទៅ។ នេះ​ជា​ឱកាស​ល្អ​ព្រោះ​​ការងារ​នេះ​​ នារីៗ​មិន​សូវ​សម្បូរ​ទេ។​ ​បង​សួរ​ដូច​​ពិបាក​ឆ្លើយ​រឿង​មាន​ប្ដី..ហឹម​ បើ​​សិន​ខ្ញុំ​​មាន​ប្ដី​ ​ហើយ​ខ្ញុំ​នៅ​ប្រកួត​បាន​គឺ ខ្ញុំ​នៅ​តែ​ប្រកួត។ ​បើ​ប្ដី​ខ្ញុំ​ ឲ្យ​ប្រកួត​ខ្ញុំ​នៅ​ប្រកួត​ ព្រោះ​នៅ​ស្រុក​គេ​ ដូច​ Priscilla គាត់​មាន​កូន​មាន​ប្ដី​ គាត់​នៅ​ប្រកួត​ជា​មួយ​ខ្ញុំ​​បាន»។

​កីឡា​​ការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World Lethwei Championship ​បាន​បន្ត​ថា​ ​ពេល​ឃើញ​​ប្រពន្ធ​លោក​គ្រូ​​អេ ភូថង​ អ្នក​ស្រី សឹង​ សុម៉ាលី ឬ​ ​ប្រពន្ធ​​គ្រូ​​ នួន​ ភារម្យ ​​ធ្វើ​ជា​​ចៅ​ក្រម​ និង​ អាជ្ញា​កណ្ដាល​ ​ក៏​​ជា​ចំណែក​មួយ​ដែល​ធ្វើ​​ឲ្យ​រូប​គេ​កាន់​​តែ​មាន​ចំណង់​ចំណូល​ចិត្ត​ដែរ​ ​​ខណៈ​ ​ខ្លួន​​ស្រលាញ់​ក្បាច់​គុន​ខ្មែរ​តាំង​ពី​ដើម​មក​​ផង​នោះ។
កីឡាការិនី​​វ័យ​ ២៤​ ឆ្នាំ​ ​សង្កត់​ធ្ងន់​​​ដូច្នេះ​ ៖«​​បើ​សិន​ខ្ញុំ​មាន​លុយ ឬ មាន​លទ្ធផល​ ខ្ញុំ​​ប្រហែល​អាច​បើក​ក្លិប​ប្រដាល់​មួយ​ទៀត​ជា​មួយ​បង​ប្រុស​ខ្ញុំ​ នៅ ស៊ីថា ​ទៅ​ថ្ងៃ​អនាគត​​​ប្រចាំ​ភូមិ​ខ្ញុំ​​នៅ​ម្ដុំ​ចំការ​ដូង​តែ​​ម្ដង​ ព្រោះ​បង​ខ្ញុំ​គាត់​យល់​​អំពី​ការងារ​​នេះ​ដែរ។​ នេះ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ស្រលាញ់​គុន​ខ្មែរ​ និង ​ជួយ​​​បំផុស​គុន​ខ្មែរ»។ ​​​

បន្ទាប់​ពី​ទទួល​ការ​បង្ហាត់​ដោយ​​​​គ្រូ​បង្វឹក​ ញ៉ូវ ម៉ាក ​និង​ លោក ​ម៉ាក សាខន ​​នៅ​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ​ ​នា​ដើម​​ឆ្នាំ​ ២០១៤​ ​​​ស្រីពៅ​ ​ចាប់​​ផ្ដើម​មាន​ទីផ្សារ​ ​ជា​ហូរហែ​ ​​រហូត​ដល់​ពិបាក​រក​គូ​ប្រកួត​នៅ​ក្នុង​ស្រុក។ ​ ​បន្ទាប់​មក​​គេ​បាន​​ឈាន​ជើង​ចូល​សង្វៀន​អន្តរជាតិ​​​ចំនួន ៤ ​លើក​ គិត​ត្រឹម​​ពេល​នេះ។​ ពីរ​លើក​ដំបូង​ ស្រី​ពៅ​​ ឈ្នះ​ ​កីឡាការិនី​ម្ចាស់​មីយ៉ាន់ម៉ា​ Shwe Sin Min នៅ​ឆ្នាំ​ ២០១៨ ​ ​និង​​ទទួល​ពាន​​ជា​កីឡាការិនី​ឆ្នើម​​បំផុត​ប្រចាំ​សង្វៀន​ World Lethwei Championship របស់​មីយ៉ាន់ម៉ា។

​បន្ទាប់​មក​​​​នា​ខែ ​កុម្ភៈ​ឆ្នាំ​ ២០១៩​ ស្រីពៅ ​​បាន​បង្កើត​​កំណត់​ត្រា​គួរ​ចង​​ឲ្យ​ចាំ​ដោយ​យក​ឈ្នះ​កីឡាការិនី​មាន​បទ​ពិសោធន៍​​ច្រើន​​​ថៃ​ Rika Ishige ​​ដោយ​ពិន្ទុ​នៅ​សង្វៀន​ ONE ​នា​ប្រទេស​ថៃ​ មុន​ចាញ់​​ពិន្ទុ​​​ទាំង​ល្អ​មើល​ទល់​នឹង​កីឡាករ​​ការិនី​ម្ចាស់​ផ្ទះ​ ​ឥណ្ឌូណេស៊ី​ Priscilla​ កាល​​ដើម​ខែ​​ ឧសភា

​បច្ចុប្បន្ន​ នៅ​​ ស្រីពៅ ​ ​​កំពុង​ហាត់​​ប្រដាល់​សកល​ជា​មួយ​គ្រូ​បង្វឹក​ វ៉ែន ​​សុផល, ជ័យ ណារ៉ា ​ និង គ្រូ​បង្វឹក​​សញ្ជាតិ​គុយបា​ Rolando castellano rodriquez ​ ​ដើម្បី​ត្រៀម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចុង​ឆ្នាំ​ ២០១៩​ នេះ​នៅ​ប្រទេស​ហ្វីលីពីន។​ ព្រឹត្តិការណ៍​ស៊ីហ្គេម​​នៅ​ហ្វីលីពីន​ ​នឹង​ចាប់​ផ្ដើម​​បើក​ពី​ថ្ងៃ​ទី​ ៣០ ខែ វិច្ឆិកា​ ដល់​​​​ថ្ងៃ​បិទ​បញ្ចប់​ទី ១០ ​ខែ ធ្នូ​ ឆ្នាំ ២០១៩។ ​ដ្បិត​ហ្វឹកហាត់​ខ្លាំងក្លា​ ​ ​នៅ​ ស្រីពៅ ​មិន​ខុស​ពី វី ស្រីខួច​ ប៉ុន្មាន​ទេ​​ ដោយ​សារ​មិន​​​សូវ​មាន​សង្វៀន​ប្រដាល់​សកល​ឡើង​ប្រកួត​​ញឹកញាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT