សេដ្ឋី​អារ៉ាប់ ​ត្រៀម​ទិញ​យក​ក្លឹប Newcastle United ​ហើយ​

ព្រះ​អង្គ​ម្ចាស់​ Sheikh Khaled bin Zayed Al Nahyan ​អ្នក​មាន​ទ្រព្យ​មហាសាល​ម្នាក់ កំពុង​ចរចា​ទិញ​យក​ក្លឹប Newcastle United ​ពី​លោក Mike Ashley ​ហើយ​។

ព្រះ​អង្គ​ម្ចាស់​ Sheikh Khaled ​គឺ​ជា​សាច់ញាតិ​​របស់​លោក Sheikh Mansour​ ម្ចាស់​ក្លឹប Manchester City។ ​សេដ្ឋី​នៅ​អារ៉ាប់​ខាង​លើ​នេះ ​ចង់​បាន​ក្លឹប Newcastle United ​ក្រោយ​ពី​ម្ចាស់​បច្ចុប្បន្ន​លោក Mike Ashley ​ចង់​លក់​ចេញ​តាំង​ពី​ឆ្នាំ​មុន​ម្ល៉េះ។ តម្លៃ​របស់​ក្រុម​មួយ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ប្រមាណ​ជា​៣៥០​លាន​ផោន​ប៉ុណ្ណោះ។

ក្រុម​ការងារ​របស់​ព្រះ​អង្គ​ម្ចាស់​ Sheikh Khaled ​បាន​បញ្ជាក់​ថា​ការ​ចរចា​គ្នា​ត្រូវ​អស់​ហើយ ​នៅ​ឡើយ​តែ​រឿង​តិច​តួច​ទៀត​ប៉ុណ្ណោះ ​នឹង​អាច​ប្រកាស​ជា​ផ្លូវការ​បាន​ហើយ។ ​រំលឹក​ថា​ព្រះ​អង្គ​ម្ចាស់​ Sheikh Khaled ​នេះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​ធ្លាប់​ចង់​បាន​ក្លឹប Liverpool ​ម្ដង​មក​ហើយ ​ដោយ​គ្រា​នោះ​ដាក់​តម្លៃ​ដល់​២​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ត្រូវ​ម្ចាស់​ក្លឹប​បច្ចុប្បន្ន​ច្រាន​ចោល​វិញ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT